Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំជំរុញ​ប្រធានាធិបតី​អ៊ីស្រាអែល​ឲ្យ​លើកលែងទោស​ណេតាន់យ៉ាហ៊ូ ជុំវិញ​សំណុំរឿង​ពុករលួយ​

បានផុស

នៅ

ការិយាល័យ​របស់​ប្រធានាធិបតី​អ៊ីស្រាអែល លោក អ៊ីសាក់ ហឺហ្សូក (Isaac Herzog) បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ទី​១២​ខែ​វិច្ឆិកា​ថា លោក​បាន​ទទួល​លិខិត​ពី​​​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែល​ជំរុញ​ឲ្យ​លោក​ពិចារណា​ផ្តល់​ការ​លើកលែងទោស​ដល់​នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។

លោក អ៊ីសាក់ ហឺហ្សូក (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកណេតាន់យ៉ាហ៊ូ ដែល​ស្ថិត​ក្រោម​ការ​ជំនុំជម្រះ​តាំងពី​ឆ្នាំ២០២០ជុំវិញ​ការ​ចោទប្រកាន់​អំពើពុករលួយ បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​ទាំងអស់ ហើយ​បានអះអាង​ថា​ខ្លួន​មិន​មាន​ទោស​នោះ​ទេ។

នៅ​ក្នុង​លិខិត​ លោកត្រាំ បាន​ពណ៌នា​អំពី​សំណុំរឿង​ប្រឆាំង​លោកណេតាន់យ៉ាហ៊ូ ថា​ជា​ករណី​ដែល​ពាក់ព័ន្ធ​នយោបាយ។

យោង​តាម​ការិយាល័យ​របស់​លោកហឺហ្សូក លោកត្រាំ បាន​សរសេរ​ថា «ខណៈ​ដែល​ខ្ញុំ​ពិតជា​គោរព​ឯករាជ្យភាព​របស់​ប្រព័ន្ធ​យុត្តិធម៌​អ៊ីស្រាអែល ខ្ញុំ​ជឿ​ថា​សំណុំរឿង​ប្រឆាំង​នឹង Bibi (ឈ្មោះ​ហៅ​ក្រៅ​របស់​លោកណេតាន់យ៉ាហ៊ូ) ដែល​បាន​តស៊ូ​ជាមួយ​ខ្ញុំ​អស់​រយៈពេល​ជាយូរ​មក​ហើយ រួម​ទាំង​ប្រឆាំង​នឹង​គូប្រជែង​ដ៏​ធំ​បំផុត​របស់​អ៊ីស្រាអែល​គឺ​អ៊ីរ៉ង់​ផង​ដែរ គឺជា​ការ​ចោទប្រកាន់​នយោបាយ​ដែល​មិន​សម​ហេតុផល»។

ការិយាល័យ​របស់​លោកហឺហ្សូក បាន​កត់សម្គាល់​ថា រាល់​សំណើ​សុំ​ការ​លើកលែងទោស​ពី​ប្រធានាធិបតី ត្រូវ​តែ​អនុវត្ត​តាម​នីតិវិធី​ផ្លូវការ។ តំណែង​ប្រធានាធិបតី​អ៊ីស្រាអែល ទោះបីជា​ភាគច្រើន​ជា​តួនាទី​បែប​ពិធីការ​ក្តី ប៉ុន្តែ​មាន​អំណាច​ក្នុង​ការ​ផ្តល់​ការ​លើកលែងទោស​ក្នុង​ករណី​ពិសេស។

លោកត្រាំ និង​លោកណេតាន់យ៉ាហ៊ូ​ (រូបថត៖ Reuters)

លោកណេតាន់យ៉ាហ៊ូ ក្រោយ​មក​បាន​ឆ្លើយតប​​​នៅលើ​បណ្ដាញ​សង្គម X ដោយ​ថ្លែងអំណរគុណ​លោកត្រាំ​ ចំពោះ«ការ​គាំទ្រ​ដ៏​មហិមា»របស់​លោក។ លោក​បាន​សរសេរ​ថា «ដូច​រាល់ដង លោក​​និយាយ​ត្រូវ​ និង​ការ​ពិត​ចាក់​ចំ​​​ចំណុច។ ខ្ញុំ​ទន្ទឹង​រង់ចាំ​បន្ត​ភាពជា​ដៃគូ​របស់​យើង​ដើម្បី​ពង្រឹង​សន្តិសុខ និង​ពង្រីក​សន្តិភាព»។

លោកត្រាំ​ ធ្លាប់​បាន​លើកឡើង​ពី​បញ្ហា​នេះ​កាលពី​ខែ​តុលា​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ទៅ​កាន់​អ៊ីស្រាអែល ដោយ​ជំរុញ​លោកហឺហ្សូក ក្នុង​សុន្ទរកថា​ទៅកាន់​សភា​ឲ្យ​ពិចារណា​លើកលែងទោស​ដល់​នាយករដ្ឋមន្ត្រី​ដែល​ជាប់​បណ្តឹង​រូបនេះ។

លោកណេតាន់យ៉ាហ៊ូ ត្រូវ​បាន​ចោទប្រកាន់​ក្នុង​សំណុំរឿង៣​ដាច់ដោយឡែក​ពី​គ្នា​នៅ​ឆ្នាំ​២០១៩ រួម​មាន​ការ​ចោទប្រកាន់​ថា​បាន​ទទួល​អំណោយ​មាន​តម្លៃ​​ប្រហែល១៨ម៉ឺន​ដុល្លារ​ ពី​ពាណិជ្ជករ​អ្នកមាន​ដើម្បី​ជា​ថ្នូរ​នឹង​អំណោយផល​នយោបាយ។

អ្នក​គាំទ្រ​របស់​លោក រួម​ទាំង​លោកត្រាំ បាន​លើកឡើង​ថា ការ​ជំនុំជម្រះ​នេះ​គឺជា​​ការ​​ជំរុញ​ដោយកត្តា​​នយោបាយ​របស់​ក្រុម​ឆ្វេងនិយម​នៅ​អ៊ីស្រាអែល​ដើម្បី​ទម្លាក់​លោក​ណេតាន់យ៉ាហ៊ូ​ចេញពី​អំណាច។

ការ​ជំនុំជម្រះ​នេះ​កំពុង​បន្ត ហើយ​មិនទាន់​មាន​សាលក្រម​ណា​មួយ​ត្រូវ​បាន​សម្រេច​នៅឡើយ​ទេ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម