Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី ប្រកាសប្រើ​យុទ្ធសាស្ត្រ «វាយមុន» លែង​អង្គុយរង់​ចាំឱ្យរុស្ស៊ីវាយប្រហារទៀតឡើយ

បានផុស

នៅ

សង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី បានឈានចូលដល់ដំណាក់កាលក្តៅគគុកថ្មីមួយទៀតហើយ ដោយ​កាលពីល្ងាចថ្ងៃពុធ ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាស​ក្ដែងៗ​ថា កងទ័ពរបស់លោកនឹងមិនអង្គុយចាំរងការវាយប្រហារទៀតឡើយ គឺនឹងបើកការវាយប្រហារមុន​តែម្តង ទៅលើគ្រប់ទីតាំង និងរោងចក្រទាំងឡាយណា ដែលរុស្ស៊ីកំពុងប្រើប្រាស់ ដើម្បីបម្រើឱ្យសង្រ្គាម។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការផ្សាយរបស់​រ៉យទ័រ លោក ហ្សេលេនស្គី បានចេញ​បញ្ជាផ្ទាល់មាត់ទៅកាន់ខាងទីភ្នាក់ងារចារកម្ម និងកងទ័ពអ៊ុយក្រែន ឱ្យស្វែងរក និងកម្ទេចគោលដៅផ្គត់ផ្គង់សង្រ្គាមរបស់រុស្ស៊ីឱ្យទាន់ពេលវេលា។ ផែនការបុកចំចំណុចខ្សោយផ្នែកថាមពលនេះ គឺធ្វើឡើងក្នុងគោលបំណងធំតែមួយគត់ គឺចង់គាបសង្កត់ និងបង្ខំឱ្យទីក្រុងមូស្គូគ្មានជម្រើស ក្រៅពីព្រមព្រៀងចូលតុចរចា ដើម្បីបញ្ចប់សង្រ្គាម។

គ្រាន់តែនៅក្នុងថ្ងៃពុធនោះភ្លាម ដ្រូនរបស់អ៊ុយក្រែន បានហោះទៅកាត់ផ្តាច់ចរន្តអគ្គិសនីឡើងងងឹតឈឹងពេញទីក្រុងធំជាងគេនៅតំបន់គ្រីមៀ ដែលជាទឹកដីអ៊ុយក្រែន ប៉ុន្តែត្រូវបានរុស្ស៊ីកាត់យកទៅគ្រប់គ្រង។ មិនត្រឹមតែប៉ុណ្ណោះ ដ្រូនរបស់អ៊ុយក្រែន ក៏បានហោះចូលទៅបំផ្លាញគោលដៅសំខាន់ៗជាច្រើនទៀតនៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសរុស្ស៊ីផងដែរ។ ការណ៍នេះ បានធ្វើឱ្យវិបត្តិអត់ប្រេងនៅក្នុងប្រទេសរុស្ស៊ីកាន់តែធ្លាក់ដុនដាបខ្លាំងឡើងៗ ព្រោះតែអ៊ុយក្រែននៅតែបន្តយុទ្ធនាការតាមកម្ទេចរោងចក្រចម្រាញ់ប្រេង និងប្រភពថាមពលរបស់រុស្ស៊ីមិនដកដៃទាល់តែសោះ។

ការខូចខាតធ្ងន់ធ្ងរជាងគេ គឺបានធ្លាក់ទៅលើរោងចក្រចម្រាញ់ប្រេងដ៏ធំមួយ នៅក្នុងទីក្រុងមូស្គូផ្ទាល់តែម្តង។ ប្រភពពីខាងផ្នែកឧស្សាហកម្មប្រេង បានបង្ហើបឱ្យដឹងថា រោងចក្រនេះរងការខូចខាតដំណំខ្លាំងណាស់ ពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន រហូតដល់ត្រូវបង្ខំចិត្តបិទទ្វារឈប់ដំណើរការយ៉ាងហោចណាស់ក៏កន្លះឆ្នាំដែរ។ បញ្ហានេះ កំពុងតែធ្វើឱ្យរុស្ស៊ីឈឺ​ក្បាលយ៉ាងខ្លាំង ក្នុងការដោះស្រាយវិបត្តិអត់ប្រេងឥន្ធនៈប្រើប្រាស់ នៅក្នុងប្រទេសដែលមានផ្ទៃដីធំជាងគេបំផុតនៅលើពិភពលោកមួយនេះ។

ជាធម្មតា រុស្ស៊ីកម្រនឹងបង្ហាញរឿងរ៉ាវមិនល្អនៅក្នុងប្រទេសខ្លួនណាស់ ប៉ុន្តែតាមទិន្នន័យផ្លូវការដ៏កម្រមួយដែលទើបតែលេចឮកាលពីថ្ងៃពុធ បានបង្ហាញថា ការផលិតប្រេងឥន្ធនៈ និងធ្យូងថ្មរបស់រុស្ស៊ី បានធ្លាក់ចុះរហូតដល់ទៅ ១៣,៥ភាគរយ នៅក្នុងខែឧសភា បើធៀបទៅនឹងឆ្នាំមុន ដែលវា​ជាការធ្លាក់ចុះយ៉ាងគំហុកនឹកស្មាន​មិនដល់។

គួររំលឹកផងដែរថា រុស្ស៊ីគឺជាអ្នកផលិតប្រេងធំជាងគេលំដាប់ទីបីនៅលើពិភពលោក ប៉ុន្តែចាប់តាំងពីពួកគេបានបើកការវាយលុកចូលលុកលុយប្រទេសអ៊ុយក្រែនពេញទំហឹងកាលពីឆ្នាំ២០២២ មក ទីក្រុងមូស្គូបានសម្រេចចិត្តលាក់បាំង និងឈប់ផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ដែលទាក់ទងនឹងការផលិត និងការនាំចេញប្រេងរបស់ខ្លួន ដើម្បីកុំឱ្យពិភពលោកដឹងពីចំណុចខ្សោយរបស់ខ្លួន៕

ការវាយប្រហារ​របស់​អ៊ុយក្រែន​លើ​រុស្ស៊ី កាលថ្ងៃទី១៨មិថុនា២០២៦ (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម