ព័ត៌មានអន្ដរជាតិ
តម្លៃទុរេនវៀតណាមចុះថោកខ្លាំង ដោយសារពិបាកនាំចេញទៅចិន និងកំណើនផ្គត់ផ្គង់ពីថៃ
តម្លៃទុរេននៅវៀតណាមបានធ្លាក់ចុះខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយទុរេនពូជ Ri6 នៅតំបន់ខ្លះលក់ក្នុងតម្លៃទាបបំផុតត្រឹមចន្លោះ ២០ ០០០–៣៥ ០០០ ដុង (០,៧៥–១,៣២ ដុល្លារ)/គីឡូក្រាម ដោយសារតែពិបាកនាំចេញទៅចិន និងកំណើនការផ្គត់ផ្គង់របស់ថៃចំពេលរដូវប្រមូលផលធំចូលមកដល់។

កាសែត VnExpress បានចុះផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា រាប់ចាប់តាំងពីដើមខែមេសាមក តម្លៃទុរេនបានធ្លាក់ចុះជាលំដាប់ ដោយសារកំណើនការផ្គត់ផ្គង់ ដែលជំរុញឱ្យតម្លៃទុរេនជាច្រើនប្រភេទ ធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។
សូម្បីតែតម្លៃទុរេនពូជល្អៗក៏រងផលប៉ះពាល់ផងដែរ ដោយទុរេន Musang King បច្ចុប្បន្នលក់ក្នុងតម្លៃប្រហែល ៦០ ០០០–៦៥ ០០០ ដុង/គីឡូក្រាម ខណៈតម្លៃទុរេនពូជ Monthong ធ្លាក់ចុះមកត្រឹម ៦៥ ០០០–៧៥ ០០០ ដុង/គីឡូក្រាម ដែលទាបជាងតម្លៃកាលពីដើមឆ្នាំដល់ទៅពាក់កណ្ដាលឯណោះ។
នៅខេត្ត ដុងថាប (Dong Thap) ក្នុងតំបន់ដីសណ្ដទន្លេមេគង្គ កសិករបានរាយការណ៍ពីការខាតបង់ផ្នែកហិរញ្ញវត្ថុ ជាពិសេសក្នុងចំណោមអ្នកដាំទុរេនពូជ Ri6 ដែលថា ពួកគេមិនទទួលបានប្រាក់ចំណេញច្រើន ឬមិនចំណេញទាល់តែសោះ ក្រោយទូទាត់ជាមួយនឹងថ្លៃផលិតកម្មរួច។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nghe An News នៅថ្ងៃចន្ទ ទី ៤ ឧសភា នេះ។
អ្នកជំនាញវៀតណាមបានលើកឡើងថា ភាពលំបាកនៃការនាំចេញទៅចិន គឺជាមូលហេតុមួយធ្វើឱ្យតម្លៃទុរេនវៀតណាមធ្លាក់ចុះគំហុក។ មែនទែនទៅ បញ្ហានេះផ្ទុះឡើងខ្លាំងតាំងតែពីឆ្នាំមុនមកម្ល៉េះ នៅពេលចិនចាប់ផ្ដើមរឹតបន្តឹងការត្រួតពិនិត្យទុរេននាំចូលពីថៃ និងវៀតណាម ដោយហាមឃាត់ទុរេនផ្ទុកសារធាតុហាមឃាត់ដូចជា Cadmium និង Yellow O ដែលជាសារធាតុគីមីបង្កជំងឺមហារីក។
សារព័ត៌មានវៀតណាមបានផ្សាយថា បច្ចុប្បន្ននេះ មន្ទីរពិសោធន៍ធ្វើតេស្តជាច្រើនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចេញលេខកូដនាំចេញ បានផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន ដែលរំខានដល់ការបំពេញបែបបទគយ និងបណ្តាលឱ្យការផ្គត់ផ្គង់ទុរេនត្រូវចាល់លើទីផ្សារក្នុងស្រុកវៀតណាម។
ជាមួយគ្នានោះ ថៃ ដែលជាដៃគូប្រកួតប្រជែងដ៏សំខាន់បំផុតខាងនាំចេញទុរេនទៅចិន កំពុងចូលដល់រដូវប្រមូលផលទុរេនធំ ជាមួយនឹងបរិមាណផលិតកម្ម និងការផ្គត់ផ្គង់ដ៏ច្រើន និងមានគុណភាពល្អ។ គុណសម្បត្តិផ្គត់ផ្គង់របស់ថៃ ធ្វើឱ្យទុរេនវៀតណាមស្ថិតក្នុងស្ថានភាពមិនអំណោយផលនៅចិន ដែលជាទីផ្សារនាំចេញទុរេនដ៏ធំបំផុតរបស់ខ្លួន។

អ្នកជំនាញលើកឡើងថា កំណើនការផ្គត់ផ្គង់ទុរេនទាំងក្នុង និងក្រៅស្រុកនារដូវប្រមូលផលធំ កំពុងដាក់សម្ពាធលើទីផ្សារ ជាពិសេសទុរេន ពូជ Ri6 ដែលពឹងផ្អែកខ្លាំងទៅលើបណ្តាញនាំចេញផ្លូវការ។ ការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់រយៈពេលខ្លី កំពុងធ្វើឱ្យពាណិជ្ជករបញ្ចុះតម្លៃ ដែលបណ្តាលឱ្យកសិករដាំដុះវៀតណាមត្រូវលក់ក្នុងតម្លៃថោក សូម្បីតែខាតដើម។
យ៉ាងណាមិញ ទោះបីតម្លៃធ្លាក់ចុះគំហុកក្ដី កាសែត VnExpress និង Nghe An News បានផ្សាយថា ការនាំចេញទុរេនរបស់វៀតណាមបានបង្ហាញពីកំណើនដ៏ខ្លាំងក្លានៅដើមឆ្នាំ ២០២៦ ដល់ ២២២ លានដុល្លារ ក្នុងត្រីមាសទី ១ ឬប្រមាណ ១២៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលកាលនោះ ទុរេនវៀតណាមត្រូវប្រឈមនឹងវិបត្តិធ្ងន់ធ្ងរដោយសារតែការរឹតបន្តឹងលក្ខខណ្ឌនាំចូលរបស់ចិន។
អ្នកជំនាញបានលើកឡើងថា ដើម្បីរក្សាបាននូវសន្ទុះនាំចេញឆ្នាំនេះ វៀតណាមត្រូវអាស្រ័យទៅលើការកែលម្អប្រព័ន្ធគ្រប់គ្រងគុណភាព ការសម្របសម្រួលការផ្គត់ផ្គង់ និងភាពជឿជាក់នៃការនាំចេញ ជាដើម។
ឧស្សាហកម្មទុរេនរបស់ប្រទេសវៀតណាម បានកំណត់គោលដៅឱ្យសម្រេចបានចំណូលពីការនាំចេញទុរេនចន្លោះពី ៤-៤,៥ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៦ ពីប្រមាណ ៣,៩ ប៊ីលានដុល្លារនៅឆ្នាំ ២០២៥៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


