Connect with us

ព័ត៌មានជាតិ

បាក់ឌុបថ្ងៃទី១ មណ្ឌលប្រឡងភ្នំពេញអវត្តមានបេក្ខជន និងមេប្រយោគសរុបជាង ៦៣០នាក់

បានផុស

នៅ

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី២៨សីហានេះថា សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ មានបេក្ខជន និងគណៈមេប្រយោគអវត្តមានចំនួន ៦៣៤ នាក់ ក្នុងនោះអវត្តបេក្ខជនមានចំនួន៦៣០នាក់ និងគណៈមេប្រយោគចំនួន ៤នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ក្នុងចំណោមគណៈមេប្រយោគ និងបេក្ខជនអវត្តមាននេះ ឃើញថាពេលព្រឹកច្រើនជាងពេលរសៀលក្នុងនោះពេលព្រឹកមានបេក្ខជនអវត្តមានចំនួន៦០៩នាក់និងគណៈមេប្រយោគចំនួន៤នាក់។ លុះដល់ពេលសៀលអវត្តមានបេក្ខជន ២១នាក់ បន្ថែមទៀតដែលធ្វើឱ្យចំនួននេះមានការកើនឡើង។ សម្រាប់សម្រាប់មណ្ឌលរាជធានី អវត្តមានគណៈមេប្រយោគចំនួន៤នាក់ នៅក្នុងចំណោមគណៈមេប្រយោគសរុបចំនួន ៣ ៦៨៩ នាក់។

បើតាមលោកប្រធាមន្ទីរ សម្រាប់ថ្ងៃទី១នៃការប្រឡងបាក់ឌុបនេះ ស្ថានភាពនៅតាមមណ្ឌលប្រឡងនីមួយៗគឺមានសភាពស្ងប់ស្ងាត់ល្អដោយគណៈមេប្រយោគបានអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនបានល្អប្រសើរ។ រីឯបេក្ខជនប្រឡងបានគោរពបទបញ្ជាផ្ទៃក្នុងស្តីពីការប្រឡងបានល្អ ខណៈនៅខាងក្រៅមណ្ឌល កងកម្លាំងការពារអនុវត្តតួនាទីបានល្អប្រសើរ មានកងកម្លាំងការពារមណ្ឌលគ្រប់គ្រាន់។ ព្រឹត្តិការណ៍ប្រឡងនេះ បានត្រូវឱ្យអាជីវកម្មជុំវិញមណ្ឌលប្រឡងផ្អាកទាំងស្រុង ជាពិសេសអាជីវកម្មថតចម្លង និងអាជីវកម្មដែលបង្កសំឡេងរំខានដល់ការប្រឡង។

លោក ហែម ស៊ីណារ៉េត

បើតាមលោក ហែម ស៊ីណារ៉េត ឆ្នាំនេះមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២៧ ៨៨៤ នាក់ចែកជា ៣៥ មណ្ឌលត្រូវជា ១ ១៣៥ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន១០៣៤០នាក់ចែកជា១៤មណ្ឌលស្មើនឹង៤១៨បន្ទប់និងវិទ្យាសាស្ត្រសង្គមមានបេក្ខជន១៧៨២៥នាក់ចែកជា២១មណ្ឌលត្រូវជា៧១៧បន្ទប់មានការកើនឡើងខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡង២៥៧៣៩នាក់ចែកជា៣២មណ្ឌលត្រូវជា១០៣៧បន្ទប់ ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ (ស្រី ២៤ ៥១៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)។ មណ្ឌលសំណេរ​មានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌលត្រូវជា ៤ ២៦៩ បន្ទប់។ សម្រាប់ការប្រឡងឆ្នាំនេះ មានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរការប្រឡងសរុបចំនួន ៣១ ២០៣ នាក់។

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម