ព័ត៌មានជាតិ
ក្រសួងការបរទេសជំរុញអាស៊ានឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍លើបទឈប់បាញ់ឱ្យបានឆាប់
រដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសលោកស្រី អ៊ាត សោភា បានអំពាវនាវទៅប្រធានអាស៊ាន ប្រទេសម៉ាឡេស៊ី និងដៃគូពាក់ព័ន្ធផ្សេងទៀតពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្ទាប់ពីសម្ដែងក្ដីកង្វល់ចំពោះការគំរាមកំហែងលើបទឈប់បាញ់ពីប្រទេសថៃ។

ថ្លែងក្នុងកិច្ចប្រជុំសង្ខេបព័ត៌មាន ជូនដល់សមាជិកអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាស្ដីពីការវិវត្តថ្មីៗនៃសភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោកស្រី អ៊ាត សោភា បានលើកឡើងពីសកម្មភាពរបស់ទ័ពថៃដែលរួមមានការចល័តទ័ព ការធ្វើផ្លូវនិងជីកលេណដ្ឋានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ការប្រើប្រាស់ដ្រូនរំលោភចូលមកក្នុងដែនអាកាសកម្ពុជា ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការរាយលួសបន្លា និងដាក់របាំងផ្សេងៗ។ លោកស្រីបានចាត់ទុកសកម្មភាពទាំងនេះបានគំរាមកំហែងជាខ្លាំងលើបទឈប់បាញ់ដែលផុយស្រួយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៧ ខែសីហា ក្រសួងការបរទេសបានចុះផ្សាយខ្លឹមសារនៃកិច្ចប្រជុំនោះថា៖ «ដោយអះអាចជាថ្មីអំពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះបទឈប់បាញ់លោកជំទាវ អ៊ាត សោភា បានអំពាវនាវដល់ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន និងដៃគូពាក់ព័ន្ធផ្សេងទៀត ឱ្យពន្លឿនការបង្កើតក្រុមអ្នកសង្កេងការណ៍អាស៊ាន (AOT) ជាពិសេសតាមរយៈការបញ្ចប់ឱ្យបានឆាប់នៃលក្ខខណ្ឌប្រតិបត្តិ (TOR)»។
លោកស្រីបានជំរុញដល់ប្រទេសថៃឱ្យគោរព និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់ និងក្លាហានមកដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ។
លោកស្រីបញ្ជាក់ថា៖ «ពុំមានព្រំដែនអន្តរជាតិណាត្រូវបាន ផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំងនោះទេ»។

កម្ពុជាថៃបានឈានចូលដល់ការអនុវត្តន៍បទឈប់បាញ់កាលពីពាក់កណ្ដាលយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីប្រយុទ្ធគ្នា៥ថ្ងៃ។ បន្ទាប់ពីនោះក៏មានកិច្ចប្រជុំនៃគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ GBC នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដើម្បីបង្កើតលក្ខខន្តធានាឱ្យបាននូវសន្ដិភាព និងស្ថេរភាពលើបញ្ហាព្រំដែននេះ ទោះជាយ៉ាងណាថៃបានបំពានជាបន្តបន្ទាប់ដោយរួមមានការរាយបន្លាលួស ការដើរចូលដីខ្មែរជាន់មីន និងព័ទ្ធយកផ្ទះពលរដ្ឋខ្មែរនៅព្រំដែនទៀតផង។
ក្នុងកិច្ចប្រជុំ RBC នៅព្រឹកថ្ងៃទី១៦ ខែសីហា ដែលធ្វើនៅខេត្តត្រាតប្រទេសថៃ មេបញ្ជាការភូមិភាគទី៣កម្ពុជាលោក ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង បានប្រាប់ទៅថៃថាសកម្មភាពរបស់ថៃដែលបានចូលមករាយបន្លាលួស និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ពិសេសលំនៅដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬមិនពិតពីប្រទេសថៃកំពុងតែបំផ្លាញទំនុកចិត្ត និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងបង្កើតបរិយាកាសរក្សាស្ថេរិភាព និងសន្ដិភាពជាមួយកម្ពុជា។
ក្នុងពេលដែលរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួមប្រជុំមេគង្គ-ឡានឆាង នៅប្រទេសចិនកាលពីថ្ងៃទី១៥ ខែសីហា ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ចិនលោក ប្រាក់ សុខុន បានលើកឡើងថាឧបសគ្គចម្បងនៃទំនាក់ទំនងជាមួយថៃឡើងវិញពេលនេះគឺទំនុកចិត្ត។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា លោកបណ្ឌិត គិន ភា បានលើកឡើងក្នុងវេទិកាអ្នកជំនាញកម្ពុជាថ្មីកាលពីថ្ងៃទី៩ ខែសីហា កន្លងទៅថា ពិបាកក្នុងការនិយាយថាពេលណាដែលកម្ពុជានិងថៃអាចទុកចិត្តគ្នាឡើងវិញណាស់ នៅពេលដែលស្ថានភាពព្រំដែនកំពុងប្រឈមមុខដាក់គ្នាដូចបច្ចុប្បន្ននេះ។
លោកបណ្ឌិត គិន ភា មើលឃើញដំណោះស្រាយមួយចំនួនដែលអាចនាំឱ្យប្រទេសទាំងពីរអាចស្ដារទំនាក់ទំនងការទុកចិត្តគ្នាឡើងវិញបាននោះគឺការគោរពបទឈប់បាញ់ បើកព្រំដែនឡើងវិញ ប្រក្រតីកម្មនៃទំនាក់ទំនងការទូត រៀបចំយន្តការដើម្បីលើកកំពស់ទំនាក់ទំនង និងអ្វីដែលសំខាន់ជាងគេនោះគឺរៀបចំការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដោយផ្អែកលើកិច្ចព្រមព្រៀងឱ្យបានរួចរាល់៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


