Connect with us

សេដ្ឋកិច្ច

តម្លៃជ័រកៅស៊ូបានធ្លាក់ចុះ ខណៈការនាំចេញមានកំណើននៅឆមាសទី១ ឆ្នាំនេះ

បានផុស

នៅ

ការនាំចេញជ័រកៅស៊ូកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់សរុបចំនួន ២២៩ លានដុល្លារ នៅក្នុង​រយៈពេល ៦ ខែ ឆ្នាំ ២០២៤ កើនឡើង ១៩,៨៣ ភាគរយ បើធៀបនឹងរយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣ ដែលមានចំនួន ១៩១ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់​អគ្គនា​យកដ្ឋាន​គយ និងរដ្ឋាករកម្ពុជា ​(GDCE)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា​ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ នេះថា ការប្រមូលផលជ័រកៅស៊ូយកមកកែច្នៃបានគ្រប់គ្រាន់ ខណៈកម្ពុជាកំពុង​មាន​កំណើនផ្ទៃដីចៀរជ័រកៅស៊ូបន្ថែម ដែលធ្វើឱ្យបរិមាណ​ប្រមូលផលកើនឡើងជាងមុន។

លោក ម៉ែន សុភក្ដិ ប្រាប់ថា តម្លៃកៅស៊ូនៅ​ក្នុងសប្ដាហ៍​នេះ បានធ្លាក់ចុះប្រមាណ ៥០ ដុល្លារ ប្រៀបនឹងសប្ដាហ៍មុន ដោយលក់ក្នុងតម្លៃជាង ១ ពាន់ ៦ រយ ដុល្លារ ក្នុងមួយតោន (ប្រភេទកៅស៊ូល្អ) ខណៈ​ជ័រ​កៅស៊ូ​ប្រភេទលេខ ១០ តម្លៃធ្លាក់ក្រោម ១ ពាន់ ៦ រយដុល្លារ។ លោក​បញ្ជាក់​ថា មូលហេតុដែលតម្លៃធ្លាក់ចុះ ដោយសារតម្រូវការ​ទីផ្សារ​បានធ្លាក់ចុះ តម្លៃកៅស៊ូក៏ធ្លាក់ចុះដែរ។

Exif_JPEG_420

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា កៅស៊ូស្ងួត​កម្ពុជាមានតម្លៃជាមធ្យម​ ១ ៤៥០ ដុល្លារ ក្នុងមួយ​តោន​​ដែលខ្ពស់ជាង​ឆ្នាំមុន ៤១ ដុល្លារ។​ កម្ពុជាបាននាំចេញជ័រកៅស៊ូ​ភាគច្រើន​​ទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីដាំកៅស៊ូចំនួនជាង ៤០ ម៉ឺន ហិកតា (៤០៧១៧២) នៅឆ្នាំ ២០២៣ កើនឡើងជិត ២ ពាន់ ៦ រយហិកតា បើធៀបនឹងឆ្នាំ ២០២២៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម