ព័ត៌មានអន្ដរជាតិ
ចិនចាប់ផ្ដើមសាងសង់ទំបន់វារីអគ្គិសនីធំបំផុតលើលោក បង្កក្ដីបារម្ភពីប្រទេសក្រោមខ្សែទឹក
ភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ថា នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង កាលពីថ្ងៃសៅរ៍ បានប្រកាសអំពីការចាប់ផ្ដើមការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំបំផុតជាគេលើពិភពលោក ក្នុងតំបន់ទីខ្ពង់រាបទីបេ ជាមួយនឹងតម្លៃប៉ាន់ស្មានយ៉ាងហោចណាស់ជិត ១៧០ ប៊ីលានដុល្លារ ខណៈប្រទេសក្រោមខ្សែទឹកដូចជាឥណ្ឌា និងបង់ក្លាដែសសម្ដែងក្ដីបារម្ភពីផលប៉ះពាល់។

លោក លី បានប្រកាសវាឡើង អំឡុងពេលចូលរួមពិធីបើកការដ្ឋានសាងសង់ទំបន់វារីអគ្គិសនីដដែល នៅទីក្រុង Nyingchi តំបន់ស្វយ័ត Xizang (ទីបេ) នាភាគនិរតីនៃប្រទេសចិន។
ទំបន់វារីអគ្គិសនីដ៏ធំមហិមានេះ មានទីតាំងនៅផ្នែកខាងក្រោមបំផុតនៃទន្លេ Yarlung Zangbo ក្នុងប្រទេសចិន ហើយតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន Power Construction Corp នៃប្រទេសចិនក្នុងឆ្នាំ ២០២០ វាមានសមត្ថភាពផលិតអគ្គិសនីបានប្រមាណ ៣០០ ប៊ីលានគីឡូវ៉ាត់ម៉ោង/ឆ្នាំ។ ទំហំនេះ ធំជាងដល់ទៅ៣ដង នៃសមត្ថភាពរបស់ទំបន់វារីអគ្គិសនី Three Gorges Dam (៨៨,២ ប៊ីលានគីឡូវ៉ាត់ម៉ោង/ឆ្នាំ) ភាគកណ្ដាលនៃប្រទេសចិន ដែលបច្ចុប្បន្នជាទំនប់វារីអគ្គិសនីដ៏ធំរបស់សកល នៅលើទន្លេយង់ហ្សេ។
បើតាម Xinhua គម្រោងនេះនឹងផ្តល់ថាមពលអគ្គិសនីជាចម្បងសម្រាប់តម្រូវការប្រើប្រាស់ទាំងក្នុង និងក្រៅតំបន់ទីបេ (ចិនហៅតំបន់ Xizang) ខណៈរដ្ឋាភិបាលចិនបានទទូចនាពេលកន្លងមកថា គម្រោងយក្សដដែលនឹងមិនប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ឬការផ្គត់ផ្គង់ទឹកនៅផ្នែកខាងក្រោមនៃទន្លេនោះទេ។ ជាថ្មីម្ដងទៀត លោក លី បានថ្លែងកាលពីថ្ងៃសៅរ៍ថា វាជា «គម្រោងប្រចាំសតវត្សរ៍» ហើយបាននិយាយថា ចិននៅតែសង្កត់ធ្ងន់លើ «ការអភិរក្សអេកូឡូស៊ីដើម្បីការពារការខូចខាតបរិស្ថាន»។

រដ្ឋាភិបាលចិនបានអនុម័តលើគម្រោងកាលពីចុងខែធ្នូ ឆ្នាំមុន ដោយ Xinhua បានរាយការណ៍នៅពេលនោះថា គម្រោងទំបន់វារីអគ្គិសនីដដែល នឹងដើរតួយ៉ាងសំខាន់ក្នុងការបំពេញតាមគោលដៅកាបូន និងអព្យាក្រឹតកាបូនរបស់ចិន ជំរុញឧស្សាហកម្មពាក់ព័ន្ធដូចជាវិស្វកម្ម និងបង្កើតការងារនៅក្នុងតំបន់ទីបេជាដើម។
ទោះយ៉ាងណាក៏ដោយ កន្លងមក ប្រទេសឥណ្ឌា និងបង់ក្លាដែស បានសម្ដែងការព្រួយបារម្ភអំពីគម្រោងទំនប់វារីអគ្គិសនីរបស់ចិន ដោយលើកឡើងថា វាអាចធ្វើឱ្យបរិស្ថានក្នុងតំបន់ លំហូរ និងផ្លូវទឹកខាងក្រោមទំនប់ មានការ ប្រែប្រួល។ ឥណ្ឌាព្រួយបារម្ភថា ចិនអាចយកការផ្គត់ផ្គង់ទឹកធ្វើជាគំនាបផ្សេងៗ ដែលអាចឱ្យចិនមានប្រៀបផ្នែកភូមិសាស្រ្តនយោបាយ។

ទន្លេ Yarlung Zangbo ហូរចាក់ទៅក្នុងឈូងសមុទ្របេងហ្គាល់ ដោយឆ្លងកាត់ឥណ្ឌា និងបង់ក្លាដែស ដែលឱ្យឈ្មោះវាថា ទន្លេព្រហ្មបុត្រ (Brahmaputra)។ ដោយហេតុនេះ អង្គការក្រៅរដ្ឋាភិបាលផ្សេងៗបានសម្ដែងការព្រួយបារម្ភថា ទំនប់លើទន្លេនេះនឹងធ្វើឱ្យប៉ះពាល់ដល់តំបន់ខ្ពង់រាបទីបេ និងប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅខាងក្រោមទឹក។
យ៉ាងណាមិញ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតមួយនោះគឺថា ទីតាំងភូមិសាស្រ្តខ្ពង់រាបនៃទំនប់។ នៅតំបន់មួយនៃទន្លេ Yarlung Zangbo កម្ពស់ផ្ទៃដីធ្លាក់ចុះរហូតដល់ ២ ០០០ គីឡូម៉ែត្រ ត្រឹមតែរយៈចម្ងាយ ៥០ គីឡូម៉ែត្រ ដែលធ្វើឱ្យវាអាចផ្តល់នូវសក្តានុពលវារីអគ្គិសនីដ៏ធំ រួមជាមួយបញ្ហាប្រឈមផ្នែកវិស្វកម្មផ្សេងៗ៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៦ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


