Connect with us

សេដ្ឋកិច្ច

កម្ពុជាទទួលបានចំណូលជិត $៣ ពាន់លាន ពីភ្ញៀវទេសចរអន្តរជាតិ នៅឆមាសទី១

បានផុស

នៅ

កម្ពុជាទទួលបានចំណូលប្រមាណ ២,៩ ពាន់លានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិ នៅក្នុងឆមាស​ទី១ ឆ្នាំ ២០២៥ កើនឡើង ៩,១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាម​របាយ​ការណ៍របស់ធនាគារជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) មានប្រសាសន៍ថា វិស័យទេស​​ចរណ៍​បន្តមានកំណើនឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃភ្ញៀវអន្តរជាតិ និងទេសចរណ៍​ក្នុង​ស្រុក។

កំណើននេះ ត្រូវបានគាំទ្រដោយការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​ និងការតភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់ជាមួយបណ្ដាប្រទេសនានា និងការរៀប​ចំព្រឹត្តិការ​ណ៍ធំៗ ដែល​​​ចូលរួម​ទាក់​ទាញ​អ្នក​ទស្សនា។

លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្រោយការដាក់​ចេញ​នូវ​គោល​នយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល វិស័យទេសចរណ៍បានរីកចម្រើនឡើងវិញ​គួឱ្យកត់​សម្គាល់ ដែលកំណើនទេសចរណ៍​បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោក នី ផល្លី បានបន្ថែមថា៖ ​«នៅក្នុងវិស័យទេសចរណ៍តាំងពីសម័យកាលកូវីដ១៩ រហូតមក​ដល់​បច្ចុប្បន្ន យើងរៀបចំយុទ្ធសាស្ត្រមួយក្នុងការសម្របខ្លួន ដូច្នេះការរៀប​ចំគោល​នយោ​បាយ​ថ្មីៗ និងយុទ្ធសាស្ត្រ គឺត្រូវតែសម្របខ្លួនឱ្យមានភាពធន់​ឱ្យ​មានទៅនឹងការបម្រែបម្រួល ទោះ​បីមាន​កូវីដ ឬមានអីផ្សេងក្រៅពីកូវីដ ស្ថានភាពនយោបាយក្នុងតំបន់ ឬយ៉ាងណា យើងមានគោល​នយោបាយមួយគឺភាពធន់ ដូច្នេះរដ្ឋាភិបាលបានដាក់ចេញនូវ​គោលនយោ​បាយច្រើន ដើម្បីពង្រឹងភាព​ធន់នៅក្នុងវិស័យទេសចរណ៍ យើងព្យាយាមប្រែ​ក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព»។

យោងតាមក្រសួងទេសចរណ៍ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិជាង ៣,៣ លាន​នាក់ នៅឆមាសទី១ ឆ្នាំ ២០​២៥ កើនឡើង៦,២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។

កម្ពុជារំពឹងស្វាគមន៍ភ្ញៀវ​ទេចរអន្តជាតិប្រមាណ ​៧,៥ លាននាក់​នៅឆ្នាំ២០២៥ ដែលនឹងបង្កើត​ចំណូល​​ចូល​សេដ្ឋកិច្ច​​ជាង​៥ពាន់លានដុល្លារ​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម