Connect with us

សេដ្ឋកិច្ច

កម្ពុជាឈានមុខគេក្នុងការអនុវត្ត eTrade Readiness Assessment របស់អង្គការសហប្រជាជាតិ (UNCTAD)

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​​បានលើកឡើងថា កម្ពុជាជាប្រទេសឈានមុខគេក្នុងការអនុវត្ត ការវាយតម្លៃភាពរួចរាល់នៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (eTrade Readiness Assessment) ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNCTAD) ដោយសម្រេចបាននូវអត្រាអនុវត្តខ្ពស់គួរឱ្យកត់សម្គាល់ប្រមាណ៩២%។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបាន​ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទស្តីពី «ការដោះស្រាយបញ្ហាប្រឈមសម្រាប់ការត្រៀមលក្ខណៈឌីជីថលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍»ដែលជាកិច្ចពិភាក្សាដ៏សំខាន់មួយថ្នាក់រដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំលើកទី៧ ស្តីពី “UNCTAD Intergovernmental Group of Experts (IGE) on E-Commerce and the Digital Economy” កាលពីថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ សហព័ន្ធស្វីស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ចម និម្មលបានគូសបញ្ជាក់​ថា៖« កម្ពុជាជាប្រទេសឈានមុខគេក្នុងការអនុវត្ត eTrade Readiness Assessment ដោយសម្រេចបាននូវអត្រាអនុវត្តខ្ពស់គួរឱ្យកត់សម្គាល់ប្រមាណ៩២%»។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានអនុវត្ត eTrade Readiness Assessment ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ប្រព័ន្ធអេកូឡូហ្ស៊ីនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

«កម្ពុជា ប្តេជ្ញាចិត្តក្នុងការពង្រួមគម្លាតឌីជីថល និងជំរុញកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យនេះ និងបានយល់ពីសារៈសំខាន់នៃសហគ្រាសមីក្រូ ធុនតូច និងមធ្យម ព្រមទាំងបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីធានានូវកំណើនសហគ្រាសមីក្រូ ធុនតូច និងមធ្យម ឱ្យកាន់តែច្រើនឡើង និងអាចទទួលបាននូវសេវាសាធារណៈ និងធានាបាននូវហិរញ្ញប្បទានដែលពួកគេត្រូវការដើម្បីបន្តភាពរីកចម្រើនបន្ថែមទៀត»។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។​

ប្រតិបត្តិការ​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​(E-Commerce)​ បាន​ជួយ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រក​ចំណូល​ពន្ធ​បាន​ប្រមាណ​ជាង ៧៥​លាន​ដុល្លារ​កាល​ពី ​ឆ្នាំ​២០២៣ ខណៈ​ការ​ប្រមូល​ចំណូល​ពន្ធ​ប្រភេទ​នេះ​បាន​ចាប់​ផ្តើម​អនុវត្ត​ដំបូង​កាល​ពី​ដើម​ត្រី​មាស​ ទី​២ ឆ្នាំ​២០២២។ នេះ​បើ​តាម​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​(GDT)។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ GDT ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​ធ្នូ ឆ្នាំ​២០២៣ អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពី​ប្រតិបត្តិ​ការ​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក បាន​ចំនួន ៣០៥,៨៣​ពាន់​លាន​រៀល ស្មើ​នឹង ៧៥,៥២​លាន​ដុល្លារ ក្នុង​នោះ​ចំណូល​ប្រមូល​បាន​ពី​អនិវាសន​ជន​ដែល​បាន​ចុះ​បញ្ជី​អាករ​លើ​តម្លៃ​បន្ថែម​សាមញ្ញ​(Simplified VAT Registration) មាន​ចំនួន ៦៤,៩៦​ពាន់​លាន​រៀល ស្មើ​នឹង ២០,៩៨​លាន​ដុល្លារ និង​ចំណូល​ប្រមូល​បាន​ពី​និវាសនជន​តាម​វិធី​សាស្រ្ត​គិត​អាករ​ជំនួស​(VAT Reverse Charge)​មាន​ចំនួន ២២០,៨៧​ពាន់​លាន​រៀល ស្មើ​នឹង ៥៤,៥៤​លាន​ដុល្លារ។

GDT បាន​បញ្ជាក់​ថា៖​«​ក្នុង​បដិវត្ត​ឧស្សាហ​កម្ម ៤.០ សេដ្ឋកិច្ច​ឌីជីថល​កំពុង​មាន​ការ​រីក​លូត​លាស់​ឥត​ឈប់​ឈរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្នុង​នោះ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិកក៏​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ ពិសេស​ការ​ធ្វើ​ប្រតិបត្តិ​ការ​ពាណិជ្ជ​កម្ម រួម​ទាំង​ប្រតិបត្តិករ​ថ្នាល​អេឡិច​ត្រូនិក​(Electronic platform Operator) ចូល​មក​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា»។

បើ​យោង​តាម GDT ការ​ប្រមូល​អាករ​លើ​តម្លៃ​បន្ថែម​ពី​ប្រតិបត្តិ​ការ​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ត្រូវ​បាន​ចាប់​អនុវត្ត​ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ​២០២២ ដោយ​ចំណូល​ដែល​ទទួល​បាន​ក្នុង​ឆ្នាំ​២០២២ មាន​ប្រមាណ​ ៣៧,៦២​លាន​ដុល្លារ​។​

គិត​រហូត​មក​ដល់កុម្ភៈ ឆ្នាំ២០២៤ មាន​ក្រុម​ហ៊ុន​ចំនួន ៨៤ បាន​ចុះ​បញ្ជី​អាករ​លើ​តម្លៃ​បន្ថែម​សាមញ្ញ ដែល​មាន​ជា​អាទិ៍ Meta, Google, Youtube, Tik Tok, Netflix ជាដើម។ នេះ​បើ​យោង​តាម GDT៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម