អត្ថាធិប្បាយ
ទស្សនៈទានច្បាប់៖«អំណាច និងភាពស័ក្តិសិទ្ធិនៃអាវយុត្តិធម៌ខាងក្រៅ គឺត្រូវពឹងផ្អែកទាំងស្រុងទៅលើភាពស្អាតស្អំនៃអាវសខាងក្នុង»
មុននឹងញញួរយុត្តិធម៌គោះចុះ តើអាវសនៅក្នុងស្អាតដែរ ឬទេ? ហេតុអ្វីបានជាអគតិធម៌ទាំង៤ ត្រូវតែជាត្រីវិស័យសម្រាប់តុលាការរបស់យើង? នៅពេលដែលប្រជាពលរដ្ឋបោះជំហានចូលទៅក្នុងសាលាជម្រះក្តី ពួកគេភាគច្រើនស្ថិតក្នុងពេលវេលាដ៏ងាយរងគ្រោះបំផុតក្នុងជីវិត។ សេរីភាព គ្រួសារ ទ្រព្យសម្បត្តិ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ កំពុងត្រូវបានដាក់លើជញ្ជីងយុត្តិធម៌។ នៅចំពោះមុខពួកគេ មិនមែនមានតែបុគ្គលម្នាក់អង្គុយលើកៅអីចៅក្រមប៉ុណ្ណោះទេ ប៉ុន្តែជាតំណាងនៃមនសិការរបស់រដ្ឋទាំងមូល។

នៅក្នុងនីតិវិធីស៊ូដេញដោលដោយផ្ទាល់មាត់ ច្បាប់បានតម្រូវឱ្យចៅក្រម និងព្រះរាជអាជ្ញាពាក់អាវពណ៌សនៅខាងក្នុង មុននឹងគ្របដណ្ដប់ដោយអាវយុត្តិធម៌នៅខាងក្រៅ។ សម្រាប់អ្នកខាងក្រៅ វាហាក់ដូចជាសណ្តាប់ធ្នាប់ឯកសណ្ឋានធម្មតា ប៉ុន្តែ សម្រាប់វិជ្ជាជីវៈច្បាប់ វាជានិមិត្តរូបដ៏មានអត្ថន័យជ្រាលជ្រៅបំផុត។ អាវសខាងក្នុង តំណាងឱ្យភាពស្អាតស្អំ មនសិការបរិសុទ្ធ និងការប្តេជ្ញាចិត្តចំពោះសេចក្តីពិត។ ចំណែក អាវយុត្តិធម៌ខាងក្រៅ គឺជានិមិត្តរូបនៃអំណាចដែលតុលាការតាមរយៈចៅក្រម និងព្រះរាជអាជ្ញាប្រើក្នុងនាមរដ្ឋ ដើម្បីអនុវត្តច្បាប់ និងសម្រេចជោគវាសនារបស់មនុស្ស។
ប៉ុន្តែ អំណាចនៃអាវយុត្តិធម៌ មិនអាចឈរបានដោយខ្លួនឯងទេ។ វាពឹងផ្អែកទាំងស្រុងលើភាពស្អាតស្អំនៃអាវសដែលស្ថិតនៅក្រោមនោះ។ ប្រសិនបើមនសិការនៅក្រោមអាវស ត្រូវបានប្រឡាក់ដោយអគតិ នោះអាវយុត្តិធម៌ខាងក្រៅ ក៏នឹងបាត់បង់ភាពស័ក្តិសិទ្ធិរបស់វាដែរ។ ក្រៅពីអាវយុត្តិធម៌ នៅលើតុរបស់ចៅក្រម មានញញួរឈើតូចមួយ ដែលមើលទៅហាក់ដូចជាវត្ថុស្រាលធម្មតា។ ប៉ុន្តែ ពេលវាត្រូវបានគោះចុះ វាមានទម្ងន់ធ្ងន់ធេងមហាសាល។ ការគោះញញួរមួយដង មិនមែនគ្រាន់តែជាសកម្មភាពនីតិវិធីនោះទេ។ វាអាចកាត់ផ្តាច់សេរីភាព បំបែកគ្រួសារ បំផ្លាញកេរ្តិ៍ឈ្មោះ និងផ្លាស់ប្តូរជោគវាសនារបស់មនុស្សម្នាក់សម្រាប់ជីវិតទាំងមូល។

សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា អំណាចនេះមិនមែនជាអំណាចធម្មតាទេ។ ក្រមនីតិវិធីអាចណែនាំផ្លូវច្បាប់ ប៉ុន្តែ សំណួរដែលសំខាន់ជាងគេ គឺតើអ្វីទៅដែលណែនាំផ្លូវចិត្ត? យូរមកហើយ មុនពេលមានច្បាប់ទំនើបៗ បុព្វបុរសរបស់យើងបានយល់ថា គ្រោះថ្នាក់ដ៏ធំបំផុតចំពោះយុត្តិធម៌ មិនមែនមកពីច្បាប់ដែលសរសេរមិនបានល្អនោះទេ ប៉ុន្តែ មកពីភាពទន់ខ្សោយរបស់មនុស្ស ដែលជាអ្នកកាន់អំណាចច្បាប់។ ដូច្នេះហើយ អគតិធម៌ទាំង៤ ត្រូវបានលើកឡើងជាគោលការណ៍សំខាន់សម្រាប់ការរក្សាយុត្តិធម៌។
១. ឆន្ទាគតិ — ការលំអៀងព្រោះស្រឡាញ់ ឬបក្សពួក
នៅក្នុងសាលាជម្រះក្តី ឆន្ទាគតិកម្របង្ហាញខ្លួនជាទម្រង់អំពើពុករលួយយ៉ាងចំហណាស់។ ជាញឹកញាប់ វាកើតឡើងតាមរយៈការយោគយល់សាច់ញាតិ ការរាប់អាន ឬការចង់ផ្គាប់ចិត្តអ្នកដែលស្ថិតក្នុងបណ្តាញសង្គមរបស់ខ្លួន។ ប៉ុន្តែ យុត្តិធម៌ពិតប្រាកដ មិនស្គាល់ឋានៈ មិនស្គាល់បក្សពួក និងមិនស្គាល់ការរាប់អានផ្ទាល់ខ្លួនឡើយ។
២. ទោសាគតិ — ការលំអៀងព្រោះខឹង ឬគំនុំ
សាលាជម្រះក្តីជាទីកន្លែងដែលពោរពេញដោយភាពតានតឹង។ ប៉ុន្តែ សាលក្រមដែលចេញពីសេចក្តីក្រោធ មិនមែនជាយុត្តិធម៌ទេ វាគ្រាន់តែជាការសងសឹក។ ញញួរយុត្តិធម៌ មិនត្រូវបានបង្កើតឡើងដើម្បីវាយសងសឹកនោះឡើយ។
៣. ភយាគតិ — ការលំអៀងព្រោះភ័យខ្លាច
នេះជាការលំអៀងដែលពិបាកយកឈ្នះបំផុត។ ភាពភ័យខ្លាចអាចកើតពីឥទ្ធិពល អំណាច ឬសម្ពាធពីខាងក្រៅ។ ប៉ុន្តែ ឯករាជ្យភាពរបស់តុលាការ មានន័យថា ការសម្រេចចិត្តត្រូវតែធ្វើឡើងដោយក្តីក្លាហានក្នុងការពារសេចក្តីពិត។
៤. មោហាគតិ — ការលំអៀងព្រោះវង្វេង ឬខ្វះការយល់ដឹង

ក្នុងសង្គមដែលច្បាប់កាន់តែស្មុគស្មាញ ការខ្វះការយល់ដឹងជ្រាលជ្រៅអាចនាំទៅកាន់ការសម្រេចក្តីខុស។ ញញួររបស់ចៅក្រមត្រូវតែគោះចុះ លុះត្រាតែការពិតត្រូវបានពិនិត្យយ៉ាងពេញលេញ។
ក្នុងសាលាជម្រះក្តី ច្បាប់អាចជាគោលការណ៍ ប៉ុន្តែ មនសិការ គឺជាគន្លឹះដែលកំណត់ថា យុត្តិធម៌នឹងកើតឡើង ឬអយុត្តិធម៌នឹងកើតឡើង។ ប្រសិនបើគ្មានមនសិការ ហើយបាត់បង់ភាពស្មោះត្រង់ នោះច្បាប់ក៏អាចត្រូវបានប្រើប្រាស់ដើម្បីបង្កើតអយុត្តិធម៌បានដែរ។ ហើយនៅក្នុងសាលាជម្រះក្តី មនុស្សម្នាក់អាចបាត់បង់សេរីភាព ប៉ុន្តែ សង្គមមួយក៏អាចបាត់បង់ទំនុកចិត្ត ព្រោះ៖
- អាវុធមុខពីរនៃច្បាប់៖ ច្បាប់គ្រាន់តែជាអក្សរ និងជានីតិវិធីប៉ុណ្ណោះ។ បើវាស្ថិតក្នុងដៃអ្នកមានមនសិការ វាគឺជាខែលការពារសិទ្ធិមនុស្ស និងសេចក្តីពិត។ ប៉ុន្តែប្រសិនបើ “គន្លឹះមនសិការ” នេះខូចខាត ច្បាប់ដដែលនោះ អាចក្លាយជាអាវុធស្របច្បាប់ដ៏សាហាវបំផុត សម្រាប់ធ្វើទុក្ខបុកម្នេញ និងបង្កើតអយុត្តិធម៌។
- ការខូចខាតជាប្រព័ន្ធ (Systemic Damage)៖ ការផ្តន្ទាទោសខុស ឬសេចក្តីសម្រេចដែលមានភាពលំអៀង វាបំផ្លាញជីវិត និងសេរីភាពរបស់បុគ្គលម្នាក់ ឬគ្រួសារមួយ។ ប៉ុន្តែអ្វីដែលមហន្តរាយជាងនេះទៅទៀត គឺវាស៊ីរូង “ទំនុកចិត្តសង្គម”។ សង្គមដែលអស់ជំនឿលើសាលាជម្រះក្តី គឺជាសង្គមដែលងាយនឹងធ្លាក់ចូលទៅក្នុងអនាធិបតេយ្យ និងការបែកបាក់។
កេរដំណែលនៃធម៌ និងយុត្តិធម៌ ការធ្វើជាចៅក្រម ឬព្រះរាជអាជ្ញា មិនមែនជាការងារធម្មតាទេ ប៉ុន្តែ ជាការទទួលខុសត្រូវដ៏ពិសិដ្ឋ។ រាល់ពេលដែលញញួរត្រូវបានគោះចុះ ដោយគ្មានឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ នោះយុត្តិធម៌នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់នីតិរដ្ឋ។
សេចក្តីសម្រេចតុលាការ មិនមែនមានន័យត្រឹមតែដោះស្រាយជម្លោះរវាងភាគីទាំងពីរនោះទេ។ វាក៏មិនមែនមានតួនាទីត្រឹមតែការពារសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះដែរ។ លើសពីនេះទៅទៀត សេចក្តីសម្រេចមួយដែលយុត្តិធម៌ និងមានហេតុផលច្បាស់លាស់ អាចក្លាយជាមូលដ្ឋានសម្រាប់ការកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌ និងលើស្ថាប័នរដ្ឋ។ នៅពេលដែលប្រជាពលរដ្ឋជឿជាក់ថា តុលាការអនុវត្តច្បាប់ដោយស្មោះត្រង់ និងគ្មានអគតិ នោះទំនុកចិត្តលើស្ថាប័នរដ្ឋ និងលើការដឹកនាំប្រទេស ក៏ត្រូវបានពង្រឹងផងដែរ។ មុននឹងញញួរយុត្តិធម៌គោះចុះ សូមសួរខ្លួនឯងជាមុនសិនថា៖ តើសេចក្តីសម្រេចនេះ មានទម្ងន់នៃសេចក្តីពិត ឬទម្ងន់នៃអគតិ?
ប្រជាពលរដ្ឋកំពុងសម្លឹងមើល។ ប្រវត្តិសាស្ត្រកំពុងកត់ត្រា។ សូមឱ្យរាល់សំឡេងនៃការគោះញញួរ ក្លាយជាសំឡេងនៃយុត្តិធម៌ដែលមិនអាចរង្គោះរង្គើបាន៕
ដោយ៖ មេធាវី ឡុង បញ្ញាវុឌ្ឍ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


