Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ដឹកនាំ​តៃវ៉ាន់ ជំរុញ​ឲ្យសភាឈប់​រារាំង​កញ្ចប់ថវិកាការពារពិសេសចំនួន ៤០​ពាន់លានដុល្លារ

បានផុស

នៅ

នៅក្នុងការប្រឈមមុខដាក់គ្នាដ៏តានតឹងជុំវិញសុវត្ថិភាពរបស់កោះតៃវ៉ាន់ លោក​ប្រធានាធិបតី Lai Ching-te បានព្រមានថា តៃវ៉ាន់មិនអាចយកបញ្ហារស់រានមានជីវិតរបស់ខ្លួនមកលេងល្បែងនយោបាយបានទេ ខណៈដែលការគំរាមកំហែងកាន់តែមានកម្រិតខ្ពស់។

លោក Lai Ching-te (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់​រ៉យទ័រ នា​ថ្ងៃពុធ​ទី​១១​ខែ​កុម្ភៈ​ឆ្នាំ​២០២៦​នេះ លោក Lai បានអំពាវនាវដោយផ្ទាល់ទៅកាន់សភាដែលគ្រប់គ្រងដោយបក្សប្រឆាំង ​ឲ្យអនុម័តកញ្ចប់ថវិកាការពារជាតិពិសេសចំនួន ៤០​ពាន់លានដុល្លារ ដែលកំពុងជាប់គាំង។ លោក​យល់ថា ការបង្កើនការចំណាយនេះគឺ​ដើម្បីទប់ទល់នឹងការគំរាមកំហែងពីចិន ប៉ុន្តែបក្សប្រឆាំង Kuomintang (KMT) បានរារាំងសេចក្តីព្រាងច្បាប់នេះ ដោយចង់បានជម្រើសដែលចំណាយតិចជាងមុន។

ថ្លែងចេញពីវិមានប្រធានាធិបតី លោក Lai បានបដិសេធចំពោះការចោទប្រកាន់ដែលថា លោកទាមទារ​ឲ្យ​មានការអនុម័តដោយគ្មានលក្ខខណ្ឌ ដោយលោកបញ្ជាក់ថា រដ្ឋាភិបាលត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានលម្អិតនៃផែនការនេះ។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាគណបក្សនយោបាយមានការប្រកួតប្រជែងគ្នាក៏ដោយ ក៏​បញ្ហាការពារជាតិគួរតែជា «រណសិរ្សរួម»។ យោងតាមមេ​ដឹកនាំ​តៃវ៉ាន់ ការរារាំងការអភិវឌ្ឍវិស័យយោធាក្នុងអំឡុងពេលដែលមានសម្ពាធពីខាងក្រៅកាន់តែខ្លាំង​បែបនេះ គឺកំពុងដាក់អធិបតេយ្យភាព និងការរស់រានរបស់តៃវ៉ាន់​ឲ្យ​ស្ថិតក្នុងហានិភ័យ។

លោក Lai បានបញ្ជាក់​​ទៀត​ថា ការពង្រឹងវិស័យការពារជាតិរបស់តៃវ៉ាន់ គឺជាភាពចាំបាច់ដើម្បីការពារខ្លួន មិនមែនជាទង្វើឈ្លានពាន​នរណា​ម្នាក់​នោះទេ។ លោក​បាន​សង្កត់​ធ្ងន់​ថា «តៃវ៉ាន់ចង់បានសន្តិភាព ប៉ុន្តែមិនអាចមានការរំពឹងទុកដោយគ្មានមូលដ្ឋានឡើយ» ដោ​យ​កត់សម្គាល់ថា គោលដៅចម្បងគឺគ្រាន់តែការពាររបៀបរស់នៅរបស់ប្រជាជនលើកោះនេះតែប៉ុណ្ណោះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម