សេដ្ឋកិច្ច
សមាគមស្ករត្នោតកំពង់ស្ពឺខ្វះកម្លាំងផលិត ខណៈតម្រូវការទីផ្សារអន្តរជាតិខ្ពស់
ស្ករត្នោតកំពង់ស្ពឺ កំពុងមានតម្រូវការខ្ពស់នាំចេញទៅទីផ្សារអន្តរជាតិ។ ស្របពេលដែលតម្រូវការទីផ្សារអន្តរជាតិខ្ពស់ ស្ករត្នោតកំពង់ស្ពឺមិនអាចផ្គត់ផ្គង់គ្រប់ចំនួនកំណត់ ដោយសារខ្វះកម្លាំងផលិត។

លោក វី សាសនា អ្នកចាត់ការទូទៅនៃសមាគមស្ករត្នោតកំពង់ស្ពឺ បានឲ្យកម្ពុជាថ្មីដឹងថា មូលហេតុដែលសមាគមស្ករត្នោតកំពង់ស្ពឺខ្វះកម្លាំងផលិត ដោយសារយុវជនពេញកម្លាំងភាគច្រើនងាកទៅធ្វើការងារក្នុងវិស័យរោងចក្រ។ ចំណែកកសិករវ័យចំណាស់ខ្វះកម្លាំងក្នុងការឡើងត្នោត មួយចំនួនក៏បោះបង់មុខរបរនេះ។
បើតាមលោក វី សាសនា បច្ចុប្បន្ននេះសមាជិករបស់សមាគម ដែលកំពុងផលិតស្ករសម្រាប់នាំចេញមានចំនួន១៥០គ្រួសារ។ ដើម្បីបំពេញតម្រូវការទាន់ពេលវេលា សមាគមគ្រោងបង្កើនសមាជិកបន្ថែមទៀតឲ្យបានជាង ២០០គ្រួសារ ទើបធានាបានការផលិតគ្រប់ចំនួនតាមកិច្ចសន្យារបស់ក្រុមហ៊ុនបញ្ជាទិញ។

អ្នកស្រី ឈិន ឆន រស់នៅភូមិព្រៃស្មិត ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានលើកឡើងថា អ្នកស្រីបានចូលសមាគមស្ករត្នោតកំពង់ស្ពឺរយៈពេល ៤ឆ្នាំហើយ គិតត្រឹមឆ្នាំ ២០២១នេះ។ វេលាដែលចូលក្នុងសមាគមនេះ អ្នកស្រីផលិតស្ករត្នោតស្របតាមស្តង់ដាបានចំនួនចន្លោះពីមួយតោនទៅពីរតោនក្នុងមួយរដូវ(៥ខែ)។ អ្នកស្រីបញ្ជាក់ថា ក្នុងមួយរដូវនេះ អាចរកចំណូលបានពីការផលិតស្ករចន្លោះពី២ពាន់ដុល្លារ ទៅ៣ពាន់ដុល្លារ ក្រៅពីកិច្ចការងារស្រែចម្ការ។ ការងារផលិតស្ករចន្លោះពីខែ ធ្នូ ដល់ខែ ឧសភា។

បច្ចុប្បន្នសមាគមផ្តោតលើការផលិតស្ករត្នោតនៅតំបន់ចំនួនបី គឺស្រុកឧដុង្គ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល។
អ្នកចាត់ការទូទៅនៃសមាគមស្ករត្នោតកំពង់ស្ពឺលោក វី វាសនា បានឲ្យដឹងទៀតថា ឆ្នាំនេះ សមាគមនាំចេញស្ករបានសរុបចំនួន ១៥៧តោន ក្នុងនោះ ស្ករម្សៅបាន៤២តោន ស្ករសេរ៉ូបាន១៩តោន និងជាង ៩០តោន គឺស្ករសាច់។ ស្ករដែលសមាគមផលិតមាន៤ប្រភេទ គឺស្ករម្សៅ ស្ករសេរ៉ូ ស្ករផែន និងស្ករសាច់។

លោក វាសនា បានបញ្ជាក់ថា ស្ករត្នោតកំពង់ស្ពឺនាំចេញតាមរយៈក្រុមហ៊ុនទៅប្រទេស កាណាដា អាឡឺម៉ង់ បារាំង ចិន កូរ៉េ ដោយភាគច្រើននាំចេញទៅសហគមន៍អឺរ៉ុប។ ចំណែកនៅក្នុងស្រុកក៏មានការផ្គត់ផ្គង់ប្រភេទស្ករសាច់ច្រើនផងដែរ។
ស្ករត្នោតនាំចេញមានតម្លៃ ៧០០០រៀល ក្នុងមួយគីឡូក្រាម ពោលគឺកើនលើស ២០០រៀល បើធៀបនឹងឆ្នាំមុន តម្លៃ ៦៨០០រៀល ក្នុងមួយគីឡូ។
ស្ករត្នោតកំពង់ស្ពឺ ត្រូវបានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ដ្រ (GI) កាលពីឆ្នាំ២០១០ និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តការពារ (PGI) របស់សហភាពអឺរ៉ុប នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ដោយបានទទួលស្គាល់ថា ជានិមិត្តរូបនៃប្រទេសកម្ពុជា។
ដើមត្នោត ដែលបានផ្តល់ស្ករឲ្យសមាគមស្ករត្នោតកំពង់ស្ពឺ មានចំនួនជាង ៣ពាន់ដើម ស្ថិតក្នុងស្រុកពីរនៃខេត្តកំពង់ស្ពឺ គឺស្រុកឧដុង្គ ស្រុកសំរោងទង និងមួយស្រុកទៀត នៅអង្គស្នួល នៅខេត្តកណ្តាល៕
អត្ថបទ៖ ទួន សុផល








-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម