ព័ត៌មានអន្ដរជាតិ
សេដ្ឋវិទូ៖ ពន្ធរបស់ ត្រាំ នឹងធ្វើឱ្យទំនិញតាមហាងអាមេរិកឡើងថ្លៃ
សេដ្ឋវិទូផ្នែកកសិកម្មបានព្រមានថា តម្លៃទំនិញនៅសហរដ្ឋអាមេរិកនឹងកើនឡើងនៅឆ្នាំក្រោយ ជាពិសេសសម្រាប់ផ្លែបឺរ ផ្លែស្ត្របឺរី និងផលិតផលស្រស់ៗផ្សេងទៀត ខណៈអ្នកប្រើប្រាស់អាចប្រឈមមុខនឹងការដាច់ស្ដុកទំនិញ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ពិតជាធ្វើតាមផែនការដំឡើងពន្ធលើទំនិញនាំចូលពីម៉ិកស៊ិក និងកាណាដា ដូចលោកគំរាម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការព្រមានបែបនេះ ធ្វើឡើងក្រោយលោក ត្រាំ ដែលនឹងស្បថចូលកាន់ដំណែងនៅខែមករា បានប្រកាសកាលពីថ្ងៃចន្ទថា លោកនឹងចេញអធិបញ្ជានៅថ្ងៃដំបូងរបស់លោក ឱ្យដាក់ពន្ធ ២៥ ភាគរយ លើគ្រប់មុខទំនិញនាំចូលអាមេរិកពីកាណាដា និងម៉ិកស៊ិក ដើម្បីទប់ស្កាត់លំហូរនៃគ្រឿងញៀនខុសច្បាប់ និងជនចំណាកស្រុកចូលសហរដ្ឋអាមេរិក។
សេដ្ឋវិទូព្រមានថា ការដាក់ពន្ធលើស្បៀងអាហាររបស់ប្រទេសជិតខាងទាំង២ អាចបណ្តាលឱ្យមានផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការលើការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក និងបង្ហាញពីរបៀបដែលមហាអំណាចមួយនេះពឹងផ្អែកទៅលើប្រទេសជិតខាង លើការផ្គត់ផ្គង់ស្បៀងដល់ប្រជាជនខ្លួនឯង។
ម៉ិកស៊ិក និងកាណាដា គឺជាប្រទេសផ្គត់ផ្គង់ផលិតផលកសិកម្មលំដាប់កំពូលៗរបស់សហរដ្ឋអាមេរិក ដោយការនាំចូលទំនិញកសិកម្មពីប្រទេសទាំង២ មានតម្លៃជិត ៨៦ ប៊ីលានដុល្លារ កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីក្រសួងកសិកម្ម និងគយសហរដ្ឋអាមេរិក។

ប្រធានសមាគមផលិតផលស្រស់នៃទ្វីបអាមេរិក លោក Lance Jungmeyer បាននិយាយកាលពីថ្ងៃអង្គារថា អ្នកប្រើប្រាស់អាមេរិក នឹងមានអារម្មណ៍ថារងផលប៉ះពាល់ពីវិធានការពន្ធរបស់លោក ត្រាំ នៅតាមហាងលក់គ្រឿងទេស និងភោជនីយដ្ឋាន ដោយទំនិញក៏អស់ពីស្តុក។
លោក Jungmeyer បានបន្តថា៖ «យើងនឹងឃើញទំនិញតិចជាងមុននៅតាមផ្នែកផលិត។ ភោជនីយដ្ឋាននឹងត្រូវកំណត់ម៉ឺនុយរបស់ពួកគេឡើងវិញ ប្រហែលជាដាក់បន្លែ និងផ្លែឈើតិច ឬកាត់បន្ថយតាមមុខម្ហូបខ្លះ»។
បើតាមក្រសួងកសិកម្មអាមេរិក ប្រហែល ២/៣ នៃការនាំចូលបន្លែទាំងអស់របស់សហរដ្ឋអាមេរិក និងពាក់កណ្តាលនៃការនាំចូលផ្លែឈើ និងគ្រាប់ធញ្ញជាតិ មានប្រភពមកពីម៉ិកស៊ិក។
អ្នកជំនាញលើកឡើងថា នៅពេលដែលតម្រូវការកើនឡើង ខណៈស្តុកទំនិញក៏ពិបាករក នោះសម្ពាធអតិផរណានឹងកើនឡើង។ ពន្ធរបស់ ត្រាំ មិនត្រឹមតែធ្វើឱ្យបន្លែផ្លែឈើ ឬសាច់ស្រស់ រួមទាំងសាច់គោ ឡើងថ្លៃប៉ុណ្ណោះទេ ប៉ុន្តែគ្រឿងស្រវឹងផ្សេងៗដែលជាគ្រឿងផ្សំសម្រាប់ Cocktail ក៏ដូចគ្នា។

ជាមួយគ្នានោះ អនុប្រធានគោលនយោបាយសាធារណៈសម្រាប់សហព័ន្ធការិយាល័យកសិកម្មអាមេរិក លោក Sam Kieffer បាននិយាយប្រាប់រ៉យទ័រថា ពន្ធក៏អាចជំរុញឱ្យតម្លៃជីដែលនាំចូលពីកាណាដាកាន់តែខ្ពស់ផងដែរ ជីកសិកម្មមានតម្លៃខ្ពស់រួចទៅហើយ ដោយបច្ចុប្បន្នកសិករអាមេរិកត្រូវចំណាយប្រាក់ខ្ពស់ជាងជិត ៥០ ភាគរយ លើជីកសិកម្ម ធៀបនឹងឆ្នាំ ២០២០។
ក្រៅពីនេះ ពន្ធក៏អាចរំខានដល់ការដឹកជញ្ជូនសាច់គោ និងគោផលិតទឹកដោះ និងជ្រូករវាងសហរដ្ឋអាមេរិក និងកាណាដាផងដែរ ដែលការណ៍នេះនឹងប៉ះពាល់ដល់អ្នកផលិតក្នុងប្រទេសទាំង២។
ជារួម សេដ្ឋវិទូមើលឃើញថា ពន្ធរបស់លោក ត្រាំ លើកាណាដា និងម៉ិកស៊ិក នឹងបង្កផលប៉ះពាល់សម្រាប់ប្រទេសទាំងសងខាង ខណៈម៉ិកស៊ិកក៏បានប្ដេជ្ញាវាយបកតាមរយៈវិធានការពន្ធដូចគ្នា។ ក្រៅតែពីផលិតផលកសិកម្ម កាណាដា និងម៉ិកស៊ិក ក៏ជាប្រទេសផ្គត់ផ្គង់ឧស្ម័នធម្មជាតិ និងប្រេងឆៅដ៏ធំ សម្រាប់ឧស្សាហកម្មចម្រាញ់របស់អាមេរិកផងដែរ។ ក្រោមលក្ខខណ្ឌបែបនេះ ពន្ធរបស់ ត្រាំ អាមនឹងធ្វើឱ្យតម្លៃថាមពលកើនឡើង ទោះបីជាមានសេចក្ដីរាយការណ៍ថា លោកនឹងបំបុកលើផលិតកម្មប្រេងក្នុងស្រុកក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


