Connect with us

ព័ត៌មានជាតិ

លោក ត្រាំ ថា សម្ដេច ហ៊ុន ម៉ាណែត ជាមេដឹកនាំ«ឆ្នើម»ផ្ដល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់សន្តិភាព

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ ថា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមេដឹកនាំខ្លាំង និងផ្ដល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់សន្តិភាព។ លោក ត្រាំ សរសើរដូច្នេះតាមរយៈលិខិត បន្ទាប់ពីជួបសន្ទនាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត តាមទូរសព្ទ និងជួយឱ្យកម្ពុជា-ថៃ សម្រេចបានកិច្ចព្រមព្រៀងប​ទឈប់បាញ់ ក្នុងជម្លោះប្រដាប់អាវុធដែលថៃ ឈ្លានពានបើកការបាញ់ប្រហារមកលើកម្ពុជារយៈពេល៥ថ្ងៃ កាលពីចុងខែកក្កដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនចេញមកសរសើរសម្ដេច ហ៊ុន ម៉ាណែត នាពេលនេះ, ប្រធានាធិបតីអាមេរិក លោក ត្រាំ បានទូរសព្ទជាមួយសម្ដេចធិ​បតី​ ហ៊ុន ម៉ាណែត ចំនួន២លើកនៅថ្ងៃទី២៦ និង២៨ ខែកក្កដា ក្នុងពេលដែលកំពុងថៃបើកការវាយប្រហារប្រដាប់អាវុធមកលើកកម្ពុជា។ នៅក្នុងជំនួបតាមទូរសព្ទ នៅថ្ងៃទី២៦ ខែកក្កដា  លោក ត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីកម្ពុជាថា  លោកមិនចង់ឃើញការកើតមានសង្គ្រាម ឬការប្រយុទ្ធគ្នា ដែលនាំឲ្យមនុស្សជាច្រើនស្លាប់និងរបួសទាំងសងខាង ដោយគិតទាំងកងទ័ពនិងប្រជាជនស៊ីវិលឡើយ។ កាលណោះ ជាការឆ្លើយតបសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅកាន់លោក ត្រាំ វិញថា  កម្ពុជាមិនចង់បន្តការប្រយុទ្ធ ឬបន្តធ្វើសង្គ្រាមឡើយ ហើយកម្ពុជាបានឯកភាពជាមួយសំណើរឱ្យមានការឈប់បាញ់ភ្លាម និងដោយឥតលក្ខខណ្ឌជាមួយកងទ័ពថៃ។

ជំនួបតាមទូរសព្ទរវាងលោកត្រាំ និងសម្ដេចធិបតី ជាជំហានដ៏សំខាន់នាំឱ្យមានការជួប​ប្រជុំរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្ដីទីថៃ នៅលើទឹកដីម៉ាឡេស៊ី ក្រោមការសម្របសម្រួលរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ាន និងឈានទៅសម្រេចបានបទឈប់បាញ់មួយ ដែលចូលជាធរមាននៅម៉ោង០០៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយបន្តមកដល់បច្ចុប្បន្ន។

ក្នុងលិខិតចុះហត្ថលេខានៅថ្ងៃទី២០ ខែសីហា ផ្ញើមកនាយករដ្ឋមន្ត្រីកម្ពុជា លោក ត្រាំ អះអាងថា លោកមានកិត្តិយសក្រៃលែង ដែលបានសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីរួមចំណែកបញ្ចប់ជម្លោះប្រដាប់អាវុធជាមួយប្រទេសថៃ និងមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ចប់នូវសោកនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។  លោកត្រាំ ក៏គូសបញ្ជាក់ថាប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងសម្បូណ៌បែប និងបន្ថែមថា ចាប់ពីពេលនេះតទៅ កម្ពុជា និងសហរដ្ឋអាមេរិក អាចផ្តោតការយកចិត្តទុកដាក់ជាមួយគ្នាលើការកសាងវិបុលភាព សម្រាប់ ប្រជាជាតិដ៏អស្ចារ្យទាំងពីរ។

គូរគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់កម្ពុជា ចាប់តាំងពីការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន តែងតែផ្ដល់តម្លៃខ្ពស់លើអាយុជីវិតមនុស្ស និងសន្តិភាព ក៏ដូចជាប្រាថ្នាចង់បានព្រំដែនជាមួយបណ្ដាប្រទេសជិតខាង​ជាព្រំដែនដែលសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ជាការកត់សម្គាល់ ក្រោយបទឈប់បាញ់ចូលជាធរមានទៅទោះបីជាភាគីថៃធ្វើសកម្មភាពជាច្រើនរំលោភបំពានបទឈប់​បាញ់ បំពានមកលើដែនដីរបស់កម្ពុជាក្ដី ក៏សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់តម្លៃខ្ពស់ទៅលើសន្តិភាព និងជីវិតមនុស្ស រក្សាការអត់ធ្មត់ ដោយមិនធ្វើសកម្មភាពណាមួយតបតដោយអាវុធដាក់ភាគីថៃមុនឡើយ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម