Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រាប់ឲ្យគុយបា ឆាប់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ប្រយ័ត្នហួសពេល

បានផុស

នៅ

ពិភពលោកកំពុងតាមដានខ្លាំងចំពោះមហិច្ឆតារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បន្ទាប់ពីលោកវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា។ មេដឹកនាំមហាអំណាចផុតលេខមួយនេះ បានបង្ហើបពីគោលដៅជាច្រើន ដែលអាចបើកប្រតិបត្តិការបន្ទាប់ដូចជាប្រទេសកូឡុំប៊ី គុយបា ម៉ិកស៊ិក និងកោះ Greenland ជាដើម។

ប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ពាក់ព័ន្ធគុយបា លោកត្រាំ បានព្រមានឲ្យប្រទេសនេះ ឆាប់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ប្រយ័ត្នហួសពេល ដ្បិតលោកមិនបញ្ជាក់ថាតើកិច្ចព្រមព្រៀងនោះជាអ្វីក៏ដោយ។

បង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី១១ខែមករាឆ្នាំ២០២៦ ប្រមុខសេតវិមានសរសេរថា៖ «អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលគុយបា រស់ដោយសារវ៉េណេស៊ុយអេឡា ផ្ដល់ប្រេងនិងទឹកប្រាក់ ឲ្យយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាការដោះដូរ គុយបាបានផ្ដល់សេវាសន្តិសុខដល់មេដឹកនាំផ្ដាច់ការវ៉េណេស៊ុយអេឡាពីររូបចុងក្រោយវិញ ប៉ុន្តែចាប់ពីពេលនេះទៅ នឹងមិនមានរឿងបែបនេះកើតឡើងទៀតឡើយ!។ នឹងមិនមានលំហូរប្រេងឬទឹកប្រាក់ ចូលទៅក្នុងប្រទេសគុយបាទៀតទេ — គឺសូន្យតែម្ដង! ខ្ញុំសូមណែនាំឲ្យពួកគេធ្វើកិច្ចព្រមព្រៀងឲ្យហើយទៅ មុនពេលអ្វីៗហួសពេល»។

ប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

យ៉ាងណា រដ្ឋមន្ត្រីការបរទេសគុយបា Bruno Rodriguez អះអាងថា ប្រទេសដីកោះក្នុងតំបន់ការ៉ាប៊ីនមួយនេះ មានសិទ្ធិក្នុងការនាំចូលប្រេងឥន្ធនៈពីអ្នកនាំចេញណាដែលស្ម័គ្រចិត្ត ដោយគ្មានការជ្រៀតជ្រែកឬការចុះចូលចំពោះវិធានការបង្ខិតបង្ខំឯកតោភាគីរបស់សហរដ្ឋអាមេរិកឡើយ។

លោកបន្ថែមថា គុយបាមិនដូចសហរដ្ឋអាមេរិកទេ ពោលគឺគុយបាមិនយកខ្លួនទៅពាក់ព័ន្ធនឹងការគំរាមកំហែង ឬការបង្ខិតបង្ខំផ្នែកយោធាប្រឆាំងនឹងរដ្ឋដទៃឡើយ។

រដ្ឋមន្ត្រីការបរទេសគុយបា Bruno Rodriguez (រូបថត៖ Reuters)

កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា គុយបា មិនអាចរស់បានទេ បើគ្មានប្រេងរបស់វ៉េណេស៊ុយអេឡា។

ទំនាក់ទំនងរវាងគុយបានិងវ៉េណេស៊ុយអេឡា មិនមែនគ្រាន់តែជាមិត្តភាពនយោបាយធម្មតានោះទេ ប៉ុន្តែវាគឺជាការពឹងផ្អែកគ្នាទៅវិញទៅមក ជាពិសេសលើផ្នែកថាមពលនិងសេដ្ឋកិច្ច។ ក្រោមកិច្ចព្រមព្រៀងការ៉ាកាសតាំងពីសម័យលោក ហ៊ូហ្គោ ឆាវេស, វ៉េណេស៊ុយអេឡាបានផ្គត់ផ្គង់ប្រេងឲ្យគុយបា ចន្លោះពី ៥០ ០០០ ដល់ ១០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម