Connect with us

ព័ត៌មានជាតិ

និស្សិតកម្ពុជាប្រមាណ៨០០នាក់ បានចាកចេញពីប្រទេសថៃមកដល់កម្ពុជា ក្រោយមានការផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

ចាប់តាំងពីមានភាពតានតឹង រហូតដល់មានការផ្ទុះអាវុធនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ និស្សិតកម្ពុជាប្រមាណ៨០០នាក់ក្នុងចំណោមនិស្សិតកំពុងសិក្សានៅប្រទេសថៃជិត២ពាន់នាក់បានសម្រេចចិត្តវិល​ត្រលប់មកកម្ពុជាវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាវិលត្រលប់ពីប្រទេសថៃ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជាកាលពីរសៀលថ្ងៃទី១២ សីហា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ មាននិស្សិតកម្ពុជាប្រមាណ៨០០នាក់ បានចាកចេញពីប្រទេសថៃមក ដល់កម្ពុជា ហើយនិស្សិតមួយចំនួនទៀតក៏មានគម្រោងធ្វើដំណើរត្រលប់មកវិញផងដែរក្នុងចំណោមនិស្សិតកម្ពុជាដែលកំពុងសិក្សាក្នុងប្រទេសថៃទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានចំនួនសរុប១៨៧១នាក់ក្នុងឆ្នាំ២០២៥នេះ ចាប់តាំងពីមានភាពតានតឹង រហូតដល់មានការផ្ទុះអាវុធនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា បច្ចុប្បន្ន ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនដោយមិនបង់ថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា ខណៈក្រសួងអប់រំ បានទទួលសំណើសុំអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ពីក្មួយៗនិស្សិត សរុបចំនួន៦៥៩នាក់ ក្នុងនោះលើកទី១ចំនួន១៧៩នាក់ និងលើកទី២ចំនួន៤៨៧នាក់ (បណ្ឌិត២២នាក់ បរិញ្ញាបត្រជាន់ខ្ពស់៥៥នាក់ បរិញ្ញាបត្រ៥៧៩ បរិញ្ញាបត្ររង១១នាក់ និងផ្សេងៗ ២នាក់) គិតត្រឹមថ្ងៃទី១២ សីហា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា «ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់ក្មួយៗ ជាក់ស្តែង ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣នៃព្រឹទ្ធសភា នីតិកាលទី៥ សម្តេចតេជោ បានអំពាវនាវដល់ក្មួយៗដែលរងសម្ពាធ និងត្រូវបានគេរើសអើសក្នុងប្រទេសថៃ វិលត្រលប់មកសិក្សានៅប្រទេសកម្ពុជាវិញ ដោយសម្តេចនឹងឧបត្ថម្ភគាំទ្រដល់ការសិក្សារបស់ក្មួយៗនិស្សិត»។

លោកឧបនាយករដ្ឋមន្ត្រី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដើម្បីបន្តការសិក្សានៅក្នុងប្រទេស និងទទួលការអប់រំប្រកបដោយគុណភាព ដែលនេះគឺជាការវិនិយោគដ៏ថ្លៃថ្លាលើការកសាងធនធានមនុស្សដើម្បីអនាគតប្រទេសជាតិ។ ទន្ទឹមនេះដែរ ក្រសួងក៏សូមថ្លែងអំណរគុណដល់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនទាំងអស់ដែលបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដោយចូលរួមផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាដែលវិល​ត្រលប់មកពីប្រទេសថៃក្រោមឈ្មោះ អាហារូបករណ៍សម្តេចតេជោ និងជាពិសេសបានជួយអនុគ្រោះពិចារណាលើការផ្ទេរក្រេឌីតសិក្សាដើម្បីពន្លឿនការសិក្សារបស់និស្សិតកម្ពុជាយើង។

លោក ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ដោយសូមចងចាំថា ការអប់រំ មិនមែនត្រឹមតែសម្រាប់ទទួលសញ្ញាបត្រទេ ប៉ុន្តែសម្រាប់បង្កើតចំណេះដឹង ជំនាញពិតប្រាកដ មានគុណធម៌សីលធម៌ មានចក្ខុវិស័យ និងរៀបចំខ្លួនឯងឱ្យក្លាយជាពលរដ្ឋមានទំនួលខុសត្រូវខ្ពស់ ហើយសូមយកឱកាសនេះបង្កើតបានជាគុណប្រយោជន៍អតិបរិមា ដើម្បីប្រែក្លាយខ្លួនទៅជាទំពាំងស្នងឫស្សី ជាយុវជនឆ្នើម ជាអ្នកដឹកនាំជំនាន់ក្រោយ និងជាមូលធនមនុស្សដ៏មានសក្តានុពលសម្រាប់ជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យរឹងមាំជានិរន្តរ។

លោកឧបនាយករដ្ឋមន្ត្រីបានណែនាំដល់និស្សិតដែលមិនទាន់បានទាក់ទងគ្រឹះស្ថានសិក្សា សូមរួសរាន់ទៅសាកសួរ និងពិគ្រោះយោបល់ជាមួយគ្រឹះស្ថានដែលខ្លួនស្នើសុំព្រោះថា អាហារូបករណ៍សិក្សាក្នុងប្រទេសកម្ពុជាដែលនិស្សិតយើងទទួលបាននាពេលនេះ គឺមានតម្លៃណាស់ ដោយក្មួយៗអាចសិក្សានៅជិតគ្រួសារ នៅក្នុងបរិយាកាសប្រកបដោយសុខសុវត្ថិភាព និងគ្មានការគំរាមកំហែង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម