Connect with us

សេដ្ឋកិច្ច

​រោងចក្រ​ផលិតសំបក​កង់​រថយន្ត ​WANLI TIRE តម្លៃជិត ៣០០ ​លាន​ដុល្លារ ​ដាក់​ឱ្យ​ដំណើរការ​នៅខេត្តស្វាយរៀង

បានផុស

នៅ

រោងចក្រផលិតសំបកកង់រថយន្ត ដែលមានតម្លៃជិត ៣០០ ​លានដុល្លារ ​របស់​ក្រុមហ៊ុន វ៉ាន់លី ថាយអឺរ WANLI TIRE (CAMBODIA) CO., LTD ​បានបើកសម្ពោធដាក់ឱ្យដំណើរការដំណាក់កាលទី១ ​នៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ ក្រោម​វត្តមាន​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រោងចក្រផលិតសំបកកង់រថយន្ត ​វ៉ាន់លី ថាយអឺរ ​មានទីតាំងស្ថិតក្នុងតំបន់​សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ​ក្នុងស្រុកចន្ទ្រា ​ខេត្តស្វាយរៀង ​ដែលមានទំហំផ្ទៃដី ៣២ ​ហិកតា ​និងអាចផ្ដល់​ការងារប្រមាណ ៦០០ កន្លែង​។

​ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវក្រុមហ៊ុនផលិត​សំបកកង់រថយន្ត វ៉ាន់លី ថាយអឺរ គឺជាសក្ខីភាពសបញ្ជាក់ឱ្យឃើញ​ពីសមិទ្ធផល​ដ៏ថ្លៃថ្លាថ្មីមួយទៀត ដែលកើតចេញពីចំណងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងកម្ពុជា និងសាធា​រណរដ្ឋប្រជាមានិតចិន។ ​

​ទន្ទឹមនេះ ពិធីនេះក៏បង្ហាញយ៉ាងជាក់ច្បាស់ អំពីការផ្តល់សេចក្តីទុកចិត្ត របស់វិស័យឯកជន មកលើ​សក្តានុពលដែលមាននៅកម្ពុជា។

​លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​មានប្រសាសន៍ថា ​វត្ត​មាន​​រោងចក្រផលិត​សំបក​កង់​រថ​យន្តនៅកម្ពុជាបាន​ជួយស្រូប​ទាញ​ជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។ ​

លោក ម៉ែន សុភក្ដិយល់ឃើញថា៖ «ពីមុន​យើង​លក់កៅស៊ូនាំចេញទៅក្រៅប្រទេស ​ឥឡូវ​មានរោង​ចក្រកង់​ឡាន​ដែលគេ​មកផលិតដោយ​ប្រើកៅ​ស៊ូ​ធម្មជាតិ ផ្នែកនៃគ្រឿងផ្សំផលិត​កង់​ឡាន​​​គឺទិញកៅស៊ូធម្ម​ជាតិ​ក្នុងស្រុក ហើយយើង​លក់​កៅ​ស៊ូ​ក្នុង​ស្រុកយើងអត់ចំណាយ​លើការដឹក​ជញ្ជូន​សេវាផ្សេងៗ»។

​នៅក្នុងឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ​បាន​អនុម័តគម្រោងវិនិយោគលើរោងចក្រផលិតសំបកកង់​រថ​យន្ត​ចំនួន ៤ ​ជាមួយទុនវិនិយោគ ៧៧៤ លានដុល្លារ ស្ថិតនៅតំបន់សេដ្ឋ​កិច្ច​ពិសេស ISI ខេត្ត​ព្រះ​សីហនុ​ និង​តំបន់សេដ្ឋ​កិច្ច​ពិសេសស្ថិតក្នុង​ខេត្ត​ស្វាយ​រៀង​។​

កម្ពុជា​រកចំណូល​បាន​ជាង ១,២ ​ពាន់លានដុល្លារ ​ពីការ​នាំចេញ​សំបក​កង់​រថយន្ត​នៅ​ក្នុងរយៈពេល​ ១១ ខែ ឆ្នាំ ២០២៥ កើនឡើង ៥៧,៨៨% ធៀប​នឹង​រយៈពេល​ដូចគ្នា​ នៅ​ឆ្នាំ ២០២៤ ​ខណៈ​តម្រូវ​ការ​ជ័រ​កៅស៊ូ​ក្នុង​ស្រុក​កើន​ឡើងខ្ពស់៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម