Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន អួតថាកូរ៉េ​ខាង​ជើង​ជា «ប្រជាជាតិ​ដ៏​ខ្លាំង​ក្លា» ក្នុងខួបទី៨០របស់បក្សកាន់អំណាច

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអួតកូរ៉េ​ខាង​ជើង​ជា «ប្រជាជាតិ​ដ៏​ខ្លាំង​ក្លា» ក្នុងអំឡុងពេលនៃការប្រារព្ធពិធីដ៏មហិមា រំលឹកខួបលើកទី ៨០ នៃគណបក្សពលករកូរ៉េ (WPK) ដែលកំពុងកាន់អំណាច។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១០ខែតុលា។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីជប់លៀងដ៏សំខាន់មួយនៅកីឡាដ្ឋាន May Day ក្នុងទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានសរសើរ គណបក្សWPK ចំពោះការដឹកនាំប្រទេសដោយគ្មានកំហុសសូម្បីតែមួយ នៅក្នុងប្រវត្តិសាស្ត្ររយៈពេលប្រាំបីទសវត្សរ៍របស់ខ្លួន។ លោក​ក៏បាន​សរសើរ​ប្រជាជន​កូរ៉េ​ខាង​ជើងដែល​មាន​សមត្ថភាព​ជំនះ​រាល់​ឧបសគ្គ និង​សម្រេច​បាន​នូវ​វឌ្ឍនភាព​ដ៏​អស្ចារ្យ។

ពិធីនេះចូលរួមដោយគណៈប្រតិភូបរទេសជាន់ខ្ពស់មកពីប្រទេសចិន វៀតណាម និងរុស្ស៊ី ដែលគូសបញ្ជាក់អំពីទំនាក់ទំនងការទូតដ៏ស៊ីជម្រៅរបស់ទីក្រុងព្យុងយ៉ាងជាមួយសម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួន។ ក្នុង​ចំណោម​អ្នក​ចូល​រួម​មាន​នាយក​រដ្ឋមន្ត្រី​ចិនលោក Li Qiang ប្រធាន​បក្សគុម្មុយនិស្តវៀតណាមលោក To Lam និង​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី លោក Dmitry Medvedev ។

លោក គីម បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន Li Qiang ដោយហៅដំណើរទស្សនកិច្ចនេះថាជាសញ្ញានៃការគាំទ្រ និងមិត្តភាពយូរអង្វែងរបស់ទីក្រុងប៉េកាំង ខណៈដែលភាគីទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។ រីឯលោក Li បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនចំពោះទំនាក់ទំនងជិតស្និទ្ធ។ លោក គីម ក៏បានជួបជាមួយលោក To Lam ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ខណៈដែលភាគីរុស្ស៊ីលោក Dmitry Medvedev បានជួបពិភាក្សាដាច់ដោយឡែក និងចូលរួមពិធីទទួលជាផ្លូវការនៅទីក្រុងព្យុងយ៉ាង។

(រូបភាព៖ Reuters)

ការប្រារព្ធពិធីនេះបានបញ្ចប់ទៅដោយមានល្បែងប្រជាប្រិយ និងការសម្តែងសិល្បៈ ដែលហ្វូងមនុស្សបានចូលរួមអបអរសាទរចំពោះថ្នាក់ដឹកនាំ បង្ហាញពីការរួបរួម និងមោទនភាពជាតិ។

គួរកត់សម្គាល់ថា ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើងមិនបាននិយាយអំពីក្បួនដង្ហែរយោធាទ្រង់ទ្រាយធំ ដែលអ្នកសង្កេតការណ៍និងប្រទេសនានា រំពឹងថានឹងអមជាមួយការប្រារព្ធខួបនេះនោះទេ៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម