អត្ថាធិប្បាយ
អត្ថាធិប្បាយ៖ កម្ពុជាគួរនាំចូលពពួកបន្លែ ផ្លែឈើ និងត្រីសាច់បែបណា ទើបមានសុវត្ថិភាពចំពោះសុខភាពពលរដ្ឋ?
ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលសម្បូរធនធានធម្មជាតិ និងសក្តានុពលកសិកម្ម កំពុងប្រឈមនឹងការសម្រេចចិត្តដ៏ស្មុគស្មាញមួយ ពោល គឺថាតើកម្ពុជាគួរពឹងផ្អែកលើការនាំចូលស្បៀងអាហារពីប្រទេសជិតខាង ឬផ្តោតលើភាពគ្រប់គ្រាន់របស់ខ្លួនឯង? នៅពេលដែលពាណិជ្ជកម្មក្នុងតំបន់កាន់តែអាចមានលទ្ធភាពនាំចេញនាំចូលបានដោយងាយស្រួលជាងមុន ហើយតម្រូវការចំពោះផលិតផលចម្រុះបានកើនឡើង ការជជែកពិភាក្សាលើការនាំចូលម្ហូបអាហារពីក្រៅប្រទេស កាន់តែក្លាយជាប្រធានបទមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនធម្មតា អ្នកជំនាញ និងអ្នកនយោបាយ។

ការនាំចូលម្ហូបអាហារពីប្រទេសជិតខាង ដូចជា វៀតណាម និងថៃ ផ្តល់អត្ថប្រយោជន៍ភ្លាមៗដល់កម្ពុជា។ ប្រទេសទាំងនេះមានហេដ្ឋារចនាសម្ព័ន្ធកសិកម្មទំនើបជាងកម្ពុជា ហើយក៏ជាប្រទេសដែលផលិតដំណាំមួយចំនួនកាន់តែមានប្រសិទ្ធភាព និងមានតម្លៃថោកជាងកម្ពុជា។ ឧទាហរណ៍ ការនាំចូលពូជស្រូវ ផ្លែឈើ ឬអាហារកែច្នៃដែលមិនទាន់មានការដាំដុះ ឬមិនទាន់មានការផលិតក្នុងប្រទេសកម្ពុជា អាចជួយបំពេញតម្រូវការក្នុងស្រុក និងរក្សាតម្លៃស្បៀងឱ្យមានស្ថិរភាព ជាពិសេស ក្នុងអំឡុងពេលនៃគ្រោះរាំងស្ងួត ឬទឹកជំនន់ ដែលនៅតែជះឥទ្ធិពលដល់វិស័យកសិកម្មរបស់កម្ពុជា។
លើសពីនេះទៅទៀត ពាណិជ្ជកម្មអន្តរជាតិជំរុញឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ តាមរយៈការទិញលក់ម្ហូបអាហារឆ្លងកាត់ព្រំដែន ទន្ទឹមនឹងនេះ កម្ពុជា ក៏កំពុងពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចជាមួយប្រទេសជិតខាងរបស់ខ្លួនដែរ។ ខ្សែចង្វាក់ផ្គត់ផ្គង់ម្ហូបអាហារក្នុងតំបន់ ក៏គាំទ្រដល់ជម្រើស និងភាពខុសគ្នារបស់អ្នកប្រើប្រាស់ផងដែរ ដោយធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចំណីអាហារតាមរយៈការទទួលបានផលិតផលចម្រុះ។

ទោះជាយ៉ាងណាក៏ដោយ ក៏ការពឹងផ្អែកខ្លាំងពេកលើការនាំចូលម្ហូបអាហារពីបរទេស ក៏នាំមកនូវហានិភ័យមួយចំនួន។ វាអាចធ្វើឱ្យកសិកម្មក្នុងស្រុកចុះខ្សោយដោយកាត់បន្ថយតម្រូវការម្ហូបអាហារដែលផលិតនៅក្នុងស្រុក។ កសិករខ្មែរដែលភាគច្រើនជាអ្នកប្រកបរបរតូចតាច ត្រូវតស៊ូប្រកួតប្រជែងជាមួយទំនិញនាំចូលដែលមានតម្លៃថោក។ បញ្ហានេះធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនតាមជនបទ និងធ្វើឱ្យការអភិវឌ្ឍមានភាពយឺតយ៉ាវក្នុងវិស័យដែលផ្តល់ការងារយ៉ាងច្រើនដល់ប្រជាជន។ វាក៏បង្កើតភាពអាស្រ័យខ្លាំងពេកលើប្រទេសជិតខាងដែលអាចប្រថុយប្រថានក្នុងគ្រាមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ឬសកលលោក ដូចជា អ្នកដែលមានបទពិសោធអំឡុងពេលជំងឺរាតត្បាត COVID-19 ឬអំឡុងពេលមានជម្លោះពាណិជ្ជកម្មរវាងប្រទេសនានាក្នុងតំបន់។
លើសពីនេះទៀត ការនាំចូលម្ហូបអាហារ ពេលខ្លះអាចបង្កឱ្យមានកង្វល់ខាងបញ្ហាសុខភាព និងសុវត្ថិភាព ប្រសិនបើការត្រួតពិនិត្យខាងផ្លូវច្បាប់ និងបច្ចេកទេសមានភាពទន់ខ្សោយខ្លាំងពេក។ ការធានាថា ម្ហូបអាហារដែលនាំចូលត្រូវតែគោរពតាមស្តង់ដារសុខភាពរបស់កម្ពុជាដែលទាមទារឱ្យមានប្រព័ន្ធត្រួតពិនិត្យដ៏រឹងមាំនោះ នៅតែមានកម្រិតទាបនៅឡើយ។ ជាក់ស្ដែង ម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី សាច់ អាហារកែច្នៃ ដែលខូចគុណភាព ឬមានជាតិគីមីលើសម្រិតសុវត្ថិភាពមួយចំនួននៅតែត្រូវបានគេនាំចូលមកក្នុងទីផ្សាររបស់កម្ពុជាជាបន្តបន្ទាប់។

សំណួរសំខាន់មួយ គឺថាតើកម្ពុជាមិនគួរនាំចូលស្បៀងអាហារពីបរទេស ឬយ៉ាងណា? ខ្ញុំយល់ថា កម្ពុជាគួរបន្តនាំចូលម្ហូបអាហារពីបរទេស ប៉ុន្តែ ត្រូវមានលក្ខខណ្ឌ មានន័យថា ត្រូវធ្វើដូចម្តេច ដើម្បីឱ្យមានតុល្យភាពរវាងការនាំចូល និងផលិតកម្មក្នុងស្រុកដែលកំពុងតែមានសន្ទុះកើនឡើងជាបណ្ដើរៗ។ រាជរដ្ឋាភិបាល ត្រូវតែគាំទ្រកសិករក្នុងស្រុកតាមរយៈការវិនិយោគលើប្រព័ន្ធធារាសាស្រ្ត ការស្តុកទុកផលិតផល គ្រាប់ពូជ និងការទទួលបានទីផ្សារគ្រប់គ្រាន់ ក្នុងពេលជាមួយគ្នានេះ នៅតែអនុញ្ញាតឱ្យមានការនាំចូលជាយុទ្ធសាស្រ្តដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ និងបំពេញចន្លោះប្រហោងនៃការផ្គត់ផ្គង់ មិនមែននាំចូលដោយសេរី ដែលនាំទៅដល់ការធ្វើឱ្យកសិកម្មក្នុងស្រុកចុះខ្សោយដោយកាត់បន្ថយតម្រូវការម្ហូបអាហារដែលផលិតក្នុងស្រុក សម្លាប់ទីផ្សារក្នុងស្រុក និងធ្វើឱប៉ះប៉ពាល់ដល់ជីវភាព ការងារ សុខភាព និងសុខុមាលរបស់ប្រជាជនកម្ពុជានោះទេ។

សរុបមក ការនាំចូលម្ហូបអាហារពីប្រទេសជិតខាងអាចមានប្រយោជន៍ ប៉ុន្តែ ប្រសិនបើការនាំចូលនោះធ្វើឡើងដោយឈ្លាសវៃ ឬគតិបណ្ឌិត។ កម្ពុជា គួរតែខិតខំស្វែងរកវិធីសាស្រ្តប្រកបដោយតុល្យភាពដែលការពារសន្តិសុខស្បៀង ការពារកសិករក្នុងស្រុកផង និងអាចធានាឱ្យមានម្ហូបអាហារដែលមានសុវត្ថិភាព និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។ ដើម្បីធ្វើបែបនេះបាន ទាំងអ្នកនាំចូល អ្នកចែកចាយ ទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅតាមច្រកព្រំដែន អាជ្ញាធរដែនដី និងអាជ្ញាធរថ្នាក់ជាតិ ត្រូវតែបំពេញភារកិច្ចឱ្យហ្មត់ចត់ និងស៊ីចង្វាក់គ្នា ដោយសហការ និងសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធដែលក្នុងនោះ បំពេញការងារដោយអនុលោមតាមគោលការណ៍ច្បាប់ មនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ ព្រមទាំង មានការចូលរួមពីប្រជាពលរដ្ឋ ហើយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ៕
ដោយ៖ បណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៤ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តបុកម៉ូតូសណ្តោង រួចទៅបុករថយន្តមួយទៀត បណ្តាលឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់