ព័ត៌មានជាតិ
លោក ចែម វីឌ្យ៉ា នឹងក្លាយជាកូនខ្មែរទី២ដែលកាន់តួនាទីជាន់ខ្ពស់ក្នុងស្ថាប័នអាស៊ាន
អគ្គលេខាធិការអន្តរសភាអាស៊ាន(អាយប៉ា)បច្ចុប្បន្នលោកស្រី អាស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ បានឱ្យដឹងថាអ្នកដែលត្រូវជំនួសលោកស្រីនៅខែកញ្ញាខាងមុខគឺសមាជិកព្រឹទ្ធសភាកម្ពុជាលោក ចែម វីឌ្យ៉ា។ ការលើកឡើងនេះគឺនៅក្នុងជំនួបរវាងលោកស្រី និងសម្ដេចប្រធានរដ្ឋសភាកម្ពុជាកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

ថ្លែងក្នុងជំនួបនៅវិមានសភាកម្ពុជា លោកស្រី អាស៊ីទី រ៉ូសាយ បានជម្រាបសម្ដេចប្រធានសភាកម្ពុជាថា អាណត្តិរបស់លោកស្រីនឹងត្រូវបញ្ចប់នាខែកញ្ញាខាងមុខហើយនឹងជំនួសដោយលោក ចែម វីឌ្យ៉ា ដែលមកពីកម្ពុជា។
លោក ចែម វីឌ្យ៉ា បច្ចុប្បន្នជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភាកម្ពុជា។ លោកត្រូវបានសម្ដេចតេជោ ហ៊ុន សែន ជ្រើសរើស ដើម្បីស្នើសុំការគាំទ្រក្នុងចំណោមមេដឹកនាំសភានៃបណ្ដាប្រទេសសមាជិកអាស៊ាន សម្រាប់តួនាទីជាអគ្គលេខាធិការអាស៊ានពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៨។ បេក្ខភាពលោកនឹងត្រូវអនុម័តជាផ្លូវការដោយមហាសន្និបាតអាស៊ានអាយប៉ានៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៥ខាងមុខ នៅប្រទេសម៉ាឡេស៊ី។
លោក ចែម វីឌ្យ៉ា នឹងក្លាយជាឥស្សរជនខ្មែរទី២ ដែលបានទៅកាន់តំណែងជាន់ខ្ពស់នៅស្ថាប័នអាស៊ាន បន្ទាប់ពីលោក កៅ គឹមហួន ជាឥស្សរជនខ្មែរទី១ ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាអគ្គលេខាធិការអាស៊ាន។
ផ្ដើមចេញពីមន្ត្រីដែលបម្រើការងារនៅការិយាល័យបកប្រែនៃរណសិរ្សសាមគ្គីសង្រោះជាតិកម្ពុជា លោក ចែម វីឌ្យ៉ា បានវិវត្តខ្លួនជាបន្តបន្ទាប់ ពិសេសការងារច្បាប់ ការទូត និងទំនាក់ទំនងអន្តរជាតិ។ នៅអំឡុងឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតជាសកលដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ គឺសភាធម្មនុញ្ញកម្ពុជា ក៏ត្រូវបានបង្កើតឡើង ហើយពេលនោះដែរ លោកទទួលបានតួនាទីជាអគ្គលេខាធិការរងនៃសភាធម្មនុញ្ញកម្ពុជា។ ដល់ខែតុលា ឆ្នាំ១៩៩៣ លោកបានផ្លាស់មកកាន់តួនាទីជាអគ្គលេខាធិការនៃក្រសួងការបរទេស។

បម្រើការនៅក្រសួងការបរទេសនេះ លោក ចែម វីឌ្យ៉ា បានទទួលតួនាទីជាឧត្តមមន្រ្តីអាស៊ានកម្ពុជា ហើយក្រោយមក ដោយផ្អែកលើសមត្ថភាព និងបទពិសោធការងារ លោក ចែម វីឌ្យ៉ា ត្រូវបានចាត់តាំងឱ្យទៅបំពេញបេសកកម្មកនៅក្រៅប្រទេស ក្នុងតួនាទីជាតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកាណាដា។ បន្តទៅ គឺជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហព័ន្ធអាល្លឺម៉ង់ ស្លូវេនី ឆែក ប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី ម៉ាល់តា និងស៊ីប។
នៅឆ្នាំ២០១៦ លោក ចែម វីឌ្យ៉ា ក៏បានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបារាំង នៅអង់ឌ័រ ស៊ីប ក្រិក អ៊ីតាលី ម៉ាល់តា ព័រទុយហ្កាល់ ស៊ែប៊ី និងអេស្ប៉ាញ និងតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស មុនមកកាន់តំណែងនៅព្រឹទ្ធសភា ក្នុងនីតិកាលទី៥នេះ តបតាមតម្រូវការចាំបាច់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។ លោកអាចប្រើប្រាស់ភាសាបរទេសចំនួន៥ភាសាគឺ អង់គ្លេស បារាំង រុស្ស៊ី អាល្លឺម៉ង់ និងអេស្ប៉ាញ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៥ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


