Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​អំពាវនាវឱ្យប្រុងប្រយ័ត្ន​ចំពោះ​ព័ត៌មានដែលបង្កឱ្យស្ថានភាពកាន់តែអាក្រក់

បានផុស

នៅ

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ប៉ែន បូណា បាន​អំពាវនាវ​ពលរដ្ឋ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ព័ត៌មាន​ក្លែង​ក្លាយ គ្មានប្រភព​ច្បាស់​លាស់ ដែល​បាន​ធ្វើ​ចលនាសតិអារម្មណ៍​របស់​ពលរដ្ឋ​ ធ្វើឱ្យ​ស្ថានការណ៍​កាន់​តែ​ច្របូលច្របល់។ លោក​ស្នើ​ឱ្យ​ពលរដ្ឋ​យក​ព័ត៌មានពី​ប្រភព​ដែល​ទុក​ចិត្ត​ចេញពី​ប្រភពផ្លូវការពីក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលរបស់ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងសន្នីសិទសារព័ត៌មាន​ប្រចាំ​ថ្ងៃនៅព្រឹក​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ២០២៥​នេះ លោក ប៉ែន បូណា បាន​ស្នើ​សុំ​ឱ្យ​ពលរដ្ឋ​តាមដាន​ព័ត៌មាន​ចេញពី​ក្រុម​អ្នកនាំពាក្យ​ និង​បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ក្រសួងការពារជាតិ ក្រសួងការបរទេស​ ក្រសួងព័ត៌មាន អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល និង​គណៈកម្មការ​សម្របសម្រួល​ព័ត៌មាន​និង​សាធារណមតិ​របស់​រដ្ឋាភិបាល​ជាដើម។

ការ​អំពាវនាវ​នេះ​គឺ​បន្ទាប់ពីមាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដែល​មាន​ឥទ្ធិពល​មួយ​ចំនួន​កាលពី​យប់​ថ្ងៃទី​៣ ខែ​សីហា បាន​បង្ហោះ​ព័ត៌មាន​ពី​ការ​ផ្ទុះ​អាវុធតាម​ព្រំដែន​កម្ពុជា​-ថៃជាថ្មី ដែល​បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពីពលរដ្ឋ​ជា​ខ្លាំង រហូត​ដល់អ្នក​នាំពាក្យ​ក្រសួងការពារជាតិបាន​ចេញ​សេចក្ដី​ប្រកាសព័ត៌មាន​មួយ​ទាំង​យប់​ច្រានចោលព័ត៌មាន​នេះ ដោយ​ថា​សភាពការណ៍​នៅជួរ​មុខ​មាន​ភាព​ស្ងប់ស្ថាត់ ប៉ុន្ដែ​កង​កម្លាំង​កម្ពុជា​ស្ថិត​ក្នុងការ​ប្រុងប្រយ័ត្ន​ខ្ពស់​។

គួរឱ្យដឹង​ផងដែរថា កាលពី​ល្ងាច​ថ្ងៃទី៣ ខែ​សីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ​កម្ពុជា​បានព្រមានពី​លទ្ធភាព​វាយ​លុក​ពីប្រទេស​ថៃ​ជា​ថ្មី​លើ​កម្ពុជាបន្ទាប់ពី​អាជ្ញាធរ​ប្រទេស​នេះបាន​ណែ​នាំឱ្យ​ពលរដ្ឋ​ខ្លួន​ដែល​នៅ​តំបន់​ជាប់ព្រំដែនក្នុងខេត្ត​សុរិន្ទចេញ​ឱ្យ​អស់ត្រឹម​យប់​ថ្ងៃទី​៣ ខែ​សីហា។

ក្រសួងការពារជាតិ​បញ្ជាក់ថា៖ «តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី»។

ក្រោយ​មាន​ព័ត៌មាន​នេះ​អ្នកនាំពាក្យ​កងទ័ព​ជើង​គោក​ថៃ​បាន​បដិសេធ​ និង​ថា​ថៃ​មិន​មាន​បំណងក្នុង​ការ​វាយ​ប្រហារ​កម្ពុជា​ជា​ថ្មី​នោះទេ។

កម្ពុជា និង​ថៃ​បាន​សម្រេច​បាន​បទ​ឈប់​បាញ់​មួយ​កាលពី​យប់​ថ្ងៃទី​២៨ ខែ​កក្កដា បន្ទាប់ពី​មានការ​ជួប​ចរចាគ្នា​រវាង​នាយករដ្ឋមន្ត្រីកម្ពុជា និង​នាយករដ្ឋមន្ត្រីស្ដីទី​ថៃ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​មាន​អាមេរិក និង​ចិន​ជា​សាក្សី។ ក្រោយ​សម្រេច​បាន​បទ​ឈប់បាញ់​នេះ​អ្នក​អង្កេត​ការ​អនុព័ន្ធ​យោធា​អាស៊ាន​អន្តរកាល​មួយ​ក៏​ត្រូវ​បាន​បង្កើ​តឡើង​ដើម្បីពិនិត្យ​ការ​អនុវត្តន៍​បទ​ឈប់​បាញ់​នេះ​ផងដែរ។

ក្រុម​ការ​ងារ​នេះ​បាន​ចាប់​ផ្ដើម​ការ​ងារ​របស់​ខ្លួន​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​៣ ខែ​សីហា ដឹក​នាំ​ដោយអនុព័ន្ទយោធាម៉ាឡេស៊ីលោក​វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM បានចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ នៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់ បេសកកម្មនេះមានរយៈពេល២សប្តាហ៍៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម