ការវាយប្រហារនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្នុងសហរដ្ឋអាមេរិក បានឆក់យកអាយុជីវិតមនុស្សជិត៣ពាន់នាក់ និងជាង៦,០០០នាក់រងរបួស។ វាជាការវាយប្រហារមួយ ក្រោមការដឹកនាំអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិកទី៤៣ លោក George W. Bush។
យន្តហោះដឹកអ្នកដំណើរចំនួន៤គ្រឿង បានចាកចេញពីអាកាសយានដ្ឋាននានានៅភាគឦសានសហរដ្ឋអាមេរិកឆ្ពោះរដ្ឋ California ប៉ុន្តែយន្តហោះទាំងនោះត្រូវបានប្លន់ដោយភេរវករអាល់កៃដាចំនួន១៩នាក់។
យន្ដហោះពីរគ្រឿងដែលមួយជាជើងហោះហើរលេខ១១របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines និងមួយទៀតជាជើងហោះហើរលេខ១៧៥របស់ក្រុមហ៊ុន United Airlines បានបុកអគារខាងជើងនិងខាងត្បូងនៃអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ក្នុងសង្កាត់ Manhattan។ ក្នុងរយៈពេលមួយម៉ោងនិង៤២នាទី អគារកម្ពស់១១០ជាន់ទាំងពីរបានបាក់រលំ។
យន្ដហោះទី៣ដែលជាជើងហោះហើរលេខ៧៧របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានបុកមន្ទីរបញ្ចកោណក្នុងតំបន់ Arlington នៃរដ្ឋ Virginia ដែលបណ្តាលឲ្យបាក់ផ្នែកខាងលិចនៃអគារ។ យន្តហោះទី៤ដែលជាជើងហោះហើរលេខ៩៣របស់ក្រុមហ៊ុន United Airlines ដំបូងឡើយហោះឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ប៉ុន្តែបានធ្លាក់នៅវាលមួយក្នុងទីក្រុង Stonycreek នៃរដ្ឋ Pennsylvania បន្ទាប់ពីអ្នកដំណើរតតាំងជាមួយភេរវករ។