Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនអ្នកចម្រៀងអនឡាញម្នាក់ បញ្ជូនទៅតុលាការ ករណីប្រើហិង្សាលើ​ជនរងគ្រោះរងរបួសធ្ងន់ធ្ងរ

បានផុស

នៅ

កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​អ្នកចម្រៀង​តាម​អន​ឡាញ​ម្នាក់ ត្រៀម​បញ្ជូន​ទៅ​តុលាការ នា​រសៀល​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នេះ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បណ្ដាល​ឲ្យ​ពិការភាព​ដល់​ជនរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកចម្រៀង​អកកាដង់​ម្នាក់​នោះ​មាន​ឈ្មោះ នួន រចនា ហៅ ជី​ង ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជា​សិល្បករ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង​លេខ ៥១BT ភូមិ​សន្សំ​កុសល ៣ សង្កាត់​បឹងទំពុន ១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​ពិការភាព​ជនរងគ្រោះ ប្រព្រឹត្ត​នៅ​ចំណុច​អតីត​ភោជនីយដ្ឋាន D.Lini ផ្លូវ​កែវ​ចិន្តា ភូមិ ៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១៣ ខែ​កក្កដា ឆ្នាំ ២០២៣។

បើ​តាម​អង្គហេតុ​ក្នុង​ដំណើររឿង​ខាងលើ នៅ​ថ្ងៃ​កើតហេតុ​ជនសង្ស័យ​មាន​កម្មវិធី​ផឹកស៊ី​មួយ​នៅ​ភោជនីយដ្ឋាន​ខាងលើ និង​បាន​បង្ក​បញ្ហា​ពាក្យសំដី​បង្ក​ឲ្យ​កើត​មាន​ជម្លោះ​ទាស់ទែង​គ្នា រហូត​ជនសង្ស័យ​បាន​យក​ដប​ស្រា​វាយ​ក្បាល​ជនរងគ្រោះ​ពីក្រោយ​ខ្នង។

ករណី​ខាង​លើ​នេះ​ត្រូវ​បាន​ភាគី​ដែល​អះអាង​ថា​ជា​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​ប្តឹង​ទៅ​សមត្ថកិច្ច​រហូត​ដល់​តុលាការ​មាន​ចំណាត់​ការ​យ៉ាង​ក្តៅ​គគុក​មកដល់ពេលនេះ ដែល​សំណុំរឿង​អ្នក​ចម្រៀង​រូប​នេះ ទំនង​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​កាត់ទោស​ទៅតាម​ផ្លូវច្បាប់​នោះ​ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម