Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាសដាក់ពន្ធគយថ្មី ១០% ជាសកល បន្ទាប់ពីចាញ់ក្ដីនៅតុលាការកំពូល

បានផុស

នៅ

បន្ទាប់ពីតុលាការកំពូលអាមេរិក សម្រេចថា លោក ដូណាល់ ត្រាំ គ្មានអំណាចតាមផ្លូវច្បាប់ ក្នុងការដាក់ពន្ធគយជាសកលនោះ ស្រាប់តែប្រធានាធិបតីរូបនេះ ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ហើយក៏ប្រកាសដាក់ពន្ធថ្មី១០%ជាសកលវិញ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ក្រោយវិលត្រឡប់មកសេតវិមានវិញកាលពីឆ្នាំមុន លោក ត្រាំ បានដាក់ពន្ធគយ ២៥% លើទំនិញមកពីប្រទេសកាណាដានិងម៉ិកស៊ិក ហើយក្រោយមកក៏ប្រកាសដាក់ពន្ធគយគោល ១០% លើប្រទេសជាច្រើនទៀតដែលលោកចោទថាបានកេងចំណេញពីសហរដ្ឋអាមេរិក។

មិនត្រឹមប៉ុណ្ណឹង លោកក៏ប្រើប្រាស់ពាណិជ្ជកម្មជាឥទ្ធិពលនយោបាយផងដែរ ដោយគំរាមដាក់ពន្ធគយបន្ថែមលើបណ្តាប្រទេសនៅអឺរ៉ុបទាំងឡាយណា ដែលប្រឆាំងផែនការអាមេរិក ក្នុងការកាត់យកកោះ Greenland ពីដាណឺម៉ាក។

យ៉ាងណា បើតាមការផ្សាយរបស់ RT កាលពីថ្ងៃសុក្រទី២០ខែកុម្ភៈ, តុលាការកំពូលអាមេរិក បានបោះឆ្នោតក្នុងសំឡេង ៦ ទល់នឹង ៣ ដោយកាត់សេចក្តីថា លោក ត្រាំ គ្មានអំណាចតាមផ្លូវច្បាប់ ក្នុងការដាក់ពន្ធគយជាសកលតាមរយៈការប្រើប្រាស់ ច្បាប់អំណាចសេដ្ឋកិច្ចក្នុងគ្រាអាសន្នអន្តរជាតិ (IEEPA) ឆ្នាំ១៩៧៧ នោះឡើយ។ តុលាការ បញ្ជាក់ថា មានតែសភាអាមេរិកប៉ុណ្ណោះ ដែលមានអំណាចធំក្នុងការដាក់ពន្ធដារ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ប្រតិកម្មទៅរឿងនេះ លោកត្រាំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយហៅវាថាជា «រឿងដ៏អាម៉ាស់» និងបានរិះគន់កប់ៗមាត់ លើចៅក្រមដែលបោះឆ្នោតប្រឆាំងលោក ជាពិសេសចៅក្រមដែលលោកធ្លាប់តែងតាំងផ្ទាល់ដៃដូចជាលោក Neil Gorsuch និងលោកស្រី Amy Coney Barrett។

ភ្លាមមៗនោះ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏ដាក់ចេញនូវ «ផែនការបម្រុង» ដោយប្រើប្រាស់មាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដើម្បីដាក់ពន្ធគយ ១០% ជាសកលវិញ ប៉ុន្តែច្បាប់នេះមានកម្រិត ដោយអនុញ្ញាតឲ្យអនុវត្តបានត្រឹមតែ ១៥០ ថ្ងៃប៉ុណ្ណោះ មុននឹងត្រូវការការយល់ព្រមពីសភា។

នេះគឺជាការបរាជ័យផ្នែកច្បាប់ដ៏ធំមួយសម្រាប់រដ្ឋបាលលោក ត្រាំ ក្នុងអាណត្តិទី២ ប៉ុន្តែលោកនៅតែព្យាយាមស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីបន្តគោលនយោបាយពន្ធគយរបស់លោកដដែល៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម