Connect with us

ព័ត៌មានអន្ដរជាតិ

លិខិតឆ្លងដែនម៉ាឡេស៊ី ឡើងចំណាត់ថ្នាក់ មាន​ឥទ្ធិពលស្មើនឹង​លិខិតឆ្លងដែនអាមេរិក

បានផុស

នៅ

លិខិតឆ្លងដែនម៉ាឡេស៊ី បច្ចុប្បន្ន​ឡើងចំណាត់ថ្នាក់ ដោយ​មាន​ឥទ្ធិពលស្មើនឹង​លិខិតឆ្លងដែនរបស់សហរដ្ឋអាមេរិកដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃពុធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិតឆ្លងដែននៃប្រទេសទាំង២ ជាប់ចំណាត់ថ្នាក់ទី ១២ លើ​សន្ទស្សន៍លិខិតឆ្លងដែន Henley ប្រចាំឆ្នាំ ២០២៥ ដោយ​មាន​សិទ្ធិធ្វើដំណើរដោយ​គ្មានទិដ្ឋាការ​ទៅកាន់ប្រទេស ឬដែនដី គោលដៅចំនួន ១៨០ ក្នុងចំណោល ២២៧ ទូទាំងពិភព​លោក​។

លិខិតឆ្លងដែនរបស់សហរដ្ឋអាមេរិក បានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង ១០​ ជាលើកដំបូងកាលពីខែមុន ហើយឥឡូវនេះបានជាប់ចំណាត់ថ្នាក់ទី ១២។ នេះបើយោងតាមក្រុមហ៊ុន Henley & Partners ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សាអំពីសញ្ជាតិ និងទិដ្ឋាការពិភពលោក។

សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងឆ្នាំ ២០១៤ ប៉ុន្តែលិខិតឆ្លងដែន​របស់ប្រទេសមហាអំណាចមួយ​នេះ កាន់តែខ្សោយទៅៗ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក​។

ក្រុមហ៊ុន Henley & Partners បាននិយាយថា ការធ្លាក់ចុះនេះមិនមែនគ្រាន់តែជាចំណាត់ថ្នាក់នោះទេ ពោលគឺវាបង្ហាញពីការផ្លាស់ប្តូរកាន់តែធំ​ក្នុងសេរីភាពធ្វើដំណើរសកល និងឥទ្ធិពលអន្តរជាតិ។ ប្រទេស​ដែលទទួល​ការ​​បើក​ចំហ និង​សហប្រតិបត្តិការ​ កំពុង​​បង្កើនឥទ្ធិពលរបស់ខ្លួន​ ខណៈ​​ប្រទេស​​ដែល​ពឹង​ផ្អែក​លើ​អំណាច​ពី​អតីតកាល ​កំពុង​តែ​ធ្លាក់​ចុះ។

កាលពីឆ្នាំមុន លិខិតឆ្លងដែនរបស់​ម៉ាឡេស៊ីបាន​ឡើងមួយចំណាត់ថ្នាក់ ដោយ​ក្លាយជាប្រទេសមានអំណាចបំផុតលំដាប់ទី ១១ នៅលើពិភពលោក ប៉ុន្តែបានធ្លាក់ចុះ​មួយលេខមកវិញនៅឆ្នាំនេះ​។ VnExpress បាន​សរសេរថា អ្នកលេខអ៊ិនធឺរណិតនៅម៉ាឡេស៊ី នៅតែ​បង្ហាញមោទនភាពជាតិ ដោយថា ពួកគេអាច​ធ្វើដំណើរទៅកាន់ប្រទេស ឬដែនដី ជាច្រើន ដោយ​មិនចាំបាច់ត្រូវការទិដ្ឋាការ។ ​

គួរគូសបញ្ជាក់ថា សិង្ហ​បុរី​ជាប់​ចំណាត់ថ្នាក់លេខ ១ លើ​​លិខិតឆ្លងដែន​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក ​ដោយមាន​សិទ្ធិចូលទៅកាន់ប្រទេស ឬដែនដី ចំនួន ១៩៣ ដោយ​មិនប្រើទិដ្ឋាការ។ បន្ទាប់មក​គឺកូរ៉េខាងត្បូង និងជប៉ុន។ ​​

សន្ទស្សន៍លិខិតឆ្លងដែន​ Henley តាមដានសេរីភាពនៃការធ្វើដំណើរជាសកលនៅទូទាំង ២២៧ ប្រទេស និងដែនដី ដោយប្រើទិន្នន័យផ្តាច់មុខពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA)។ សន្ទស្សន៍នេះ ត្រូវបាន​ធ្វើបច្ចុប្បន្នភាពជាទៀងទាត់ពេញមួយឆ្នាំ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរគោលនយោបាយទិដ្ឋាការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម