សេដ្ឋកិច្ច
កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៧ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក សប្តាហ៍ក្រោយ
កម្ពុជានឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៧ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) សម្រាប់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញ។

កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគ្រោងមានអ្នកចូលរួមប្រមាណជា ៥០០នាក់ ដែលជាថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, តំណាងទូតនៅប្រទេសកម្ពុជា, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា, គ្រឹះស្ថានវិស័យឯកជន, និងភាគីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។
កិច្ចប្រជុំប្រចាំឆ្នាំនេះ ជាកិច្ចប្រជុំថ្នាក់តំបន់មួយ ត្រូវរៀបចំឡើងក្រោមប្រធានបទ «តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍ ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ប្រកបដោយចីរភាព» គ្រោងនឹងមានស្ថាប័នចូលរួមប្រមាណជា ៩៣ ស្ថានប័ន មកពី ៤១ប្រទេស ដែលជាសមាជិក ADFIAP និងភាគីពាក់ព័ន្ធ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការសម្រេចពីក្រុមប្រឹក្សាភិបាល ADFIAP ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី ៤៧ នៅកម្ពុជា។
លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃ ADFIAP បានបញ្ជាក់ឱ្យដឹងថា ការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADFIAP នឹងផ្តល់ផលប្រយោជន៍សម្រាប់ជាតិ ដូចជាការលើកតម្កើងកិត្តិយសរបស់កម្ពុជា លើឆាកអន្តរជាតិ ឱ្យគេបានស្គាល់កាន់តែច្រើន តាមរយៈការអញ្ជើញមកដល់នៃប្រតិភូគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ជាសមាជិកចំនួន ៩៣គ្រឹះស្ថាន មកពី៤១ប្រទេស ពួកគេនឹងបានឃើញសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។
លោក កៅ ថាច បន្តថា ការធ្វើជាម្ចាស់ផ្ទះនេះក៏អាចនឹងទាក់ទាញបាននូវលំហូរទុនវិនិយោគ ពីបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នានា មកកាន់កម្ពុជាផងដែរ ទាំងលំហូរទុនលើវិស័យកសិកម្ម រួមទាំងលំហូរឥណទានបៃតង អភិវឌ្ឍន៍ប្រកបដោយចិរភាព ដែលជាការផ្តល់ឥណទាន ផ្សាភ្ជាប់នឹងលក្ខខណ្ឌនៃការប្រែប្រួលអាកាសធាតុ មិនត្រឹមតែជារបត់សម្រាប់ធនាគារអភិវឌ្ឍន៍ប៉ុណ្ណោះទេ ធនាគារពាណិជ្ជក៏ដូចគ្នា។
លោកបណ្ឌិត កៅ ថាច បញ្ជាក់ថា កិច្ចប្រជុំនោះក៏អាចលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូ រវាងស្ថាប័នផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក, ផ្តល់ឱកាសសម្រាប់ប្រទេសកម្ពុជា ក្នុងការចែករំលែកបទពិសោធន៍ និងទស្សនទាន លើការអនុវត្តកម្មវិធីហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាល ដល់ស្ថាប័នផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងជាវេទិកាសម្រាប់ប្រទេសកម្ពុជា ទទួលបានចំណេះដឹងថ្មីៗ ពីស្ថាប័នផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
កិច្ចប្រជុំថ្នាក់តំបន់ដ៏សំខាន់នេះ ក៏នឹងចែករំលែកព័ត៌មានផ្តោតសំខាន់លើការប្រែប្រួលអាសកាសធាតុ ដែលពាក់ព័ន្ធសន្តិសុខស្បៀង និងសុខភាពរបស់ប្រជាពលរដ្ឋ, ការអនុវត្តគ្រោងទាក់ទងនឹងហិរញ្ញប្បទានបៃតង ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
សូមជម្រាបថា សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី-ប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific-ADFIAP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ ជាទម្រង់ជាអង្គការក្រៅរដ្ឋាភិបាល មានមុខងារផ្តល់ប្រឹក្សាជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (the United Nations’ Economic and Social Council) ដែលមានលេខាធិការដ្ឋានអចិន្ត្រៃយ៍ ស្ថិតនៅក្រុងម៉ាកាទី រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលជាសមាជិក ADFIAP ចាប់តាំងពីឆ្នាំ ២០០៥។ ADFIAP មានកិច្ចប្រជុំប្រចាំឆ្នាំជាទៀងទាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងអគ្គនាយកនៃបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងតំបន់ដែលជាសមាជិក៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


