Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ីមិនលក់ប្រេងឆៅឱ្យប្រទេសអាស៊ានណាមួយទេ ចំពេលមាន​វិបត្តិថាមពល

បានផុស

នៅ

​ម៉ាឡេស៊ីបញ្ជាក់ពីការមិនលក់ប្រេងឆៅទៅឱ្យសមាជិកអាស៊ានណាមួយទេនាពេលបច្ចុប្បន្ន ខណៈដែលប្រទេសនៅតែបន្ត​នាំចូលប្រេងឆៅប្រហែល ៤០០​ ០០០ បារ៉ែល/ថ្ងៃ ទោះបី​ខ្លួនជាអ្នក​ផលិតប្រេង​ក្ដី។ នេះបើតាមការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន Bernama។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក Johari Abdul Ghani បាន​ថ្លែងប្រាប់យ៉ាងដូច្នេះទៅកាន់អ្នកសារព័ត៌មាន​ម៉ាឡេស៊ី ក្រោយ​ពីបាន​ចូលរួម​កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៧ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ចអាស៊ានរួមគ្នា នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ទី ៧​ ឧសភា​។

​លោកថ្លែងថា ម៉ាឡេស៊ីនៅ​តែជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចូលប្រេងសុទ្ធ ​ដោយ​ «យើងនៅតែនាំចូលប្រេងប្រហែល ៤០០​ ០០០ បារ៉ែល/ថ្ងៃ ដូច្នេះយើងមិនអាចលក់ប្រេងទៅឱ្យប្រទេសដទៃទៀតបានទេ»។

ការឱ្យដឹងរបស់រដ្ឋមន្រ្តីដដែល​ គឺឆ្លើយតបទៅនឹង​សំណួររបស់អ្នកកាសែតថាតើមាន​ប្រទេសអាស៊ានណាមួយ ដែលស្នើការផ្គត់ផ្គង់ប្រេងពីម៉ាឡេស៊ីដែរទេ ក្នុងបរិបទដែលតំបន់ធ្លាក់ចូលទៅក្នុងវិបត្តិថាមពល ដោយសារតែជម្លោះអាមេរិក-អ៊ីរ៉ង់ ដែលបង្កការបិទច្រកសមុទ្រហ័រមូហ្ស។ ​

លោក Johari បាននិយាយថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន​កាលពីថ្ងៃព្រហស្បតិ៍ បាន​ផ្តោតយ៉ាងខ្លាំងទៅលើផលប៉ះពាល់នៃជម្លោះអ៊ីរ៉ង់លើរដ្ឋជាសមាជិកទាំង ១១ ជាពិសេស​កំណើន​តម្លៃប្រេងសកលដែលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចផ្សេងៗ។

លោកថា អាស៊ានរង​គ្រោះ​ធ្ងន់ធ្ងរពីកំណើនតម្លៃប្រេង ដែលប៉ះពាល់​ដោយផ្ទាល់ទៅលើវិស័យដឹកជញ្ជូន និងភស្តុភារកម្ម អាកាសចរណ៍ ផលិតកម្ម គីមីឥន្ធនៈ ឧស្សាហកម្មម្ហូបអាហារ និងការផលិតថាមពល។

ទោះជាយ៉ាងណាក៏ដោយ លោក Johari បាននិយាយថា ​ម៉ាឡេស៊ីនៅតែ​មាន​ស្ថិរភាព ដោយសារប្រទេសនេះគឺជា​អ្នក​នាំចេញឧស្ម័នធម្មជាតិពង្រាវ (LNG)។ លោក​ថ្លែងយ៉ាងដូច្នេះថា៖ «ទោះបីជាយើងជាអ្នកនាំចូលប្រេងក៏ដោយ ក៏​ម៉ាឡេស៊ីគឺជាអ្នកនាំចេញ ​LNG សុទ្ធ ហើយអតិរេកពាណិជ្ជកម្ម ​LNG​ អាចជួយទូទាត់ពី​ឱនភាពនៃ​ប្រេងឆៅ»៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម