Connect with us

សេដ្ឋកិច្ច

​ហាង​ឆេង​មាស​ស្ទុះឡើងវិញជាង ១០០ ដុល្លារ មួយតម្លឹង​

បានផុស

នៅ

តម្លៃ​ហាងឆេង​មាស​បានស្ទុះឡើង​វិញ​ដល់ ​៥៦២០ ​ដុល្លារ ​ក្នុង​មួយ​តម្លឹង​នៅ​ថ្ងៃ​ពុធនេះ​ បន្ទាប់ពីធ្លាក់ចុះខ្លាំងកាលពីថ្ងៃអង្គារ ដោយ​សារ​មាន​សញ្ញា​នៃ​ភាព​ធូរស្រាល​ជម្លោះ​នៅ​តំបន់មជ្ឈិមបូព៌ា​ ខណៈ​តម្លៃប្រេងមានការធ្លាក់ចុះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន ​PP Link securities ​មានប្រសាសន៍​ថា តម្លៃ​មាស​បាន​កើនឡើងខ្លាំងនៅព្រឹកថ្ងៃពុធទី ០៦ ឧសភានេះ ដោយសារការលើកឡើងរបស់​លោក ដូណាល់ ត្រាំ​ ប្រធានធិបតី​សហ​រដ្ឋ​អា​មេរិក ដែលបង្ហាញ​អំពីកិច្ចចរចារវាងអាមេរិក ជាមួយអ៊ីរ៉ង់ ដែលគេមើលឃើញថា តម្លៃ​ប្រេង និង​ភាពតានតឹងនៅច្រកហ័មូស្ស ដែលជាកត្តារាំងស្ទះសេដ្ឋកិច្ចកន្លង​មកមាន​ភាព​ធូរ​ស្រាល​។

លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារនេះថា ផែនការ «សេរីភាព» ដែលជាប្រតិបត្តិការ រំដោះកប៉ាល់ពាណិជ្ជកម្ម ចេញពីច្រកសមុទ្រ Hormuz នឹងត្រូវផ្អាកជាបណ្តោះអាសន្នសិន។

​លោក ឡុង សំណាង យល់ឃើញថា៖ «​នេះ​គ្រាន់តែ​ជា​ការ​លើកឡើង​អំពីកិច្ច​ចរចាមួយទេ​ ប៉ុន្តែលទ្ធ​ផល​នៃ​ការ​ចរចា​មិន​ទាន់​មាន​សេចក្ដីចេញមក​ពេញលេញនោះទេ ទោះបីយ៉ាងណាក៏​ដោយ​ ក៏យើង​មើលឃើញពីតម្រុយនៅក្នុងការចរចាមួយនេះ អាចនឹងមានរឿងរ៉ាវមួយចំនួននឹងការប៉ះទង្គិច ឬមិន​យល់​ព្រម ​ហើយក៏មានកត្តាមួយ​ចំនួន​ក៏យល់​ព្រម​ដែរ»។​

​លោក ​ឡុង សំណាង ​បន្ថែមថា ​ការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនៅពេលនេះ ​ក៏ជំរុញ​ឱ្យ​តម្លៃហាង​ឆេង​មាស​កើន​ឡើង​ ដោយក្ដីបារម្ភពីសាធារណជន និងវិនិយោគិន ​ដែលចង់កាត់ចំណេញពីហាងឆេងប្រេង ហើយមក​ទិញ​ហាងឆេង​មាសវិញ។​

​គិតត្រឹមម៉ោង ២ ​រសៀលថ្ងៃពុធនេះ ​តម្លៃមាស​ក្នុង​ស្រុកតាមនៅបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ​លក់ចេញក្នុងតម្លៃ ៥៦២ ដុល្លារ ក្នុងមួយជី៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម