Connect with us

ព័ត៌មានជាតិ

អ្នក​តាមដានយល់ថាថៃ​កំពុងយក​ទាហាន​ខ្មែរ​ធ្វើជា​ចំណាប់​ខ្មាំង

បានផុស

នៅ

អ្នក​តាម​ដាន​យល់​ថាពេល​នេះ​ថៃ​កំពុង​យក​ទាហាន​ខ្មែរ​ទាំង១៨នាក់ធ្វើ​ជា​ចំណាប់​ខ្មាំង​ក្នុងការដាក់​លក្ខខន្ត​មក​កម្ពុជា ហើយ​វិធាន​ការ​ដែល​រដ្ឋាភិបាល​គួរ​ធ្វើ​ពេល​នេះ​គឺ​មាន​តែ​ដាក់សម្ពាធ​ពី​អន្តរជាតិ​ទៅ​លើ​ប្រទេស​ថៃតែ​ម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើ​ក​ឡើង​នេះ​គឺ​បន្ទាប់ពី​អ្នក​នាំ​ពាក្យ​យោធា​ថៃ​លោក Winthai Suvaree បាន​បញ្ជាក់​ថាថៃ​នឹង​មិន​ដោះលែង​ទាហាន​ខ្មែរ​ទាំង​១៨​នាក់​នោះទេ ដរាបណា​កម្ពុជា​មិន​ឈប់​ដាក់​មីន ដែល​ជា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​ការ​ស៊ើបអង្កេត និង​​គ្មាន​ការ​ពិត។

ប្រធាន​វិទ្យាសា្ថនទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​លោកបណ្ឌិត គិន ភា យល់​ថាសកម្មភាព​របស់​ថៃ​តាំង​ពី​ថ្ងៃចាប់​ទាហាន​ខ្មែរ និង​ការ​បន្ត​ឃុំ​ខ្លួន​ពួកគេ​នេះបាន​បង្ហាញ​យ៉ាង​ច្បាស់ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​ថៃ។

លោកថា៖ «អ្វីដែល​អ្នកនាំពាក្យ​កង​ទ័ព​ថៃ​លើក​នេះ​គឺ​ជា​រឿង​ដែល​អត់​អៀន​ខ្មាស់ ដែល​ដំបូង​ឡើយ​គាត់និយាយ​ថា​បងប្អូនយើង​ជា​ឈ្លើយសឹក តែ​ឥឡូវ​នេះ​ក្លាយ​ជា​ចំណាប់​ខ្មាំង​ហើយ​។ បើគិត​មែន​ទែន​ទៅ​គឺ​ដូច​ចោរអ៊ីចឹង​ដែល​ចាប់​ជម្រិត​មនុស្ស​ដើម្បីជា​ថ្នូរ​ទៅ​នឹង​អ្វីមួយ​ដែល​គេ​ចង់​បាន​»។

លោកបណ្ឌិត គិន ភា

អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​លោក​បណ្ឌិត ជ័យ តិច យល់​ថាថៃ​អាច​នឹង​យក​ទាហាន​ខ្មែរ​មក​ដាក់​លក្ខខន្តក្នុង​កិច្ចប្រជុំ RBC ខាងមុខដើម្បី​ជា​ថ្នូរ​នឹង​ការ​ចូលមកកាន់កាប់ប្រាសាទតាក្របីឡើង​វិញបន្ទាប់​ពី​ច្បាំង​ចាញ់​ខ្មែរក្នុងសង្គ្រាម​៥​ថ្ងៃ បន្ថែមលើនេះក៏អាច​ជាការ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ឱ្យ​ដក​ពាក្យប្ដឹង​នៅ​តុលាការ​យុត្ថិធម៌អន្តរជាតិ​ ICJ ផងដែរ។

លោក​ថា៖ «ជា​អនុសាសន៍​របស់​ខ្ញុំ​មិន​ថា​កិច្ចប្រជុំ RBC កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ថ្នាក់​តំបន់​ កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ គណៈកម្មការ​ព្រំដែន​រួម​គ្រប់​កិច្ចប្រជុំ​ទាំង​អស់​ជា​មួយ​ថៃ​នេះ​គួរ​តែ​មាន​ការ​អញ្ជើញឱ្យ​មាន​ការ​ចូលរួមពី​ភាគី​ទី​៣​មានអាស៊ាន​ស្ថាន​ទូត​អនុព័ន្ធ​យោធា មាន​តំណាង​មក​ពី​ប្រទេស​ដូច​ជា​មហា​អំណាច​ចិន​អាមេរិក​ដើម្បី​ចូលរួម​ជា​សាក្សី​បើមិន​ដូច្នោះ​ទេ​គឺ​គេ​នឹង​ប្រើប្រាស់​នូវ​កលល្បិច​ក្រឡិចក្រឡុច​ដើម្បី​បោក​បញ្ឆោត​កម្ពុជា​ទៀត​ហើយ»។

លោកបណ្ឌិត ជ័យ តិច

គិត​មក​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា នេះមាន​រយៈពេល១៤ថ្ងៃ​ហើយ​បន្ទាប់ពី​ទាហាន​ថៃ​បាន​បំពាន​បទ​ឈប់​បាញ់​ចូល​មក​ទឹក​ដី​ខ្មែរ​ចាប់​ទាហាន​ខ្មែរ​ទៅ​ឃុំ​ឃាំង។ កម្ពុជា​នៅ​តែ​​បន្ត​ទទូចឱ្យ​ថៃគោរព​នូវ​កិច្ច​ព្រមព្រៀងដែល​សម្រេចក្នុង​កិច្ចប្រជុំ GBC ​កាលពី​ថ្ងៃទី​៧ ខែ​សីហា និង​ប្រគល់ទាហាន​កម្ពុជា​មក​វិញជាបន្ទាន់។

ក្នុង​សន្នីសិទសារព័ត៌មាន​ព្រឹក​ថ្ងៃទី​១២ ខែ​សីហា អ្នក​នាំពាក្យក្រសួងការពារជាតិ​លោកស្រី ម៉ាលី សុជាតា បាន​លើក​ឡើង​ថា៖ «កម្ពុជានៅតែបន្តអំពាវនាវឱ្យភាគីថៃអនុវត្តតាមកិច្ចព្រមព្រៀង និងប្រគល់មកឱ្យកម្ពុជាវិញនូវទាហានចំនួន ១៨ រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនក្រោយពេលបទឈប់បាញ់ដោយខុសច្បាប់ ដែលគិតមកដល់ពេលនេះរយៈពេល ១៤ ថ្ងៃហើយ ដើម្បីឱ្យពួកគាត់អាចត្រឡប់មកជួបជុំគ្រួសារវិញ ដោយគ្រួសារកំពុងរង់ចាំទាំងយប់ទាំងថ្ងៃ»។

គួរឱ្យ​ដឹង​ផងដែរ​ថាបន្ទាប់ពីមាន​ការ​ចាប់​ខ្លួន​ទាហាន​របស់​ខ្លួន​កម្ពុជាបាន​ដាក់​ញាត្តិជា​បន្តបន្ទាប់​ទៅ​កាន់​ស្ថាប័ន​អន្តរជាតិដូច​ជា​ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងប្រធានប្តូរវេនរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ប្រទេសម៉ាឡេស៊ី និងកាកបាទក្រហមអន្តរជាតិ ដើម្បី​អន្តរាគមន៍​ផងដែរ​។

លោកបណ្ឌិត ជ័យ តិច យល់ថា​កម្ពុជា​បាន​បំពេញរាល់​នីតិវិធី​ច្បាប់​អន្តរជាតិ​រួចរាល់​អស់​ហើយ ហើយ​សម្រាប់​ការ​ប្ដឹង​ទៅ​កាន់​តុលាការ​អន្តរជាតិ​គឺ​អាច​ជា​ជម្រើស​ចុង​ក្រោយ។

លោក​ថា៖ «កម្ពុជា​កំពុង​តែ​ប្រើយន្ត​ការ​ច្បាប់​អន្តរជាតិ​ជា​ច្រើន​ដើម្បី​ទាមទារឱ្យ​មាន​ការ​ដោះលែងនូវ​ទាហាន​ទាំង​១៨​នាក់នេះ​ ហើយ​ការ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​គឺ​ជា​ជម្រើស​ចុង​ក្រោយ​ដែល​កម្ពុជា​នឹង​អាច​ប្រើដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ទាហាន​កម្ពុជា​១៨​នាក់​ដែល​នៅ​សេសសល់​នេះ»។

សម្រាប់​លោកបណ្ឌិត គិន ភា យល់​ថាក្រៅពីវិធានការ​ដែល​មាន​សម្រាប់ កម្ពុជា​ត្រូវ​រៀបចំ​ឯកសារបកអាក្រាតសកម្មភាព​របស់​ថៃ រួមទាំង​ការ​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិអំពី​ឧក្រិដ្ឋកម្មសង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​របស់​ប្រទេស​នេះ​ផងដែរ។

លោក​ថា៖ «នៅ​ខែ​កញ្ញា​នេះ​គឺ​មហាសន្និបាត​អង្គការសហប្រជាជាតិ​គឺ​យើង​អាច​លើ​បញ្ហា​នេះ​តំណាង​រាជរដ្ឋាភិបាល​ ឬ​សម្ដេច​ធិបតី​លោក​អញ្ជើញ​ផ្ទាល់​ទៅ​ចូលរួម​មហាសន្និបាតត្រូវ​លើ​បញ្ហា​នេះនិង​សង្គ្រាម​ឈ្លាន​ពានសៀម​មក​លើ​កម្ពុជា​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ [..] កម្ពុជា​ត្រូវ​តែ​រៀបចំ​ឯកសារភស្ភុតាង​ឯក​សារ​ទាំង​អស់​ដើម្បី​ប្ដឹង​រដ្ឋាភិបាល​ថៃ​ទាហាន​ថៃ​ទៅ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ របស់​ពួកគេ​» ។

គួរឱ្យ​ដឹងថា​ទាហាន​ថៃ​បាន​ប្រើល្បិចបំពាន​បទ​ឈប់​បាញ់​នៅព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា ចូល​មក​ចាប់​ទាហាន​ខ្មែរ២១​នាក់ព្រំដែន​ជាំតែ ស្រុក​ជាំក្សាន្ត​ ខេត្តព្រះវិហារ។ ក្នុង​ចំណោម​ទាហាន​ទាំង​២១​នាក់​នាក់មាន​ម្នាក់​ត្រូវ​បាន​សម្លាប់ និង​២នាក់​ទៀត​ស្ថិត​ក្នុង​ស្ថានភាពរបួស​ផ្លូវ​កាយ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរត្រូវ​បាន​បញ្ជូន​មក​កម្ពុជា។ បច្ចុប្បន្ន​នៅ​សល់​ទាហាន​១៨​នាក់ទៀតដែល​ថៃមិន​ព្រម​ប្រគល់​មក​វិញ​នោះទេ៕

អត្ថបទដោយ​ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម