ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីច្រានចោលក្ដីបារម្ភថា ច្រកម៉ាឡាកាអាចធ្លាក់ចូលជោគវាសនាដូចច្រកហ័រមូហ្ស
ម៉ាឡេស៊ីបានច្រានចោលក្ដីព្រួយបារម្ភថា ច្រកសមុទ្រម៉ាឡាកាអាចប្រឈមមុខនឹងការធ្លាក់ចូលទៅក្នុងជោគវាសនាដូចច្រកសមុទ្រហ័រមូហ្ស ដោយសង្កត់ធ្ងន់លើស្ថានភាពខុសគ្នារបស់តំបន់នៃច្រកសមុទ្រទាំង២។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកម៉ាឡេស៊ី Says។

ថ្លែងកាលពីថ្ងៃអាទិត្យ (១៩ មេសា) នៅពិព័រណ៍សេវាកម្មការពារជាតិអាស៊ី (DSA) និងសន្តិសុខជាតិអាស៊ី ២០២៦ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Mohamed Khaled Nordin បានបញ្ជាក់យ៉ាងច្បាស់ថា អាស៊ីអាគ្នេយ៍នឹងមិនដើរតាមមាគ៌ាដូចមជ្ឈិមបូព៌ានោះទេ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «អ្វីដែលបានកើតឡើងនៅហ័រមូហ្ស មិនមែនជាអ្វីដែលត្រូវយកតម្រាប់តាមនោះទេ។ យើងនឹងព្យាយាមតាមដែលអាចធ្វើទៅបាន ដើម្បីធានាថា វាមិនកើតឡើងនៅច្រកសមុទ្រម៉ាឡាកាទេ»។
ច្រកសមុទ្រម៉ាឡាកា គឺជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ដែលភ្ជាប់មហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូង។ ស្ថិតនៅចន្លោះម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី ច្រកសមុទ្រនេះ មានសារៈសំខាន់ណាស់សម្រាប់ពាណិជ្ជកម្មសកល ដោយដឹកជញ្ជូនថាមពល និងទំនិញយ៉ាងច្រើន ខណៈស្ថិតនៅក្រោមការគ្រប់គ្រងរួមគ្នា ដើម្បីធានាបាននូវការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព និងបើកចំហ។ ដោយឡែកច្រកសមុទ្រ ហ័រមូហ្ស វិញ គឺជាផ្លូវដឹកជញ្ជូនប្រេងពីតំបន់ឈូងសមុទ្រពែរ្សទៅកាន់ទីផ្សារអន្តរជាតិ ប៉ុន្តែបច្ចុប្បន្ន ស្ថិតនៅក្នុងភាពតានតឹងដោយសារតែជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ ដែលនាំឱ្យមានការរំខានដល់ការដឹកជញ្ជូន សកម្មភាពយោធា និងក្ដីព្រួយបារម្ភអំពីស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលសកល។

លោក Khaled បានពន្យល់ថា ការប្រៀបធៀបរវាងផ្លូវទឹកទាំង ២ មើលរំលងភាពខុសគ្នាសំខាន់ៗនៅក្នុងលក្ខខណ្ឌភូមិសាស្ត្រនយោបាយ។ ជំហររបស់អ៊ីរ៉ង់នៅច្រកសមុទ្រហ័រមូហ្ស កើតចេញពីទណ្ឌកម្មអន្តរជាតិយូរអង្វែង ភាពឯកោ និងភាពតានតឹងជាបន្តបន្ទាប់ជាមួយសហរដ្ឋអាមេរិក ដែលនេះជាកត្តាដែលមិនមាននៅអាស៊ីអាគ្នេយ៍។
លោកថ្លែងថា អ្វីដែលកំពុងកើតឡើងចំពោះអ៊ីរ៉ង់ឥឡូវនេះ មិនមែនជាអ្វីដែលអាស៊ីអាគ្នេយ៍ ជាពិសេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងសិង្ហបុរី បានប្រឈមមុខអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះទេ។ ដោយសារតែភាពខុសគ្នាបែបនេះ វាគ្មានអ្វីដែលត្រូវបារម្ភថា ច្រកម៉ាឡាកានឹងធ្លាក់ចូលទៅក្នុងស្ថានភាពដូចច្រកហូរមូហ្សនោះឡើយ។
ផ្ទុយទៅវិញ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីដដែល បានសង្កត់ធ្ងន់ថា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងសិង្ហបុរី ប្តេជ្ញាចិត្តចំពោះបទដ្ឋានអន្តរជាតិ និងកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការរក្សាផ្លូវដឹកជញ្ជូនបើកចំហ និងមានសុវត្ថិភាព។ លោក Khaled និយាយយ៉ាងដូច្នេះថា៖ «ប្រទេសទាំង ៣ គាំទ្រយ៉ាងមុតមាំនូវគោលការណ៍របស់អង្គការសហប្រជាជាតិ រួមទាំងលំហូរពាណិជ្ជកម្មដោយសេរី និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់»។
លោកបានបន្ថែមថា ស្ថិរភាពនៅច្រកសមុទ្រម៉ាឡាកាមិនមែនជារឿងថ្មីទេ ប៉ុន្តែជាលទ្ធផលនៃការសម្របសម្រួលយូរអង្វែងក្នុងចំណោមប្រទេសទាំង៣ ដែលរួមគ្នាគ្រប់គ្រងផ្លូវសមុទ្រដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ លើសពីនោះ អាស៊ីអាគ្នេយ៍ពឹងផ្អែកលើការទូត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាប្រពៃណី ដើម្បីគ្រប់គ្រងភាពតានតឹង ជាជាងការប្រឈមមុខដាក់គ្នា។
គួរគូសបញ្ជាក់ថា ការច្រានចោលក្ដីបារម្ភរបស់លោក Khaled ធ្វើឡើងចំពេលមានការចាប់អារម្មណ៍ផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំង លើច្រកសមុទ្រម៉ាឡាកា រួមទាំងការវិវឌ្ឍថ្មីៗដូចជាការសម្រេចបាននូវភាពជាដៃគូសហប្រតិបត្តិការការពារជាតិដ៏សំខាន់រវាងសហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ី (MDCP) និងការពិភាក្សាអំពីលទ្ធភាពដែលយន្តហោះយោធាអាមេរិកអាចប្រើដែនអាកាសឥណ្ឌូណេស៊ី។ លោក Khaled មិនបានបកស្រាយយ៉ាងណាទៅនឹងការវិវត្តទាំងនេះនោះទេ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


