វប្បធម៌ ជំនឿ
ព្រះរាជពិធីត្រស្តិសង្ក្រាន្ត ទំនៀមពិធីផ្ដាច់ឆ្នាំចាស់ក្នុងព្រះបរមរាជវាំង
ព្រះបរមរាជវាំងរាជវាំង នៃព្រះរាជាណាចក្រកម្ពុជា នៅរវាងថ្ងៃ១២ ១៣ ១៤ និង ១៥រោច ខែផល្គុន តែងប្រារព្ធព្រះរាជពិធីយ៉ាងមហោឡារិកមួយគឺ ព្រះរាជពិធីត្រស្តិសង្រ្កាន្ត ដែលជាពិធីផ្តាច់ឆ្នាំចាស់ ផ្តាច់សករាជចាស់ ទទួលសករាជថ្មី និងបណ្តេញអស់ឧបទ្រព្យចង្រៃទាំងឡាយទាំងពួងពីឆ្នាំចាស់ ហើយអញ្ជើញទេវតាឆ្នាំថ្មីមកចម្រើនសិរីសួស្តីបវរមហាប្រសើរដល់ព្រះបរមរាជវាំង និងប្រជានុរាស្ដ្រកម្ពុជា។ នេះបើតាមការឱ្យដឹងពី គណៈកម្មការអចិន្ត្រៃយ៍រៀបចំបុណ្យជាតិ អន្តរជាតិ។

ព្រះរាជពិធីត្រស្តិសង្ក្រាន្ត ជាព្រះរាជពិធីសូត្រមន្តបណ្ដេញខ្មោច រំដោះព្រះគ្រោះចម្រើនព្រះសិរីសួសីរបស់ព្រះរាជបល្ល័ង្ក ដូចពិធីសូត្រមន្ត ចម្រើនព្រះបរិត្តធម្មតា របស់ពុទ្ឋបរិស័ទទៅក្នុងពុទ្ធសានមណ្ឌលដែរ គ្រាន់តែព្រះរាជពិធីត្រស្តិសង្ក្រាន្ត មានរបៀបរៀបចំធំដុំជាងពិធីសូត្រមន្តធម្មតាប៉ុណ្ណោះ ព្រោះជាព្រះរាជពិធីរបស់ព្រះមហាក្សត្រ ហើយ ១ឆ្នាំ ត្រូវធ្វើតែម្ដងនៅវេលាដាច់ឆ្នាំ។ ព្រះរាជពិធីនេះ តាមទម្លាប់អ្នកស្រុកគេចូលចិត្តហៅថា ព្រះរាជពិធីសូត្រភាណយក្ស បានជាហៅដូច្នេះព្រោះពិធី នេះត្រូវសូត្រអាដានាដិយបរិត្ត ឬអាដានាដិយសូត្រដែលចែងពីរឿងពួកយក្សចូលទៅគាល់ព្រះសម្មាសម្ពុទ្ធ ជាសូត្រដែលមានក្នុងព្រះសុត្តន្តបិដក ទីយនិកាយ ធដ្ឋភាគ បាដិកវគ្គ ព្រះត្រៃបិដកខ្មែរលេខ ១៩។

ការប្រារព្ធព្រះរាជពិធីត្រស្តិសង្ក្រាន្តនេះ ដោយចាស់បុរាណលោករាប់ថា ចាប់ពីថ្ងៃ១កើតតទៅ គឺជាថ្ងៃចូលឆ្នាំ (សង្ក្រាន្តចន្ទគតិ) ចូលមហាសករាជថ្មី ឆ្នាំនក្សត្រថ្មីហើយ គ្រាន់តែមិនទាន់ឡើងស័ក ត្រូវរងចាំឡើងស័កព្រមគ្នាជាមួយចុល្លសករាជ នៅថ្ងៃមេសសង្ក្រាន្ត (សង្ក្រាន្តសុរិយគតិ)។ ឯព្រះបរមរាជវាំងមានតាំងរោងពិធី៦ តាំងគ្រឿងបរិក្ខារផ្សេងៗ មានខ្សែសីមាស្បូវឃ្លាំង ខ្សែសីមាអំបោះចងព័ទ្ធជុំវិញកំពែងព្រះបរមរាជវាំង រោងមណ្ឌលនានា និងព្រះទីនាំងទេវាវិនិច្ឆ័យជាទីរោងមណ្ឌលធំ ដើម្បីសូត្រភាណយក្ស បណ្តេញខ្មោច ព្រាយ បិសាច យក្ស ឧបទ្រព្យចង្រៃទាំងពួង។

នៅក្នុងអាសនៈពិធីមាន តម្កល់គ្រឿងអំបោះក្លុកឬ អំបោះមង្គល ដែលយកអំបោះឆៅជាច្រើនសរសៃមកព័ទ្ធជារង្វង់មូល សម្រាប់ព្រះករុណាទ្រង់ព្រះសិរ និងសម្រាប់ប្រទានដល់អស់ព្រះញាតិវង្សនាម៉ឺនមន្ដ្រីមកពាក់លើសិរសា (ក្បាល) នៅថ្ងៃសូត្រភាណយក្សថ្ងៃចុងក្រោយ ដើម្បីបណ្ដេញឧបទ្រពចង្រៃ។

អំបោះក្លុក ម្យ៉ាងទៀតហៅថា ខ្សែអភិសមរ ជាការវេញខ្សែអំបោះឆៅ ៨សរសៃចូលគ្នា ហើយចៀរយកស្លឹកកំពូលត្នោតប៉ុនម្រាមដៃមកបត់ជា ៤តូចៗចំនួន ៥សន្លឹក ក្នុង ១សន្លឹកៗមានសរសេរពាក្យ “អភិសមរ” សម្រាប់ព្រះមហាក្សត្រទ្រង់ឈៀងព្រះអង្សា និងប្រទានដល់អស់ព្រះញាតិវង្ស នាម៉ឺនមន្ដ្រី ពាក់ឆៀងស្មា បង្ការខ្មោចបិសាច ឧបទ្រពចង្រៃ។

វត្ថុសំខាន់ ១ទៀត ហៅថា “ដំបងពេជ្រ” ដែលយកស្លឹកកំពូលត្នោត ១ទ្រនុង មានសន្លឹក២ មកកួចចុងសន្លឹកមានសណ្ឋានដូចចំពុះក្អែក សន្លឹកម្ខាងសរសេរជា “សព្វេ យក្ខា បិសាចេវ អាឡាវកាទយោមិច ខគ្គំ តាលបត្តំ ទស្វា សព្វេ យក្ខា បលាយន្តិ” ឯសន្លឹកម្ខាងទៀតសរសេរថា “នេកប្បត្តោ នេកប្បត្តា សព្វេយក្ខា បលាយសុ” សម្រាប់ព្រះមហាក្សត្រទ្រង់ និងប្រទានដល់ព្រះបរមវង្សានុវង្ស នាម៉ឺនមន្ដ្រីកាន់ ពេលសូត្រភាណយក្សថ្ងៃចុងក្រោយ ជាវត្ថុសម្រាប់ បណ្តេញយក្ស ខ្មោចព្រាយបិសាច ឧបទ្រពចង្រៃ។

គួរបញ្ជាក់ថា តាមវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានចែងថា “ត្រស្តិ” (អានថា “ត្រស់”) មានន័យថា ឈ្មោះព្រះរាជពិធីមួយប្រភេទ ធ្វើក្នុងវេលាយប់ ១៤ រោចខែផល្គុន។ ក្នុងរជ្ជកាលពីបុរាណហៅថា ពិធីបញ្ជាន់ត្រស្តិ សម័យឥឡូវហៅថា ពិធីភាណយក្ខ ឬ ពិធីសូត្រភាណយក្ខ។ ពាក្យថា ត្រស្តិ នេះ ក្លាយមកពីភាសាសំស្ក្រឹតថា ត្រុដ (កិ.) “កាត់ ផ្ដាច់” ចំណែក “ត្រុដិ” (ន.) “ដំណើរកាត់ ការផ្ដាច់”។ ក្នុងព្រះរាជពិធីនេះ សំដៅយកសេចក្តីថា ដំណើរផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


