Connect with us

ព័ត៌មានជាតិ

សមាជិកព្រឹទ្ធសភាកោតសរសើរវីរភាពអង់អាចរបស់កម្លាំងជួរមុខនៅខេត្តកោះកុង

បានផុស

នៅ

គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាកម្ពុជា សម្តែងនូវការកោតសរសើរ និងដឹកគុណពីវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៅក្នុងភូមិសាស្រ្តខេត្តកោះកុង ទោះបីក្តៅរងាយ៉ាងណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្ដីកោតសរសើរនេះ គឺបានធ្វើឡើងក្នុងពេលដែលលោក ម៉ុង ឬទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំខេត្តកោះកុង និងឈ្វេងយល់ពីសភាពការណ៍ថ្មីតាមខ្សែបន្ទាត់ព្រំដែន ខណៈមានភាពស្ងប់ស្ងាត់ល្អ ដែលបម្រើដល់កិច្ចការរក្សាសណ្តាប់ធ្នាប់ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ម៉ុង ឬទ្ធី បានបន្តថា ខេត្តកោះកុង ជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀតដែលជាប់នឹងព្រំដែនថៃ ប៉ុន្តែខេត្តនេះមានភ័ព្វសំណាងពុំមានការផ្ទុះអាវុធជាមួយភាគីថៃនោះទេ ពោលគឺប្រឹងប្រែងរក្សាសភាពការណ៍បានល្អប្រសើរ។ ដូច្នេះលោក ជំរុញដល់អាជ្ញាធរខេត្ត ជាពិសេសកងទ័ពជួរមុខត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមគ្រប់វិធានការរដ្ឋបាល ព្រោះថា ខ្មាំងសត្រូវនៅតែចិញ្ចឹមចិត្តបង្កជម្លោះឈ្លានពានតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជាគ្រប់រូបភាព។

ទនឹ្ទមនោះដែរ លោក ម៉ុង ឬទ្ធី ក៏សូមថ្លែងអំណអរគុណដល់ប្រជាជន ដែលសាមគ្គីភាពឧបត្ថម្ភគាំទ្រជាស្បៀងអាហារ ថវិកា និងសម្ភារៈផ្សេងៗផ្តល់ជូនជនភៀសសឹក និងវីរកងទ័ពជួរមុខដែលកំពុងការពារអធិបតេយ្យភាពដែនដីដោយឥតរុញរាលជាមួយយោធាថៃ។

លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានលើកឡើងថា អំឡុងផ្ទុះអាវុធជាមួយភាគីថៃនៅភាគឧត្តរនៃប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ខេត្តកោះកុង គឺមិនមានការផ្ទុះអាវុធដាក់គ្នាជាមួយថៃនោះទេ ពោលគឺគ្រាន់តែមានសភាពតានតឹងចំពោះមុខខ្លះប៉ុណ្ណោះ។

បើតាមលោកស្រីអភិបាលខេត្ត រដ្ឋបាលខេត្តក្រុងស្រុក ត្រៀមគ្រប់យន្តការចំពោះជម្លៀសប្រជាពលរដ្ឋ រក្សាសណ្តាប់ធ្នាប់ និងបានផ្សព្វផ្សាយព័ត៌មានអំពីសភាពការណ៍ក្នុងខេត្តទៅកាន់មហាជន និងប្រជាពលរដ្ឋ ដើម្បីជ្រាបជាដំណឹងគ្រប់ពេលវេលាអំពីស្ថានភាពវឌ្ឍន៍ថ្មីៗក្នុងខេត្ត កុំមានការព្រួយបារម្ភ និងរងចាំស្តាប់ព័ត៌មានពិតប្រាកដពីអាជ្ញាធរ។

គួរជម្រាបថា ស្ថានភាពក្នុងខេត្តបច្ចុប្បន្ន មានភាពស្ងប់ស្ងាត់ជាប្រក្រតីល្អប្រសើរ ដោយមន្រ្តីរាជការ ពលរដ្ឋ និងអាជីវករ ធ្វើការប្រកបអាជីវកម្មជាធម្មតា។ រីឯកងទ័ពជួរមុខនៅតែបន្តឈរជើងប្រចាំតាមគោលដៅនីមួយៗ ដើម្បីត្រៀមតទប់នឹងខ្មាំងសត្រូវ ករណីហ៊ានឈ្លានពានមកលើទឹកដីកម្ពុជា៕

(អត្តបទៈសិរីវឌ្ឍនៈ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម