Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីនផ្ញើ​សារ​សរសើរការគាំទ្រ​របស់​កងទ័ពកូរ៉េខាងជើង ដែល​ជួយ​ច្បាំង​ជាមួយអ៊ុយក្រែន

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍​នា​ថ្ងៃព្រហស្បតិ៍​​ទី​២៥​ខែ​ធ្នូ​ឆ្នាំ​២០២៥​នេះ​ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានសរសើរការបញ្ជូនកងទ័ពរបស់កូរ៉េខាងជើង ដើម្បីគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយហៅសកម្មភាពនេះថាជា «ភាពអង់អាចក្លាហាន» នៅក្នុងសារអបអរសាទរឆ្នាំថ្មីដែលបានផ្ញើជូនមេដឹកនាំ គីម ជុងអ៊ុន។

លោកគីម និង​លោក​ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមទីភ្នាក់ងារព័ត៌មាន KCNA លោកគីម បានទទួលសារនោះកាលពីថ្ងៃទី១៨​ខែធ្នូ ដែលក្នុងនោះលោក​ពូទីន បានលើកឡើងថា ឆ្នាំកន្លងទៅគឺជាឆ្នាំ «ដែលមានអត្ថន័យពិសេស» សម្រាប់ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ដោយយោងទៅលើការចូលរួមដោយផ្ទាល់របស់កូរ៉េខាងជើងនៅក្នុងសង្ក្រាម​​ប្រយុទ្ធ​ជាមួយ​អ៊ុយក្រែន។

តាមរយៈ KCNA លោកពូទីន បានបញ្ជាក់ថា «នេះបានបង្ហាញយ៉ាងច្បាស់នូវមិត្តភាពដែលមិនអាចកាត់ថ្លៃបាន និងចំណងសាមគ្គីភាពប្រយុទ្ធ» រវាងប្រទេសទាំងពីរ។

មេ​ដឹកនាំ​រុស្ស៊ី ក៏បានសង្កត់ធ្ងន់លើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលចុះហត្ថលេខាដោយភាគីទាំងពីរ ដោយមានប្រសាសន៍ថា វាបានជួយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងមនុស្សធម៌។ លោកបានប្តេជ្ញាបន្តពង្រឹងនូវអ្វីដែលលោកបានពិពណ៌នាថាជាទំនាក់ទំនង «មិត្តភាព និងសម្ព័ន្ធភាព» និងធ្វើការសម្របសម្រួលលើបញ្ហាតំបន់ និងអន្តរជាតិ។

លោកពូទីន បានបន្ថែមថា កិច្ចសហប្រតិបត្តិការបែបនេះ នឹងបម្រើដល់ផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ និងរួមចំណែកដល់អ្វីដែលលោកហៅថា «សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលដ៏យុត្តិធម៌»។

សារនេះបានសង្កត់ធ្ងន់លើការបង្កើនការរួបរួមគ្នារវាងរុស្ស៊ី និងកូរ៉េខាងជើង ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅតែបន្តស្វែងរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ រដ្ឋាភិបាលបណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថា បានផ្គត់ផ្គង់ទាំងអាវុធ និងកម្លាំងទ័ពដល់ទីក្រុងមូស្គូ ដែលជាការចោទប្រកាន់ដែលប្រទេសទាំងពីរបានបដិសេធ។

KCNA បានបញ្ចេញព័ត៌មានលម្អិតនៃសារនេះ មួយសប្តាហ៍បន្ទាប់ពីវាត្រូវបានបញ្ជូនមក ដែលអ្នកវិភាគនិយាយថា ការពន្យារពេលនេះអាចមានបំណងដើម្បីគូសបញ្ជាក់ពីការពង្រឹងចំណងមិត្តភាពជាមួយរុស្ស៊ី ចំ​​​ពេល​​ដែល​លោក​គីម​បានចុះពិនិត្យការដ្ឋានសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលនៅទីនោះលោកបានបញ្ជាក់ជាថ្មីថា កម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងមានបំណងធានាសន្តិសុខជាតិ និង«បរិយាកាសសន្តិភាព»៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម