Connect with us

ព័ត៌មានជាតិ

ក្រោយចប់អាណត្តិ អតីតអភិបាលខេត្តកោះកុង៣រូប ទទួលបានតួនាទីជារដ្ឋលេខាធិការ

បានផុស

នៅ

អភិបាលរងខេត្ត លោកស្រី ឈី វ៉ា ត្រូវបានព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកោះកុងថ្មី ដើម្បីជំនួសមុខតំណែងលោកស្រី មិថុនា ភូថង ដែលចប់អាណត្តិការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី មិថុនា ភូថង ដែលទទួលបាននូវការតែងតាំងជាអភិបាលខេត្តកោះកុង កាលពីខែមិថុនា ឆ្នាំ២០១៧ សម្រាប់អាណត្តិទី១ និងបន្តសម្រាប់អាណត្តិទី២ កាលពីខែកុម្ភៈ ឆ្នាំ២០២១ ត្រូវចប់អាណត្តិរបស់ខ្លួនក្នុងខែសីហា ឆ្នាំ២០២៥។ តាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុង​ស្រុកខណ្ឌ គឺអភិបាល និងអភិបាលរងទាំងអស់មានអាណត្តិការងារមិនលើសពី៤ឆ្នាំ ក៏ប៉ុន្តែអាចត្រូវបានតែងតាំងបន្ថែម៤ឆ្នាំទៀតសម្រាប់អាណត្តិទី២ របស់ខ្លួនក្នុងដែនសមត្ថកិច្ចដដែល។ ដូច្នេះការផ្លាស់ប្ដូរតំណែងអភិបាលខេត្តរបស់លោកស្រី មិថុនា ភូថង គឺស្របតាមច្បាប់កំណត់។

បើទោះជាត្រូវចប់តួនាទីនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះក៏ពិតមែន ក៏ប៉ុន្តែលោកស្រី មិថុនា ភូថង ក៏ត្រូវបានតែងតាំងនូវតួនាទីថ្មី ជារដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី ដែលជាមុខតំណែងនយោបាយនៅរដ្ឋបាលថ្នាក់ជាតិ។

លោកស្រី មិថុនា ភូ​ថង បាន​ក្លាយជា​អភិបាលខេត្ត​ស្ត្រី​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដោយ​លោកស្រី​ត្រូវបាន​ព្រះមហាក្សត្រនៃកម្ពុជា ដំឡើង​តំណែង​ពី​អភិបាលរងខេត្ត មកជំនួសតំណែងរបស់​លោក ប៊ុន លើ​ត ជាអភិបាលខេត្តកោះកុង។

និយាយដល់ឈ្មោះលោក ប៊ុន លើត គឺជាអតីតអភិបាលខេត្តកោះកុងមួយរូប ដែលបានកាន់តំណែងនេះពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧ ពោលគឺរយៈពេលពីរអាណត្តិ ៨ឆ្នាំដូចគ្នានឹងលោកស្រី មិថុនា ភូថង។ ក្រោយចប់អាណត្តិការងារនេះ លោក ប៊ុន លើត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ រហូតដល់បច្ចុប្បន្ននេះ ដែលមានឋានន្តរសក្តិនាយឧត្តមសេនីយ៍។

ក្រៅពីអតីតអភិបាលខេត្តកោះកុងទាំងពីរខាងលើ ក៏មានលោក យុទ្ធ ភូថង ម្នាក់ទៀតក្រោយបញ្ចប់មុខងារជាអភិបាលខេត្តកោះកុង ក៏ត្រូវបានទទួលការតែងតាំង ហើយបច្ចុប្បន្នកំពុងកាន់តួនាទីរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងដែរ។ លោក យុទ្ធ ភូថង កាន់ជាអភិបាលខេត្តកោះកុង ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៩ បន្ទាប់ពីអភិបាលខេត្តដំបូងគេ រាប់ក្រោយឆ្នាំ១៩៧៩ គឺលោក រុង ផ្លាមកេសន។

លោក យុទ្ធ ​ភូ​ថង និងលោកស្រី មិថុនា ភូថង ត្រូវជាឪពុកកូននឹងគ្នា ហើយលោក គឺជាកូនប្រុសរបស់លោកព្រឹទ្ធាចារ្យ សាយ ភូថង  ដែលជា​អតីត​អនុប្រធាន​ក្រុមប្រឹក្សារដ្ឋ និង​សមាជិក​គណៈអចិន្ត្រៃយ៍​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែលោកព្រឹទ្ធាចារ្យ​បានទទួល​មរណភាពទៅហើយ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម