Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ច្រឡំមាត់ហៅអ៊ីរ៉ង់ថា «ជប៉ុន» និងហៅ លោក ហ្សេលេនស្គី ថា «ពូទីន» ផ្អើលពេញកិច្ចប្រជុំណាតូ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយច្រឡំយ៉ាងធ្ងន់ធ្ងរ ដោយហៅប្រទេសអ៊ីរ៉ង់ថាជា «សាធារណរដ្ឋឥស្លាមជប៉ុន» នៅពេលលោកកំពុងរៀបរាប់អំពីព្រឹត្តិការណ៍ដែលនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Abraham Lincoln រងការកំណត់គោលដៅវាយប្រហារនៅក្នុងសមុទ្រអារ៉ាប់។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្រៅកិច្ចប្រជុំកំពូលណាតូ នៅលើទឹកដីតួកគី កាលពីថ្ងៃទី៨ ខែកក្កដា លោក ត្រាំ បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា «យើងមាននាវា USS Abraham Lincoln ដែលជានាវាផ្ទុកយន្តហោះចម្បាំងដ៏ធំ និងស្រស់ស្អាតបំផុតមួយក្នុងលោក។ កាលពីប៉ុន្មានខែមុន វាត្រូវបានកំណត់គោលដៅវាយប្រហារដោយ សាធារណរដ្ឋឥស្លាមជប៉ុន ជាមួយនឹងគ្រាប់មីស៊ីលចំនួន ១១១គ្រាប់»។

មេដឹកនាំអាមេរិករូបនេះបានបន្តថា គ្រាប់មីស៊ីលទាំងនោះត្រូវបានបាញ់បង្ហោះឡើងក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ ប៉ុន្តែត្រូវបានស្ទាក់ចាប់ទាំងស្រុងដោយកងកម្លាំងអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន USA TODAY

ភ្លាមៗបន្ទាប់ពីនោះ លោក ត្រាំ បានបន្តបង្កការភាន់ច្រឡំមួយទៀត ដោយបានសួរទៅកាន់ក្រុមអ្នកកាសែតថា៖ «តើអ្នកមានសំណួរអ្វីសម្រាប់ប្រធានាធិបតី ពូទីន ទេ?» ប៉ុន្តែបែរជាងាកទៅរកលោក ហ្សេលេនស្គី ទៅវិញ។ នៅពេលអ្នកកាសែតបានជួយកែតម្រូវរឿងនិយាយច្រឡំនេះ លោកបានពន្យល់បកស្រាយវិញថា អ្វីដែលលោកចង់មានន័យពិតប្រាកដនោះគឺ ប្រសិនបើមាននរណាម្នាក់មានសំណួរចង់សួរប្រធានាធិបតីរុស្ស៊ី លោកអាចនឹងជួយសួរឲ្យ នៅពេលលោកជួបជាមួយមេដឹកនាំវិមានក្រឹមឡាំង។

នៅក្នុងការផ្តល់កិច្ចសម្ភាសន៍បន្ទាប់មកទៀត លោក ត្រាំ ក៏ហាក់ដូចជាបានហៅកម្មវិធីវីដេអូខ្លីដ៏ល្បី TikTok ច្រឡំថាជា «Tic Tac» ព្រមទាំងបានពិពណ៌នាអំពីប្រធានាធិបតីតួកគី លោក Tayyip Erdogan ថាជាមេដឹកនាំនៃ «ក្រុមហ៊ុនដ៏អស្ចារ្យមួយ» មុនពេលលោកកែតម្រូវឡើងវិញភ្លាមៗថាជា «ប្រទេសដ៏អស្ចារ្យមួយ»។

ការនិយាយខុសផ្ទួនៗគ្នានេះ បានដុតបញ្ឆេះឲ្យមានការព្រួយបារម្ភជាថ្មី ជុំវិញបញ្ហាសុខភាពរបស់លោក ត្រាំ ដែលទើបតែបានឈានចូលវ័យ ៨០ឆ្នាំ កាលពីថ្ងៃ ទី១៤ ខែមិថុនា កន្លងទៅ។ ភ្លាមៗនោះ សមាជិកគណបក្សប្រជាធិបតេយ្យបានបើកការវាយប្រហារភ្លែត ដោយលើកឡើងថា លោកតែងតែថ្លែងសុន្ទរកថា «វែងអន្លាយ រញ៉េរញ៉ៃ និងច្របូកច្របល់» ខណៈដែលមេដឹកនាំបក្សភាគច្រើននៅក្នុងព្រឹទ្ធសភា លោក Chuck Schumer បានពិពណ៌នាថា ព្រឹត្តិការណ៍នេះគឺជា រឿងដ៏គួរឲ្យអាម៉ាស់មួយសម្រាប់អាមេរិកនៅលើឆាកអន្តរជាតិ។

គួររម្លឹកផងដែរថា នៅក្នុងកិច្ចប្រជុំកំពូលណាតូ កាលពីឆ្នាំ២០២៤ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ធ្លាប់បាននិយាយខុសដូចគ្នាផងដែរ ដោយបានណែនាំលោក ហ្សេលេនស្គី ទៅកាន់អង្គប្រជុំថាជា «ប្រធានាធិបតី ពូទីន»៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

​​លោក ពូទីន អះអាងថា សត្រូវព្យាយាមបំផ្លាញសេដ្ឋកិច្ច តែប្រព័ន្ធថាមពល រុស្ស៊ី នៅតែរឹងមាំបំផុតក្នុងលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម