Connect with us

ព័ត៌មានជាតិ

អ្នក​នាំពាក្យការបរទេស​អំពាវនាវ​ទៅ​ថៃឱ្យមាន​វិជ្ជាជីវៈក្នុងការ​ធ្វើ​ទំនាក់ទំនងសាធារណៈ

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក ជុំ សុន្ទរី បាន​អំពាវនាវ​ដល់​អាជ្ញាធរថៃឱ្យ​អត់​ធ្មត់ និង​មាន​វិជ្ជាជីវៈ​ក្នុង​កិច្ច​ការ​ទំនាក់ទំនង​សាធារណរបស់​ខ្លួន ចៀសវាង​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ដែល​គ្មាន​មូលដ្ឋាន​សំអាង និង​គំរាម​កំហែងដល់​សន្ដិភាពដែល​មាន​ភាព​ផុយ​ស្រួយ​បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សន្នីសិទសារព័ត៌មានល្ងាច​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ២០២៥ លោក ជុំ សុន្ទរី បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់របស់​យោធា​ថៃដែល​ថាកម្ពុជា​កំពុង​ធ្វើ​សង្គ្រាមព័ត៌មាន​មិនពិតជាមួយ​ខ្លួន។ លោក​ថា​ការ​ចោទ​ប្រកាន់​នេះ​គឺ​គ្មាន​មូលដ្ឋាន និង​បង្កការរាំង​ស្ទះ​ដល់​កិច្ចខិត​ខំ​ប្រឹងប្រែងនៃ​កិច្ចសន្ទនា និង​ស្ថេរភាព​នាពេល​បច្ចុប្បន្ន​នេះ។

លោក​ថា៖ «ការ​ចោទ​ប្រកាន់​ថា​កម្ពុជា​ចូលរួម​ក្នុង​ការ​ចរចារ​ដោយ​ចេតនា​អាក្រក់​វា​មិន​ត្រឹម​តែ​មិន​សម​ហេតុ​សម​ផល​ប៉ុណ្ណោះ​ទេ​! តែ​វា​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ»។

លោក​អំពាវនាវ​ដល់​អាជ្ញាធរ​ថៃ​ឱ្យប្រកាន់​នូវ​ភាព​អត់​ធ្មត់ និង​មាន​វិជ្ជាជីវៈក្នុង​ការ​ទំនាក់ទំនង​ជា​សាធារណ​របស់​ខ្លួនដោយ​ចៀសវាង​ក្នុង​ការ​ចេញ​ផ្សាយ​នូវ​សេចក្ដី​ថ្លែង​ការ​ណ៍​ដែល​គ្មាន​មូលដ្ឋាន​សំអាង និង​គំរាម​កំហែង​ដល់​សន្ដិភាព​ដ៏ផុយ​ស្រួល​ ហើយ​នឹង​ទំនាក់ទំនង​ទ្វេរភាគី​របស់​ប្រទេសទាំង​ពីរ​។

លោក​ ជុំ សុន្ទរី បាន​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការដោះស្រាយ​រាល់​បញ្ហា​ទាំង​អស់​តាម​មធ្យោបាយ​សន្ដិវិធីដោយ​គោរព​គ្នា​ទៅវិញទៅ​មក​ ច្បាប់​អន្តរជាតិ និង​គោលការណ៍​នានា​របស់​អាស៊ាន។

កម្ពុជា​និង​ថៃ​ទើប​តែ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀងកិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពី​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ២០២៥ ដោយ​បាន​សម្រេច​នូវ​ការសន្យា​១៣ចំណុច​ក្នុង​នោះក៏​មាន​ការ​ចៀសវាង​នូវ​ការ​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ​ដែល​ធ្វើ​ឱ្យ​ស្ថានភាព​តាន​តឹង​ឡើងវិញ​ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម