Connect with us

ព័ត៌មានអន្ដរជាតិ

៨ប្រទេស ថ្កោលទោស អ៊ីស្រាអែល ដែល​ធ្វើបាបសកម្មជន​ដឹក​ជំនួយ ប៉ង​ចូល​ហ្គាហ្សា

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសនៃប្រទេស​​ចំនួន​៨ រួម​មាន​ អារ៉ាប៊ីសាអូឌីត, ហ្សូដង់, អារ៉ាប់រួម, កាតា, ឥណ្ឌូណេស៊ី, ប៉ាគីស្ថាន, អេហ្ស៊ីប និតួក​គី បានរួមគ្នា​ចេញញត្តិ​ថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រព្រឹត្ត «យ៉ាងព្រៃផ្សៃ ដែល​នាំ​ដល់​អាប់​ឱន​កិត្តិយស និងមិនអាចទទួលយកបាន» លើក្រុមសកម្មជនពីកងនាវាដឹក​ជំនួយ Global Sumud Flotilla ដែលធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហ្គាហ្សា ខណៈពេលដែលពួកគេត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមុខថ្កោលទោសរួមគ្នានេះ បានកើតឡើង បន្ទាប់ពី លោក Itamar Ben-Gvir រដ្ឋមន្ត្រី​​សន្តិសុខ​ជាតិ​អ៊ីស្រាអែល ដែល​ប្រកាន់​និន្នាការ​ស្តាំនិយមជ្រុល កាលពីសប្តាហ៍មុន បានបង្ហោះវីដេអូមួយដែលបង្ហាញពីសកម្មជនជាប់ឃុំទាំងនោះ ត្រូវបានចងដៃទៅក្រោយ និង​បាន​​បង្ខំឲ្យផ្អឹបថ្ងាសទៅ​លើ​ដី ដែលបានបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំង និងរងការរិះគន់យ៉ាងចាស់ដៃផ្នែកការទូតពីអន្តរជាតិ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអូឌីត (SPA) ក្រុមរដ្ឋមន្ត្រីការបរទេស​​ខាងលើ បានលើកឡើងថា ការធ្វើទុក្ខបុកម្នេញដើម្បីបំបាក់មុខជាសាធារណៈដោយចេតនា លើអ្នកជាប់ឃុំទាំងនោះ គឺជា «ការវាយប្រហារដ៏គួរឲ្យអាម៉ាស់មួយលើសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ» និងជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែត លើកាតព្វកិច្ចរបស់អ៊ីស្រាអែល ក្រោមច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិផងដែរ។

ជាមួយគ្នានេះ ក្រុមរដ្ឋមន្ត្រី​ទាំងនោះ ក៏បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពញុះញង់ និងអំពើហិង្សាខុសច្បាប់ និងជ្រុលនិយម ដែលប្រព្រឹត្តដោយលោក Ben-Gvir ក៏ដូចជាមន្ត្រីអ៊ីស្រាអែលដទៃទៀត ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅក្នុងទឹកដីប៉ាឡេស្ទីនដែលកំពុងត្រូវបាន​​ឈ្លាន​ពាន​កាន់កាប់។

ក្រុមរដ្ឋមន្ត្រីបានព្រមានថា សកម្មភាពញុះញង់របស់លោក Ben-Gvir កំពុងតែ «ចាក់សាំងលើភ្លើងកំហឹង និងការជ្រុលនិយម ព្រមទាំងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង ផ្អែកលើដំណោះស្រាយរដ្ឋពីរ»។

ក្រុមមេដឹកនាំការបរទេសទាំងនោះ ក៏បានអំពាវនាវឲ្យមានការដកទណ្ឌកម្ម និងឲ្យលោក Ben-Gvir ទទួលខុសត្រូវចំពោះមុខច្បាប់ ព្រមទាំងជម្រុញឲ្យមានវិធានការជាក់ស្តែងដើម្បីបញ្ឈប់ ការបង្កហេតុ ការញុះញង់ និងការរំលោភបំពានដដែលៗ របស់លោក ដើម្បីបង្ការកុំឲ្យមានការគំរាមកំហែងបន្ថែមទៀត និងធានាថាសកម្មភាពបែបនេះនឹងមិនត្រូវបានអត់ឱនឲ្យ ឬកើតឡើងជាថ្មីឡើយ។

បន្ថែមលើនេះ ក្រុមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារសិទ្ធិមនុស្ស ការការពារសេចក្តីថ្លៃថ្នូររបស់អ្នកជាប់ឃុំ ការធានាឲ្យមានការប្រព្រឹត្តបែបមនុស្សធម៌ និងការគោរពច្បាប់អន្តរជាតិនៅក្នុងទឹកដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់។

គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្គាហ្សាបានផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣ មក ទឹកដីមួយនេះបានរងការខ្វះខាតស្បៀងអាហារ ថ្នាំសង្កូវ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀតយ៉ាងធ្ងន់ធ្ងរ ដោយសារតែអ៊ីស្រាអែលបានកាត់ផ្តាច់ និងបញ្ឈប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ទាំងស្រុងនៅពេលខ្លះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

លោក រូប៊ីយ៉ូ ចោទក្រុម ហេសបូឡា ថា ព្យាយាម​រុញ​លីបង់ចូលក្នុង «ភាពវឹកវរ» ក្នុងដំណាក់​កាល​ចរចា​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម