Connect with us

ព័ត៌មានជាតិ

មិនខុសទេពលរដ្ឋពហិការលើទំនិញថៃ តែឯកឧត្តម ហ៊ុន ម៉ានី ថា កុំឱ្យចលនានេះបង្កើតជាបញ្ហាពាណិជ្ជកម្ម

បានផុស

នៅ

ចលនាដ៏ផុលផុសក្នុងការពហិការមិនប្រើប្រាស់ផលិតផលថៃ គឺកើតចេញពីភាពឈឺចាប់របស់ពលរដ្ឋខ្មែរ ប៉ុន្តែសម្រាប់ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញការព្រួយបារម្ភចំពោះចលនាជាតិនិយមនេះដែលអាចបង្កើតជាបញ្ហាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នាំឱ្យបាត់នូវប្រយោជន៍ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងពីការយល់ច្បាស់ពីអារម្មណ៍របស់ពលរដ្ឋខ្មែរ ដែលចង់បង្ហាញស្មារតីស្នេហាជាតិ និងការគាំទ្រ តាមរយៈការធ្វើពហិការផលិតផលថៃ ព្រោះថា ខ្មែរទាំងអស់គ្នា រួមទាំងឯកឧត្តមផងពិតជាមានការឈឺចាប់សម្រាប់អ្វីដែលថៃនាំឱ្យមានសង្រ្គាមដល់ប្រទេសនិងប្រជាជនកម្ពុជា។ ប៉ុន្តែឯកឧត្តមមិនចង់ឃើញភាពឈឺចាប់នេះ ក្លាយជាបញ្ហាដែលធ្វើឱ្យបាត់បង់ប្រយោជន៍ជាតិខ្មែរឡើយ។

មិនខុសទេដែលពលរដ្ឋខ្មែរពហិការមិនប្រើប្រាស់ទំនិញថៃ តែឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឱ្យពលរដ្ឋខ្មែរបន្តរួបរួមគ្នាជាសំឡេងតែមួយ ជាជាងការចាំចាប់កំហុស ឬការចោទប្រកាន់លើគ្នាទៅវិញទៅមក ហើយជំនួសឱ្យក្ដីឈឺចាប់ ត្រូវតែបន្តពង្រឹងសមត្ថភាពខ្លួនឯង និងកាត់បន្ថយសកម្មភាពណាដែលអាចប៉ះពាល់ដល់ភាពរឹងមាំរបស់កម្ពុជា ទាំងពេលបច្ចុប្បន្ន រយៈពេលមធ្យម និងវែងឆ្ងាយទៅមុខ។

សារលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃចន្ទនេះ ឯកឧត្តម ថា«ទោះយ៉ាងណា យើងត្រូវប្រមូលស្មារតីរួមរបស់យើង ហើយកំណត់ឱ្យច្បាស់ថា អ្នកណាជាសត្រូវពិតប្រាកដ អ្នកណាដែលនាំឱ្យសន្តិភាពនៅកម្ពុជាបានបាត់បង់តាំងពីថ្ងៃ២៤ កក្កដា ២០២៥ ហើយមកដល់ពេលនេះមិនទាន់បានចប់ និងសន្តិភាពមិនទាន់បានវិលត្រឡប់មកវិញទាំងស្រុង»

«ម៉ោងនេះ ពេលនេះ យើងមិនត្រូវបង្វែរស្មារតី សំឡេង និងសកម្មភាព ទៅណាក្រៅតែពីការពារទឹកដី ការផ្តល់កម្លាំងចិត្ត និងជំនឿទុកចិត្តដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលឯកឧត្តមបន្តថា ការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលសម្រាប់ការអនុវត្តបទឈប់បាញ់ និងដោះស្រាយបញ្ហាដោយសន្តិវិធី ឈានទៅដល់ការដោះលែងទាហានទាំង១៨នាក់ដោយសុវត្ថិភាព រួមទាំងការបើកច្រកព្រំដែនដូចមុនថ្ងៃ៧ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីឱ្យពាណិជ្ជកម្មអាចវិលត្រឡប់ទៅស្ថានភាពធម្មតាវិញជាស្មារតី សំឡេង និងសកម្មភាពដ៏ចាំបាច់បំផុតដែលខ្មែរទាំងអស់គួរត្រូវផ្តោត ព្រោះសំឡេងរួមក្នុងខឿនការពារជាតិ បានផ្តល់ជាកម្លាំង ថាមពលដល់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី និងកម្លាំងថាមពលដល់វីរៈកងទ័ព។

ឯកឧត្តម ថា «សូមបន្តស្មារតីរួបរួមដ៏ខ្លាំងក្លានេះជានិរន្តរ គាំទ្ររាជរដ្ឋាភិបាល និងវីរៈកងទ័ពរបស់យើងក្នុងបេសកកម្មការពារ ទឹកដី ដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងភាពត្រឹមត្រូវរបស់កម្ពុជាយើង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម