Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងធ្លាក់ចុះក្រោម ១០០ ដុល្លារ/បារ៉ែល ជាថ្មី ជុំវិញសញ្ញានៃភាពស្រាកស្រាន្តជម្លោះមជ្ឈិមបូព៌ា

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បានធ្លាក់ចុះជាង ៥% ​សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនៅព្រឹកថ្ងៃពុធ (២៥ មីនា) នេះ ដោយសារតែការរំពឹងទុកនៃបទឈប់បាញ់ជម្លោះមជ្ឈិមបូព៌ា​ ក្រោយ​មាន​សេចក្ដីរាយការណ៍ថា សហរដ្ឋអាមេរិកបានផ្ញើផែនការ ១៥ ចំណុចទៅអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំង២។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តម្លៃប្រេងកុងត្រា ម៉ាក​ Brent ​បានធ្លាក់ចុះ ៦,២១ ដុល្លារ ឬ ៥,៩% មកនៅត្រឹម ៩៨,២៨ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ៩ ព្រឹក នៅទីក្រុងហុងកុង។ តម្លៃប្រេងអាមេរិក ម៉ាក WTI វិញ បាន​ធ្លាក់ចុះ​ ៤,៦៧ ដុល្លារ ឬ ៥,១% មកនៅត្រឹម ៨៧,៦៨ ដុល្លារ/បារ៉ែល​។

រាប់តាំងពីថ្ងៃចន្ទមក តម្លៃប្រេងទាំង២ មាន​ការប្រែប្រួលឡើងចុះទៅវិញទៅមកខ្លាំង ដោយសារតែការវិវត្តជាប្រចាំនៃជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កការរាំងស្ទះដល់លំហូរប្រេងកាត់តាមច្រកសមុទ្រហ័រមូហ្ស។ តម្លៃប្រេងទាំង២ បាន​កើនឡើងប្រមាណ ៥% ពេលបិទការជួញដូរនៅថ្ងៃអង្គារ ក្រោយធ្លាក់ចុះយ៉ាងគំហុក ជាង ១០% កាលពីថ្ងៃចន្ទ។

អ្នកជំនាញលើកឡើងថា ការវិវត្តនៅមជ្ឈិមបូព៌ារួចចំណែកយ៉ាងសំខាន់ចំពោះតម្លៃប្រេងនៅពេលនេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បាន​និយាយថា មាន​វឌ្ឍនភាព​ឆ្ពោះទៅរកការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ​ខណៈប្រភពមួយបាន​ប្រាប់រ៉យទ័រថា ​អាមេរិក​បានផ្ញើសំណើ ១៥ ចំណុច។ ​សំណើនោះរួម​បញ្ជូលទាំង​បទឈប់បាញ់រយៈពេលមួយខែ ការរុះរើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការបញ្ចប់ការគាំទ្រដល់ក្រុមប្រូកស៊ី និងការបើកច្រកសមុទ្រហ័រមូហ្សឡើងវិញ។

ដោយឡែក​ នាយករដ្ឋមន្ត្រីប៉ាគីស្ថានឯណោះវិញ បានស្នើធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាឆ្ពោះទៅរកសន្តិភាព​ ទោះបីជាអ៊ីរ៉ង់បានបដិសេធការចរចាណាមួយជាមួយសហរដ្ឋអាមេរិកក៏ដោយ។

ពាក់ព័ន្ធនឹង​បញ្ហា​ច្រកហ័រមូហ្ស អ៊ីរ៉ង់​និយាយថា នាវាដែល​មិនមែនជារបស់​សត្រូវ អាចឆ្លងកាត់ច្រកសមុទ្រហ័រមូហ្សបាន ប្រសិនបើពួកគេសម្របសម្រួលជាមួយអាជ្ញាធររបស់ខ្លួន។ ​ឥឡូវនេះ ការវាយប្រហាររបស់សហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្ត ហើយ​អាមេរិក​អាចបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់តំបន់នេះ ដែលនេះបង្ហាញថា ស្ថានការណ៍នៅតែតានតឹង។

អ្នកវិភាគទីផ្សារ​និយាយថា ក្តីសង្ឃឹមនៃការឈប់បាញ់បានប្រសើរឡើងបន្តិច ប៉ុន្តែភាពមិនប្រាកដប្រជានៅតែមាន។ ប្រសិនបើការប្រយុទ្ធគ្នាកាន់តែធ្ងន់ធ្ងរ ឬគំរាមកំហែងដល់កន្លែងផលិតថាមពលក្នុងតំបន់ ឬច្រកសមុទ្រហ័រមូហ្ស តម្លៃប្រេងអាចកើនឡើងម្តងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម