Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

បានផុស

នៅ

លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវតែចេះប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ដើម្បី​លើក​កម្ពស់​គុណភាព​ការ​រៀន​និង​ការ​បង្រៀន​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការអគារសិក្សាថ្មី​នៃ​សាលា​ចំណេះ​ទូទៅ​អន្តរជាតិ​និង​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋានសាងសង់​អគារ​សិក្សាថ្មី​នៃ​សាលា​អន្តរជាតិ​បាត់ដំបង ខេត្ត​បាត់ដំបង​នៅ​ថ្ងៃ​ទី១០​កក្កដា​នេះ លោក​បណ្ឌិតសភាចារ្យ បានលើកឡើងថា បច្ចេកវិទ្យា AI នេះ​នឹង​ជួយ​ឱ្យ​ការ​សិក្សា​រៀន​សូត្រ​របស់​សិស្សានុសិស្ស​កាន់​តែ​មាន​ភាព​ងាយស្រួល​ដោយ​អាច​រៀន​ពី​ចម្ងាយ​បាន ឬ​អាច​ស្វ័យ​សិក្សា​ដោយ​ខ្លួន​ឯង​បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ប៉ុន្តែក្រសួងអប់រំនៅតែលើកទឹកចិត្តឱ្យប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយការទទួលខុសត្រូវខ្ពស់ ទោះបីជាវាមានអត្ថប្រយោជន៍ច្រើនក៏ដោយ។ ព្រោះថា ការអប់រំក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)នេះទាមទារឱ្យការអប់រំមានការប្រែប្រួល និងសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗ។

យ៉ាងណាក៏ដោយ លោក បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​ក្រើន​រំលឹក​ឱ្យ​សាលារៀនត្រូវគិតគូរពីការដាក់បញ្ចូលភាសាខ្មែរនិងខ្លឹមសារបេតិកភណ្ឌជាតិទៅក្នុងកម្មវិធីសិក្សារបស់ខ្លួនផងដែរ។

លោក បណ្ឌិតសភាចារ្យ ឧប​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «ខេត្តបាត់ដំបង គឺជាខេត្តមួយដែលសម្បូរទៅដោយ​បេតិកភណ្ឌ វប្បធម៌​ដ៏​ល្អផូរផង់ ដូចនេះសូមលើកទឹកចិត្តឱ្យសាលាទាំងអស់​មាន​ការ​យកចិត្តទុកដាក់បញ្ចូលនូវខ្លឹមសារពី បេតិកភណ្ឌជាតិទៅក្នុងកម្មវិធីសិក្សា ក៏ដូចជា លើក​កម្ពស់​ការ​រៀនភាសាខ្មែរ​ដែល​ជា​ភាសាជាតិ​របស់យើង ដើម្បីសិក្សាឱ្យស្គាល់ច្បាស់នូវអត្តសញ្ញាណជាតិរបស់ខ្លួនឱ្យបានច្បាស់លាស់ ដោយនេះគឺជាកិច្ចការសំខាន់មួយដើម្បីរក្សាបាននូវឫសគល់វប្បធម៌ដ៏ថ្លៃថ្លារបស់យើង។ ក្រសួងក៏បានពង្រីកផ្នែកអប់រំកូមារតូច និងលើកទឹកចិត្តឱ្យសិស្សចូលរៀនមត្តេយ្យសិក្សាកាន់តែច្រើន ដែលជាដំណាក់កាលមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អនាគតការសិក្សារបស់កុមារ»។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជឿជាក់​យ៉ាង​មុតមាំ​ថា ជាមួយ​នឹង​ការ​គាំទ្រ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និងការខិតខំប្រឹងប្រែងពីលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស សាលាទាំងពីរនេះ​នឹង​បន្ត​រួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ដើម្បី​ចូលរួម​កសាង​សង្គម​ជាតិ​ឱ្យ​កាន់​តែ​រីក​ចម្រើន ជា​ពិសេស​ចូល​រួម​ចំណែក​ដើម្បី​សម្រេច​បាន​ចក្ខុវិស័យអភិវឌ្ឍន៍ជាតិឆ្នាំ២០៣០ និង២០៥០៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម