Connect with us

ព័ត៌មានអន្ដរជាតិ

​​លោកស្រី Meloni ប្រាប់ថា មិនស្តាយក្រោយទេ ដែលស្គាល់ ត្រាំ ទោះបីធ្លាប់ឌឺដងដាក់គ្នាពីមុនក៏ដោយ

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានលើកឡើងនៅថ្ងៃទី៨ ខែកក្កដា ថា លោកស្រី​មិនមានការស្តាយក្រោយឡើយ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បើទោះបីជាមានការខ្វែងគំនិតគ្នាជាសាធារណៈជាបន្តបន្ទាប់ ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងមិត្តភាពចាស់ៗក៏ដោយ។

រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ទេ ខ្ញុំដាច់ខាតមិនស្តាយក្រោយចំពោះអ្វីដែលខ្ញុំបានធ្វើនោះឡើយ» លោកស្រី Meloni បានថ្លែងនៅក្នុងទីក្រុងអង់ការ៉ា នាចុងបញ្ចប់នៃកិច្ចប្រជុំកំពូលណាតូ ដែលមានការចូលរួមពីលោក ត្រាំ ផងដែរ នៅពេលត្រូវបានគេសួរថា តើលោកស្រីមានការរាក់រែកចិត្តដែរឬទេ ចំពោះទុននយោបាយដែលលោកស្រីបានវិនិយោគជាមួយប្រធានាធិបតីអាមេរិករូបនេះ។

មេដឹកនាំអ៊ីតាលី បានបន្ថែមថា «ខ្ញុំបានធ្វើការវិនិយោគផ្នែកនយោបាយនោះ ពីព្រោះខ្ញុំជឿជាក់លើសាមគ្គីភាពរបស់ប្លុកលោកខាងលិច។ វាមិនមែនជាយុទ្ធសាស្ត្រដែលខ្ញុំទើបតែអនុវត្តនៅពេល ត្រាំ មកដល់នោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រដែលខ្ញុំបានប្រកាន់ខ្ជាប់ជាមួយសមភាគីទាំងអស់របស់ខ្ញុំ»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters

លោកស្រីក៏បានទទួលស្គាល់ថា រឿងរ៉ាវនានាកំពុងដើរទៅរកផ្លូវដូចដែលគ្រប់គ្នាបានឃើញហើយ រវាងលោកស្រី និងលោក ត្រាំ ប៉ុន្តែលោកស្រីបានសង្កត់ធ្ងន់ថា ពួកគេទាំងពីរនៅតែមានចំណុចរួមគ្នាលើបញ្ហាមួយចំនួន រួមទាំងបញ្ហាអន្តោប្រវេសន៍ និងការប្រឆាំងទៅនឹងអ្វីដែលលោកស្រីបានពិពណ៌នាថាជា «វប្បធម៌ភ្ញាក់រលឹក »។

លោកស្រី Meloni ធ្លាប់ត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរូបរបស់លោក ត្រាំ នៅតំបន់អឺរ៉ុប ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មេដឹកនាំស្រ្តីរូបនេះ បានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារពីសំណាក់មេដឹកនាំអាមេរិក ទាំងនៅក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ និងការបង្ហោះនៅលើបណ្តាញសង្គម។

ការរិះគន់ជាសាធារណៈលើកដំបូងរបស់លោក ត្រាំ មកលើលោកស្រី Meloni បានកើតឡើងកាលពីខែមេសា បន្ទាប់ពីលោកស្រីបានស្តីបន្ទោសរូបលោក ចំពោះការវាយប្រហារលើសម្តេចប៉ាប លីអូ ជុំវិញការថ្កោលទោសរបស់សម្តេចប៉ាបចំពោះសង្គ្រាមអ៊ីរ៉ង់។ មិនតែប៉ុណ្ណោះ កាលពីខែមីនា អ៊ីតាលីក៏បានបដិសេធមិនផ្តល់ការអនុញ្ញាតឲ្យយន្តហោះយោធាអាមេរិក ដែលធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ចុះចតនៅមូលដ្ឋានទ័ពអាកាស Sigonella ក្នុងកោះ Sicily នោះឡើយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក ត្រាំ បើកកកាយមូលហេតុពិត ពីក្រោយភាពរកាំរកូស ជាមួយនាយករដ្ឋមន្ត្រី អ៊ីតាលី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម