Connect with us

សេដ្ឋកិច្ច

លោក គិត សុវណ្ណារិទ្ធ៖ វិស័យឯកជន ជាតួអង្គសំខាន់ដឹកនាំអនុវត្តនូវយុទ្ធសាស្រ្តផែនទីបង្ហាញផ្លូវក្នុងវិស័យហិរញ្ញវត្ថុបម្រើពលរដ្ឋ

បានផុស

នៅ

លោក គិត សុវណ្ណារិទ្ធ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិ នៃកម្ពុជា មាន​ប្រសាសន៍​ថា វិស័យឯកជន ជា​តួអង្គ​មាន​សារៈសំខាន់​ក្នុងការ​ដឹកនាំ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ផែនទី​បង្ហាញ​ផ្លូវ​ក្នុង​វិស័យ ហិរញ្ញវត្ថុ​ដើម្បី​បម្រើដល់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុង​សន្និសីទធនាគារនៅកម្ពុជាលើកទី៤ ក្រោមប្រធានបទ «ការលើក​កម្ពស់​កំណើន​ប្រកប​ដោយ​បរិយាបន្ន៖​ នវានុវត្តន៍ឌីជីថល និងនិរន្តរភាព» លោក គិត សុវណ្ណរិទ្ធ បាន​លើក​ឡើង​ថា ការជំរុញ និង​លើក​កម្ពស់​កំណើន​ប្រកប​ដោយ​បរិយាបន្ន និងនិរន្តរភាព ត្រូវមាន​លើសពី​គោលនយោបាយ បច្ចេកវិទ្យា និង​យុទ្ធសាស្រ្ត ដែល​តម្រូវ​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការ​យ៉ាង​សកម្ម​ពីគ្រប់ភាគីរួមមាន រាជរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល និងដៃគូអន្តរជាតិ។

លោក បាន​សង្កត់​ធ្ងន់​ថា «យុទ្ធសាស្រ្ត​បញ្ចកោណ​របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ឱ្យយើង​នូវផែនទី​បង្ហាញ​ផ្លូវថ្នាក់​ជាតិ ស្រប​ពេល​ដែល​ធនាគារជាតិ នៃ​កម្ពុជា ផ្តល់​នូវផែនទី​បង្ហាញផ្លូវក្នុងវិស័យ និងការគាំទ្រ​ផ្នែក​បទប្បញ្ញត្តិ ដើម្បីជំរុញ​នវានុវត្តន៍ហិរញ្ញវត្ថុ។ ជាមួយគ្នានេះ វិស័យ​ឯកជន​មាន​សារៈសំខាន់​ក្នុងការ​ដឹកនាំ​អនុវត្តនូវ​យុទ្ធសាស្រ្ត​ទាំង​នេះដើម្បីបម្រើដល់ប្រជាពលរដ្ឋ»។

ក្នុង​ឱកាស​នោះ​ដែរ លោក រ័ត្ន សោភ័ណ ប្រធាន​សមាគម​ធនាគារ​នៅកម្ពុជា មានប្រសាសន៍ថា ប្រព័ន្ធ​ហិរញ្ញវត្ថុ​សព្វថ្ងៃ​កាន់​តែមានភាពស្មុគស្មាញ និង​តែងតែ​ផ្លាស់ប្តូរ រួមមានដូចជា បច្ចេកវិទ្យាហិរញ្ញវត្ថុ​ រូបិយប័ណ្ណឌីជីថល ហិរញ្ញវត្ថុវិមជ្ឍការ ព្រមទាំងបរិស្ថាន សង្គម និងអភិបាលកិច្ច។  

លោកប្រធានសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សន្និសីទធនាគារ​នៅកម្ពុជាក្នុង​ឆ្នាំនេះបាន​គូស​បញ្ជាក់​ពី​របៀប​ដែលវិស័យ​ធនាគារ និងហិរញ្ញវត្ថុ ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ចីរភាព​ក្នុង​ការជំរុញ និង​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

សូម​ជម្រាប​ថា សន្និសីទធនាគារនៅកម្ពុជាប្រចាំឆ្នាំ២០២៥ មានអ្នកចូលរួមប្រមាណជាង ៨០០​នាក់។ ក្នុងនោះអ្នកចូលរួមដោយផ្ទាល់មានប្រមាណជាង ៥០០នាក់ និងអ្នកចូលរួមតាមប្រព័ន្ធអនឡាញប្រមាណជាង ៣០០
នាក់។ ក្នុងនោះវត្តមានភ្ញៀវដែលបានអញ្ជើញចូលរួម មកពីតំណាងរាជរដ្ឋាភិបាល បណ្តាសមាជិក​ប្រទេស​អាស៊ាន តំណាង​ប្រតិបត្តិករក្នុងវិស័យទូរគមនាគមន៍​ វិស័យធនាគារ និងហិរញ្ញវត្ថុ និង​អ្នក​រៀបចំ​គោល​នយោបាយ​ជា​ច្រើនរូប។

បន្ថែមលើនេះ វាគ្មិនកិត្តិយសអញ្ជើញមកពីធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការពលកម្មអន្តរជាតិ និងអង្គការ World Women Bankingដើម្បីចូលរួមចែករំលែកចំណេះដឹង និងផ្តល់ដំណោះស្រាយទៅលើ​និន្នាការ​សំខាន់ៗកើតឡើងក្នុងវិស័យធនាគារនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម