Connect with us

ព័ត៌មានជាតិ

បាក់ឌុប!ឈានដល់ដំណាក់កាលស្រង់បូកពិន្ទុដោយកុំព្យូទ័រ ពុំឃើញមានភាពមិនប្រក្រតីលើសន្លឹកកិច្ចការបេក្ខជនឡើយ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១២ ខែកញ្ញា ការធ្វើ​កំណែលើសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ( បាក់ឌុប) ស្ថិតក្នុងដំណាក់កាល ស្រង់បូកពិន្ទុដោយកុំព្យូទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកនាំពាក្យ ដោយឡែក ក្នុងដំណាក់កាលសំណេរ និងកំណែ ក្រសួងពិនិត្យឃើញថា បេក្ខជនយល់បានច្បាស់នូវបទបញ្ញត្តិ ចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដែលបង្ហាញពីរបត់វិជ្ជមាននៃសិស្សានុសិស្ស។ ក្នុងន័យនេះ ក្រសួងពុំរកឃើញភាពមិនប្រក្រតីនៅលើសន្លឹកកិច្ចការបេក្ខជនដូចជា សញ្ញាសម្គាល់ តម្រុយ ឬហត្ថលេខា ណាមួយឡើយ។ ទាំងនេះ បង្ហាញថាបេក្ខជនចូលរួមគោរពបទបញត្តិបានខ្ជាប់ខ្ជួនចំពោះការប្រឡងពីមួយឆ្នាំទៅមួយឆ្នាំ។

គួរជម្រាបថា សមាជិក​​​កំណែ​នៅ​តាម​មណ្ឌល​កំណែ​ទាំង​១០ កំពុង​បំពេញ​ភារកិច្ច ដោយ​មាន​ការ​ពង្រឹង​វិន័យ តាម​ម៉ោង​កំណត់ ទ្វារ​ត្រូវ​បាន​បិទ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ចូល និង​ចេញ​ក្នុង​ម៉ោង​ធ្វើ​ការ ចំណែក​ទូរសព្ទ ឧបករណ៍​អេឡិចត្រូនិក​នានា ​ត្រូវ​បាន​ហាម​ឃាត់​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ឡើយ។ 

គណៈកម្មការ​នានា​បំពេញ​ភារកិច្ច​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ មណ្ឌល​មាន​របៀបរៀបរយ ដំណើរ​ការ​ល្អ ព្រមទាំង​មាន​ការ​ចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU)  ក្នុង​ការ​ទប់​ស្កាត់​ភាព​មិន​ប្រក្រតី​ផ្សេងៗ។ ជាមួយ​គ្នា​នេះ ក៏​មាន​ការ​ប្រជុំ​ពង្រឹង​គណៈកម្មការ​កំណែ​ជា​ប្រចាំ ​ដើម្បី​ធានា​ការប្រឡងគោរពតាមគោល​ការណ៌​ច្បាប់ យុត្តិធម៌ តម្លាភាព  និង​លទ្ធផល​ទទួល​យក​បាន។

ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ដំណើរការបោះពុម្ពលទ្ធផលប្រឡងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា ហើយការប្រកាសលទ្ធផលប្រឡងនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែកញ្ញានៅទូទាំងប្រទេស។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់)ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម