Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​បង្ហើប​ពី​ពេលវេលា ដែល​ចិនត្រៀមវាយយកតៃវ៉ាន់

បានផុស

នៅ

ប្រទេសចិនជឿជាក់ថា ខ្លួននឹងមានសមត្ថភាពក្នុងការចូលឈ្លានពានកោះតៃវ៉ាន់ដោយប្រើកម្លាំងបាយ និងបញ្ចប់ការគ្រប់គ្រងទាំងស្រុងត្រឹមឆ្នាំ​២០២៧ ដែលនេះបង្ហាញ​ឲ្យឃើញនូវអ្វីដែលមន្ត្រី​អាមេរិកពិពណ៌នាថា ជាការកសាងកម្លាំងយោធាយ៉ាងរហ័សដោយទីក្រុងប៉េកាំង។ នេះ​បើ​តាម​របាយការណ៍របស់មន្ទីរបញ្ចកោណ ដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័រទទួលបាន។

(រូបថត៖ Financial Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បានលើកឡើងថា ចិនរំពឹងថានឹងអាច«វាយប្រយុទ្ធ និងឈ្នះសង្គ្រាមលើកោះតៃវ៉ាន់នៅត្រឹមចុងឆ្នាំ២០២៧» ដោយប្រើប្រាស់យុទ្ធសាស្ត្រជាច្រើន រួមទាំងការវាយប្រហាររយៈចម្ងាយឆ្ងាយដែលបាញ់ចេញពីចម្ងាយរហូតដល់ ២០០០ម៉ាយ។

មន្ទីរបញ្ចកោណក៏បានរកឃើញផងដែរថា ប្រទេសចិនបានដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីបប្រហែល១០០គ្រាប់ នៅតាមវាលបញ្ឈរមីស៊ីល ដែលទើបនឹងសាងសង់ថ្មីចំនួនបីកន្លែង ដែលនេះកាន់តែបង្កើនការព្រួយបារម្ភនៅទីក្រុងវ៉ាស៊ីនតោនអំពីការពង្រីកសមត្ថភាពនុយក្លេអ៊ែររបស់ចិន។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាផ្នែកនៃទឹកដីរបស់ខ្លួន បាននិយាយដដែលៗថា ខ្លួននឹងមិនបោះបង់ការប្រើប្រាស់កម្លាំងបាយ ដើម្បីសម្រេចបាននូវអ្វីដែលខ្លួនហៅថា «ការបង្រួបបង្រួមជាតិឡើងវិញ» នោះឡើយ។ កាលពីខែតុលា អ្នកនាំពាក្យរដ្ឋាភិបាលរបស់ប្រធានាធិបតី ស៊ី ជីនពីង បានលើក​ឡើង​ថា ទីក្រុងប៉េកាំង​​ប្រកាន់​ខ្ជាប់​នូវ​វិធីសាស្ត្រ «ប្រទេសមួយ ប្រព័ន្ធពីរ» ប៉ុន្តែបានព្រមានថា ការប្រើប្រាស់កម្លាំងបាយនៅតែជាជម្រើស។

អ្នកនាំពាក្យចិនបាននិយាយថា «យើងមានឆន្ទៈក្នុងការបង្កើតលំហដ៏ធំទូលាយសម្រាប់ការបង្រួបបង្រួមដោយសន្តិវិធី» ដោយបន្ថែមថា ប្រទេសចិន «នឹងមិនបោះបង់ការប្រើប្រាស់កម្លាំងបាយឡើយ» ប្រសិនបើចាំបាច់។

មន្ទីរបញ្ចកោណបានព្រមានថា យុទ្ធនាការយោធារបស់ចិនប្រឆាំងនឹងតៃវ៉ាន់ អាចបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំង​អាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាការប្រឈមដោយផ្ទាល់ចំពោះវត្តមានយោធាអាមេរិកនៅទីនោះ។

របាយការណ៍ក៏បានសម្តែងការសង្ស័យចំពោះគោលដៅរបស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបញ្ចុះបញ្ចូលចិន និងរុស្ស៊ី​ឲ្យ​កាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេ ដោយនិយាយថា ទីក្រុងប៉េកាំង «គ្មានបំណង» ក្នុងការចរចាត្រួតពិនិត្យអាវុធ​ឲ្យបានទូលំទូលាយនោះទេ។

កន្លងមក ប្រទេសចិនបានច្រានចោលការវាយតម្លៃរបស់​អាមេរិកស្តីពីការពង្រីកយោធារបស់ខ្លួន ដោយចាត់ទុកថាជាការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន និងធ្វើឲ្យសហគមន៍អន្តរជាតិមានការយល់ច្រឡំ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម