ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបញ្ចុះបឋមសិលាកសាងមហាប្រាសាទព្រះធម្មចេតិយទី២ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុង ពិធីបុណ្យបញ្ចុះបឋមសិលាកសាងមហាប្រាសាទ ព្រះធម្មចេតិយទី២ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី៧ មីនា ២០២៥។ កម្មវិធីនេះរៀបចំឡើង ដោយមានការនិមន្ត អញ្ជើញរួមមាន ពីសំណាក់ព្រះសង្ឈគណៈមហានិកាយ លោក លោកស្រីសមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមការងារចុះជួយមូលដ្ឋាន មន្រ្តីរាជការ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ចំនួន ៨៤៥ អង្គ/នាក់។

បន្ទាប់ពីស្តាប់របាយការណ៍សាងសង់ដោយ អ្នកឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ឯកឧត្តមហ៊ុន ម៉ានី កោតសរសើរចំពោះគំនិតផ្តួចផ្តើមក្នុងការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានេះ និងថ្លែងអំណរគុណចំពោះទឹកចិត្ត និងសទ្ធាជ្រះថ្លារបស់ អ្នកឧកញ៉ា ចំពោះការខិតខំប្រឹងប្រែង និងការលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា និងការបរិច្ចាគថវិកាផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងបានអំពាវនាវ កៀរគរថវិកាពីសប្បុរជន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកកសាងសមិទ្ធផលនានាជាច្រើននៅក្នុងមជ្ឈមណ្ឌលដ៏ធំនេះ សម្រាប់ទុកជាបូជនីយដ្ឋានព្រះពុទ្ធសាសនា និងជាមត៌កវប្បធម៌ជាតិ។

ឯកឧត្តមបានលើកឡើងថា តាមរយៈសមិទ្ធផលនាថ្ងៃនេះ បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការជឿទុកចិត្តមកលើការដឹកនាំ និងការអនុវត្តការងារ របស់ដឹកថ្នាក់នាំគ្រប់ជាន់ថ្នាក់ ក្នុងការកែប្រែកន្លែងដែលមានអតីតកាលចូរចត់ មកជាកន្លែងសម្រាប់អប់រំផ្លូវចិត្ត និងបម្រើដល់ប្រយោជន៍ព្រះពុទ្ធសាសនា។

ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ពីទស្សនៈប្រវត្តិសាស្រ្តរបស់កម្ពុជា ដោយផ្សាភ្ជាប់ថា ផ្អែកលើអតីតកាលដែលបានឆ្លងកាត់ដោយលំបាក គឺយើងត្រូវខំប្រឹងប្រែងគិតគូរបន្ថែមឆ្ពោះទៅអនាគត ក្នុងនោះក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺយើងត្រូវបន្តថែរក្សា និងការពារ និងអភិវឌ្ឍបន្ថែម ទៅលើថ្នាលមានស្រាប់ ដែលយុវជនជំនាន់មុខបានកសាង និងថែរក្សាដើម្បីអ្នកជំនាន់ក្រោយ។

គួរឱ្យដឹងថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ ២១៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ ស្ដីពីការកំណត់តំបន់ គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ដោយត្រូវបានកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» លើផ្ទៃដីសរុបចំនួន ១២៦ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងការរៀបចំ កសាងអភិវឌ្ឍប្រែក្លាយទៅជាបូជនីយដ្ឋានជាទីគោរពសក្ការៈបូជាដ៏ល្អប្រណិតថ្នាក់ជាតិអន្តរជាតិ និងជារមណីយដ្ឋានទេសចរណ៍វប្បធម៌បែបព្រះពុទ្ធសាសនា ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដើម្បីបន្សល់ទុកជាមរត៌កដល់កូនចៅជំនាន់ក្រោយ និងដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ ពីព្រះពុទ្ធសាសនានៅកម្ពុជា។

គម្រោងសាងសង់នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាមានចំនួន ៣៨ គម្រោង ដែល ប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងការត្រាស់ដឹង ពុទ្ធិ និង បញ្ញា រួមមានការសាងសង់ព្រះចូឡា មុនីចេតិយ ៩ ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន ៤ មហាប្រាសាទធម្មចេតិយតូចចំនួន ៨ សម្រាប់តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤.០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនា៕












-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៨ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


