ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ៖ មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយថា វិញ្ញាសាគណិតវិទ្យាបែកមុនពេលប្រឡង
បន្ទាប់ពីបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ សាធារណជន និងបេក្ខជនមួយចំនួន នៅមានមន្ទិលជុំវិញការបែកធ្លាយវិញ្ញាសា និងស្នើឱ្យក្រសួងអប់រំ ស្ថាប័នពាក់ព័ន្ធបំភ្លឺជុំវិញរឿងនេះ។ ការសង្ស័យធ្លាយវិញ្ញាសានេះ បន្ទាប់ពីមានការចែកចាយលើបណ្តាញសង្គមតៗគ្នាថា មានការបែកធ្លាយវិញ្ញាសា គណិតវិទ្យា នៅក្នុងដំណើរការប្រឡងបាក់ឌុប។

ជុំវិញរឿងនេះ តាមរយៈសារព័ត៌មានកម្ពុជាថ្មី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានបញ្ជាក់ជាថ្មីថា គិតមកដល់ត្រឹមថ្ងៃទី ១ ខែកញ្ញា នៅមិនទាន់មានការបញ្ជាក់ណាមួយថា វិញ្ញាសា គណិតវិទ្យា បានបែកធ្លាយមុនដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនោះទេ។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្តសិក្សា និងស្រាវជ្រាវពីករណីនេះដោយយកចិត្តទុកដាក់ ខណៈបុគ្គលិកអប់រំក៏កំពុងមមាញឹកធ្វើកំណែសន្លឹកកិច្ចការរបស់បេក្ខជនផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីបញ្ជាក់ថា ដំណើរការប្រឡងបាក់ឌុបតែងតែអនុវត្តទៅតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ នៅមុនដំណើរការនៃការប្រឡង គឺក្រសួងអប់រំ តែងតែផ្សព្វផ្សាយនូវបទបញ្ញត្តិយ៉ាងទូលំទូលាយជូនទៅកាន់បេក្ខជន ក៏ដូចជាគណៈមេប្រយោគកម្រិតថ្នាក់ទាំងអស់ ដើម្បីបានជ្រាប និងចូលរួមក្នុងកិច្ចសហការ ក្នុងនោះក៏បានផ្សព្វផ្សាយនៃកម្រិតទណ្ឌកម្ម ឬទោសកំហុសនានាផងដែរ។

បើតាមរបាយការណ៍អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលបានធ្វើការស្រាវជ្រាវពាក់ព័ន្ធព័ត៌មានថា មានការបែកធ្លាយវិញ្ញាសាប្រឡង បង្ហាញលទ្ធផលដំបូងថា រាល់ទម្រង់រូបវិញ្ញាសាប្រឡងដែលបានបង្ហោះមក ទោះជារូបភាពអត្ថបទវិញ្ញាសា វាយឡើងវិញក្តី ការបង្ហោះជារូបព្រាលៗក្តី ការបង្ហោះរូបវិញ្ញាសាច្បាស់មានហត្ថលេខាសង្ខេប (Griff)របស់រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឬគ្មានហត្ថលេខាសង្ខេបក្តី ACU បានធ្វើកោសលវិច័យ ហើយឃើញថា ឯកសារទាំងនេះ ពិតជាដូចនឹងវិញ្ញាសាប្រឡងគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ប្រឡងថ្ងៃទី ២៩ សីហា ប្រាកដមែន (ដូចពី ៨០% ទៅ ១០០%)។ យ៉ាងណាមិញ តាមលទ្ធផលនេះ ACU មិនទាន់អាចបញ្ជាក់ថាជាការបែកធ្លាយ១០០ % នោះទេ ដោយក្រុមការងារជំនាញកំពុងបន្តស្រាវជ្រាវលើករណីនេះ។
ថ្វើបើមានការសង្ស័យបែកធ្លាយវិញ្ញាសា ប៉ុន្តែអ្នកនាំពាក្យក្រសួងអប់រំ នៅតែអះអាងថា ដំណើរការនៃកាប្រឡង រួមទាំងដំណាក់កាលនៃសំណេរ កំណែ និងបូកស្រង់ ការគោរពគោលការណ៍ បទបញ្ញត្តិដែលបានដាក់ចេញគឺត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួន។ លើសពីនេះ ដំណើរការទាំងអស់តែងមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ។ លោកស្រីសង្កត់ធ្ងន់ថា៖« រាល់ករណីដែលត្រូវបានរកឃើញថាមិនគោរពបទបញ្ញត្តិ គឺគណៈកម្មការនីមួយៗតែងធ្វើ
របាយការណ៍លម្អិត ក៏ដូចជារបាយការណ៍ពិសេស ដើម្បីដាក់ជូនទៅក្រុមប្រឹក្សាវិន័យ សម្រាប់ការប្រឡងបាក់ឌុប នៅក្នុងការសម្រេច»។

បើតាមអ្នកនាំពាក្យដដែល រាល់ដំណាក់កាលប្រឡងបាក់ឌុប គឺក្រសួងអប់រំ តែងតែរៀបចំឱ្យមានក្រុមប្រឹក្សាវិន័យ ដែលនៅក្នុងនោះមានការអញ្ជើញចូលរួមពីគណៈមេប្រយោគទូទាំងប្រទេស ទាំងបីដំណាក់កាល គឺដំណាក់កាល សំណេរ កំណែ និងបូកស្រង់ ហើយក៏មានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយនៅក្នុងការប្រជុំ ពិភាក្សាលលម្អិតអំពីការដាក់វិន័យទៅលើរាល់ករណីដែលប្រព្រឹត្តខុសពីគោលការណ៍ និងបញ្ញត្តិដែលបានដាក់ចេញក្នុងដំណើរការប្រឡង។
សូមជម្រាបថា ក្រសួងអប់រំ នឹងផ្សព្វផ្សាយប្រធានវិញ្ញាសា និងអត្រាកំណែជាសាធារណៈ ក្រោយពេលប្រកាសលទ្ធផលប្រឡងជាផ្លូវការ។ ក្រសួងបានកំណត់យកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ ជាការប្រកាសលទ្ធផលបាក់ឌុបទូទាំងប្រទេស៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


