ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលប្រាប់ថាបន្តអនុវត្តបទឈប់បាញ់វិញហើយ បន្ទាប់ពីការវាយប្រហារសម្លាប់មនុស្ស៤៥នាក់នៅហ្គាហ្សា
បន្ទាប់ពីបានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើកប្រឆាំងនឹងគោលដៅរបស់ក្រុមហាម៉ាស ដោយចោទប្រកាន់ថាក្រុមសកម្មប្រយុទ្ធនេះបានវាយប្រហារលើកងទ័ពអ៊ីស្រាអែល ដែលជាការកើនឡើងធ្ងន់ធ្ងរបំផុតចាប់តាំងពីបទឈប់បាញ់ដែលទើបចាប់ផ្ដើមរយៈពេល៩ថ្ងៃ អ៊ីស្រាអែលបានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យទី១៩ខែតុលាថា ខ្លួនបានបន្តការអនុវត្តបទឈប់បាញ់នៅតំបន់ហ្គាហ្សាឡើងវិញហើយ។

យោងតាម AFP ទីភ្នាក់ងារការពារជនស៊ីវិលរបស់ហ្កាហ្សាដែលប្រតិបត្តិការនៅក្រោមអាជ្ញាធរហាម៉ាស បាននិយាយថា មនុស្សយ៉ាងហោចណាស់៤៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។ មន្ទីរពេទ្យចំនួន៤នៅហ្គាហ្សា បានបញ្ជាក់ពីចំនួនអ្នកស្លាប់ដូចគ្នាទៅកាន់ AFP ដោយរាយការណ៍ថាមានទាំងអ្នកស្លាប់និងអ្នករងរបួស។
យោធាអ៊ីស្រាអែលបានលើកឡើងថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍នៃអ្នកស្លាប់ និងរបួស ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យបានប្រកាសថា «ជាការឆ្លើយតបទៅនឹងការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីដើមថ្ងៃនេះ IDF បានចាប់ផ្តើមការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងគោលដៅភេរវកររបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូង»។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ កងទ័ពបាននិយាយថា ទាហានអ៊ីស្រាអែល២នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធភាគខាងត្បូងតំបន់ហ្គាហ្សា ដោយការិយាល័យនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីការស្លាប់បានកើតឡើងនៅទីក្រុង Rafah។
មន្ត្រីសន្តិសុខម្នាក់បានប្រាប់ AFP ថា អ៊ីស្រាអែលនឹងផ្អាកការផ្តល់ជំនួយមនុស្សធម៌ចូលទៅក្នុងហ្គាហ្សា ដោយលើកឡើងពី«ការរំលោភបំពានយ៉ាងព្រហើនរបស់ពួកហាម៉ាស»ចំពោះបទឈប់បាញ់។ កន្លងមក អ៊ីស្រាអែលបានផ្អាកការដឹកជញ្ជូនជំនួយជាច្រើនដងក្នុងអំឡុងសង្គ្រាម ដែលធ្វើឲ្យវិបត្តិមនុស្សធម៌របស់សហគមន៍កាន់តែអាក្រក់ទៅៗ ដែលអង្គការសហប្រជាជាតិបានពិពណ៌នាថា បង្កឲ្យមានទុរ្ភិក្សនៅភាគខាងជើងហ្គាហ្សា។
នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ មុននេះបានបញ្ជាឲ្យកងកម្លាំងសន្តិសុខ ចាត់វិធានការយ៉ាងខ្លាំងក្លា ប្រឆាំងនឹងគោលដៅភេរវករ នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយចោទប្រកាន់ក្រុមហាម៉ាស ពីការបំពានបទឈប់បាញ់។ រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បានព្រមានថា ក្រុមសកម្មប្រយុទ្ធហាម៉ាសនឹង«បង់ថ្លៃយ៉ាងធ្ងន់ធ្ងរសម្រាប់រាល់ការបាញ់ប្រហារ និងរាល់ការបំពានបទឈប់បាញ់» ដោយប្ដេជ្ញាថា ការឆ្លើយតបរបស់អ៊ីស្រាអែលនឹង«រឹតតែខ្លាំងក្លាឡើង»។
នៅល្ងាចថ្ងៃអាទិត្យ យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនបាន«ពង្រឹងបទឈប់បាញ់ឡើងវិញ» ដោយបន្ថែមថា ប្រតិបត្តិការនឹងបន្ត ប៉ុន្តែអ៊ីស្រាអែលនឹង«ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភលើវា»។
អំពើហិង្សាជាថ្មីនេះបានធ្វើឲ្យមានភាពមិនប្រាកដប្រជាចំពោះបទឈប់បាញ់ ទោះស្ថិតក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិកក៏ដោយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


