ព័ត៌មានអន្ដរជាតិ
ពីអ្នកលក់គុយទាវនៅអ៊ុយក្រែន ក្លាយជាមហាសេដ្ឋីលុយរាប់ពាន់លានដំបូងរបស់វៀតណាម
«ខ្ញុំមិនខ្វល់ថាខ្ញុំរកលុយបានប៉ុន្មាននោះទេ។ ខ្ញុំចង់បង្កើតអ្វីៗ ដែលធ្វើឱ្យជីវិតស្រស់ស្អាត»។ នេះជាសម្ដីរបស់លោក Pham Nhat Vuong ដែលត្រូវបានទស្សនាវដ្តីជំនួញអាមេរិក Forbes ដកស្រង់ក្នុងអត្ថបទប្រវត្តិរូបសង្ខេបរបស់មហាសេដ្ឋីប្រាក់រាប់ពាន់លានដុល្លារវៀតណាមរូបនេះ។

ក្នុងទំហំទ្រព្យសម្បត្តិប្រមាណ ៤,២ ប៊ីលានដុល្លារ (គិតត្រឹមខែតុលា ២០២៤) លោក Vuong ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីប្រាក់រាប់ពាន់លានដុល្លាររបស់វៀតណាមដំបូងគេនៅឆ្នាំ ២០១៣ និងជាម្ចាស់ក្រុមហ៊ុនពហុវិស័យដ៏ធំបំផុតមួយរបស់ប្រទេស គឺ Vingroup ដែលរកស៊ីលើវិស័យអចលនទ្រព្យ សុខាភិបាល បច្ចេកវិទ្យា ការលក់រាយ សេវាកម្ម សណ្ធាគារ និងវិស័យអប់រំជាដើម។
Forbes បានចាត់ថ្នាក់លោក Vuong ថាជាមហាសេដ្ឋីរកលុយដោយខ្លួនឯង ខណៈសហគ្រិនដដែល បានចំណាយពេលជាង ៣០ ឆ្នាំ មុនក្លាយជាបុគ្គលដ៏ជោគជ័យម្នាក់របស់វៀតណាមនាពេលបច្ចុប្បន្ន ក្រោយលោកបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានស្រាវជ្រាវភូគព្ភសាស្ត្រក្រុងមូស្គូ ប្រទេសរុស្ស៊ី នៅឆ្នាំ ១៩៩២។
លោក Vuong ត្រូវបានគេឱ្យរហ័ស្សនាមថា «ដូណាល់ ត្រាំ វៀតណាម» ដែលមានដុងខាងជំនួញ ប្រែខ្លួនពីអ្នកលក់គុយទាវ នៅប្រទេសទសវត្សរ៍ឆ្នាំ ១៩៩០ ប្រែក្លាយជាមហាសេដ្ឋីវៀតណាម។ បច្ចុប្បន្ន លោកមានវ័យ ៥៦ ឆ្នាំ និងបានកើតក្នុងសម័យសង្រ្គាមវៀតណាម នាឆ្នាំ ១៩៦៨ នៅទីក្រុងហាណូយ ដោយមានឪពុកជាកងកម្លាំងការពារដែនអាកាសវៀតណាមខាងជើង និងម្តាយជាអ្នកលក់តែតាមចិញ្ចើមផ្លូវ។

សម័យក្រោយសង្រ្គាម គ្រួសាររបស់លោក Vuong ត្រូវពឹងផ្អែកទាំងស្រុងលើរបររបស់ម្ដាយដែលរកបានចំណូលតិចតួច។ ក្នុងអត្ថបទចុះផ្សាយឆ្នាំ ២០១៦ លោកបានថ្លែងប្រាប់ Forbes យ៉ាងដូច្នេះថា៖ «ជីវិតខ្ញុំកាលនោះ មិនធំនោះទេ។ ខ្ញុំគ្រាន់តែចង់ជួយគ្រួសារខ្ញុំតែប៉ុណ្ណោះ»។
ទោះបីជាជីវភាពគ្រួសារលំបាកក៏ដោយក្ដី អនាគតមហាសេដ្ឋីដដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ដោយបានចូលរៀននៅសាកលវិទ្យាល័យហាណូយផ្នែករ៉ែ និងភូគព្ភសាស្ត្រ ក្នុងឆ្នាំ ១៩៨៧។ ដោយសារតែពូកែខាងគណិតវិទ្យា លោក Vuong បានទទួលអាហារូបករណ៍បន្តសិក្សាផ្នែកវភូគព្ភសាស្ត្រសេដ្ឋកិច្ច នៅវិទ្យាស្ថានស្រាវជ្រាវភូគព្ភសាស្ត្រក្រុងមូស្គូ រុស្ស៊ី (សហភាពសូវៀតនាពេលនោះ)។ កាសែត Vietnam Daily បានចុះផ្សាយថា ក្នុងអំឡុងពេលសិក្សានៅរុស្ស៊ី លោក Vuong តែងធ្វើសកម្មភាពបែបសហគ្រិនភាពរបស់ខ្លួន ដោយនាំយកផលិតផលថោកៗពីវៀតណាម ទៅលក់បន្តនៅរុស្ស៊ី។
ក្រោយបញ្ចប់ការសិក្សានៅក្រុងមូស្គូ ពោលគឺបន្ទាប់ពីសហភាពសូវៀតដួលរលំ លោកបានរៀបការជាមួយលោកស្រី Pham Thu Huong ដែលជាគូស្នេហ៍តាំងតែពីវិទ្យាល័យ។ យោងតាមគេហទំព័រ VinFuture Price លោកស្រី Pham Thu Huong នេះហើយ ដែលធ្វើការរួមដៃគ្នាជាប់ជាមួយលោក Vuong ជាប្ដី រាប់តាំងសហគ្រិនភាពរបស់លោកចាប់ផ្ដើម។

ក្រោយរៀបការរួច ប្ដីប្រពន្ធថ្មីថ្មោងទាំង២បានបន្តរស់នៅបរទេស ដោយចាប់យកឱកាសនាសម័យក្រោយសហភាពសូវៀតដួលរលំ នៅប្រទេសអ៊ុយក្រែន។ ដោយយកគំរូតាមការលក់តាមចិញ្ចើមផ្លូវម្ដាយរបស់ខ្លួន លោក Vuong និងលោកស្រី Pham បានបើកហាងលក់គុយទាវមួយកន្លែងនៅក្រុង ខាកៀវ របស់អ៊ុយក្រែន ក្រោយប្រមែប្រមូលដើមទុនបានប្រមាណ ១០ ០០០ ដុល្លារ ពីក្រុមគ្រួសារ និងមិត្តភក្តិ។
អន្ថបទឆ្នាំ ២០១៦ របស់ Forbes បានបន្តយ៉ាងដូច្នេះថា៖ «ដោយឃើញពីតម្រូវការ លោកក៏បានចាប់ផ្តើមធ្វើ និងសម្ងួតមីរ៉ាមេន (Ramen Noodles) ដោយនាំចូលគ្រឿងដើមពីវៀតណាម។ ដោយសារតែមីកញ្ចប់ គឺជាអ្វីដែលថ្មីនៅអ៊ុយក្រែននាពេលនោះ» អាជីវកម្មរបស់លោកក៏ផ្ទុះឡើង។
ជំហានបន្ទាប់ លោក Vuong ជាមួយភរិយា បានដាក់ការប្រថុយរបស់ខ្លួន ដោយខ្ចីលុយគេជាមួយនឹងអត្រាការប្រាក់ខ្ពស់ (៨ ភាគរយ) ដើម្បីពង្រីកអាជីវកម្មឱ្យលើសពីហាងលក់គុយទាវតូចមួយ។ លោកបានបើកផលិតកម្មផលិតមីកញ្ចប់ក្រោមឈ្មោះក្រុមហ៊ុន Technocom ក្នុងឆ្នាំ ១៩៩៣ ដោយមានការគាំទ្រខ្លាំង ដែលធ្វើឱ្យលោកក្លាយជា «ស្ដេចកែច្នៃអាហារ» នៅអ៊ុយក្រែននាពេលនោះ។

មុនពេលវិលត្រឡប់មករស់នៅវៀតណាមវិញ លោក Vuong បានលក់ក្រុមហ៊ុន Technocom ឱ្យទៅក្រុមហ៊ុនអាហារពហុជាតិស្វីស Nestle ក្នុងតម្លៃ ១៥០ លានដុល្លារ នៅឆ្នាំ ២០១០ ខណៈក្រុមហ៊ុនផលិតមីដដែលរកចំណូលបានប្រមាណ ១០០ លានដុល្លារ កាលនោះ។
នៅឆ្នាំ ២០០២ លោក Vuong បានចាប់ផ្តើមផ្តោតការបណ្តាក់ទុនរបស់ខ្លួននៅវៀតណាម «ជាមួយនឹងសេចក្តីប្រាថ្នាចង់ធ្វើឱ្យមាតុភូមិរបស់លោករស់ឡើងវិញ និងលើកកំពស់គុណភាពជីវិតរបស់ប្រជាជន»។ នេះបើតាមសំណេរនៅលើគេហទំព័រ VinFuture Price ដែលជាអង្គការផ្ដល់ពានរង្វាន់សម្រាប់ការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងនវានុវត្តន៍ដែលមានលោក Vuong ជាស្ថាបនិក។
លោកបានបង្កើតក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនពហុវិស័យដ៏ធំបំផុតមួយរបស់វៀតណាម និងជាក្រុមហ៊ុនរបស់មេក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Vinhomes និងក្រុមហ៊ុនសេវាកម្មសណ្ឋាគារ Vinpearl ជាដើម។

កាសែត Viet Nam News ចុះផ្សាយកាលពីថ្ងៃទី ១៧ តុលា (២០២៤) នេះថា Vingroup បានរួមចំណែករហូតដល់ប្រមាណ ១,៦ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម នៅឆ្នាំ ២០២៣។ ហើយបើតាមគេហទំព័ររបស់ក្រុមហ៊ុនយក្សដដែល ក្រុមហ៊ុននេះបច្ចុប្បន្នផ្ដោតលើវិស័យធំ៣សំខាន់ៗ រួមមានឧស្សាហកម្ម និងបច្ចេកវិទ្យា អចលនទ្រព្យ និងសេវាកម្ម និងសហគ្រាសសង្គម ហើយគិតមកទល់ពេលនេះ ក្រុមហ៊ុនពហុវិស័យដដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង១០ ទូទាំងប្រទេស។
ក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៧ កំពុងទទួលបានការចាប់អារម្មណ៍លើឆាកអន្តរជាតិខ្លាំងជាងគេ ដែលបន្ថែមកេរ្តិ៍ឈ្មោះរបស់លោក Vuong ឱ្យកាន់តែល្បីល្បាញមួយកម្រិតទៀត។ VinFast ដែលផលិតរថយន្តអគ្គិសនី និងម៉ូតូស្កូតឺ ចាត់ទុកខ្លួនឯងក្នុងការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីរបស់ពិភពលោក។ ក្រុមហ៊ុននេះមានមហិច្ឆតាពង្រីកខ្លួនទៅអាមេរិក សហភាពអឺរ៉ុប និងបណ្ដាប្រទេសផ្សេងៗទៀត ដោយកន្លងមកបានប្រកាសដាក់រោងចក្រផលិតរថយន្តនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក និងថាអាចផ្លាស់ប្ដូរការិយាល័យកណ្ដាលទៅសិង្ហបុរី ហើយកាលពីខែកក្កដាឆ្នាំនេះ ក្រុមហ៊ុនដដែលបានបុកគ្រឹះសាងសង់រោងចក្រដំឡើងរថយន្តនៅឥណ្ឌូណេស៊ី។

អ្វីដែលសំខាន់គឺថា គោលដៅរបស់ VinFast គឺជាផ្នែកមួយដែលឆ្លុះបញ្ចាំងពីមហិច្ឆតារបស់លោក Vuong ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្ដោតលើការពង្រីកខ្លួនរបស់ក្រុមហ៊ុន Vingroup ទៅក្នុងវិស័យបច្ចេកវិទ្យា និងការផលិត។
ពីអ្នកលក់គុយទាវក្នុងហាងនៅអ៊ុយក្រែន ក្លាយជាម្ចាស់ក្រុមហ៊ុនដែលមានតម្លៃមូលធនទីផ្សារ ១៦ ប៊ីលានដុល្លារ និងជាមហាសេដ្ឋីកំពូលនៅវៀតណាម គឺបង្ហាញពីដំណើរជោគជ័យនៃសហគ្រិនភាពគួរឱ្យកោតសរសើររបស់លោក Vuong។ តាមរយៈការបង្កើតក្រុមហ៊ុន Vingroup ឡើង ជាមួយនឹងចង្ខុវិស័យរបស់លោក លោកមិនត្រឹមតែកែប្រែប្រព័ន្ធធុរកិច្ចរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវស្នាដៃ ដែលជាកំណត់ត្រាដ៏ល្អសម្រាប់ប្រទេសនេះនៅលើឆាកពិភពលោកទៀតផង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


