Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្ដាំមន្ត្រីតុលាការឱ្យគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការអនុវត្តការងារ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្ដាំដល់ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីតុលាការទាំងអស់តាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី នៅទូទាំងប្រទេសឱ្យគោរពវិន័យការងារ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការអនុវត្តការងាររបស់ខ្លួន។ លោករដ្ឋមន្ត្រី ក៏ណែនាំឱ្យត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្ដាំផ្ញើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើឡើងក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយលោក សៀង សុខ ជាព្រះរាជអាជ្ញាខេត្តសៀមរាប ជំនួសលោក មាស ច័ន្ទពិសិដ្ឋ ដែលត្រូវបានតែងតាំងជាព្រះរាជអាជ្ញាខេត្តបាត់ដំបង។

ថ្លែងក្នុងពិធីនោះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសរំលេចពីក្របខណ្ឌគោលនយោបាយក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលរួមមានការកែទម្រង់ប្រព័ន្ធតុលាការ និងការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានណែនាំដល់ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីតុលាការទាំងអស់ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាពរបស់ខ្លួនឱ្យបានល្អប្រសើរ មានសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រម«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់»។

លោក បន្ថែមថា មន្ត្រីតុលាការទាំងអស់ ក៏ត្រូវពង្រឹងឱ្យបាននូវគុណភាពនៃការចាត់ការសំណុំរឿងដែលខ្លួនកំពុងទទួលបន្ទុក ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធី ជាពិសេសត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានឆាប់រហ័ស ត្រឹមត្រូវតាមក្បួនខ្នាត ងាយយល់ និងមានសំអាងហេតុ សំអាងច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់ ជាពិសេសត្រូវបន្តចូលរួមឱ្យបានកាន់តែសកម្ម និងស្វាហាប់ ក៏ដូចជាផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀត ក្នុងការអនុវត្តយុទ្ធនាការទាំង ២ គឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

ការងារដោយឡែកសម្រាប់ប្រធានសាលាដំបូង និងចៅក្រម ដែលត្រូវបានផ្លាស់ទៅបំពេញការងារនៅសាលាដំបូងផ្សេង លោក កើត រិទ្ធ បានណែនាំឱ្យត្រូវយកចិត្តទុកដាក់រៀបចំសាលក្រម/សាលដីកាដែលនៅសេសសល់ឱ្យបានរួចរាល់មុនចាកចេញចំពោះសំណុំរឿងដែលខ្លួនបានប្រកាសរួច។ រីឯព្រះរាជអាជ្ញា គឺត្រូវក្តាប់ឱ្យបាននូវនយោបាយព្រហ្មទណ្ឌនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម