Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាស បន្តផ្អាកវាយប្រហារលើរោងចក្រថាមពលអ៊ីរ៉ង់ ១០ថ្ងៃទៀត

បានផុស

នៅ

បន្ទាប់ពីឱសានវាទ៥ថ្ងៃឈានដល់ទីបញ្ចប់ ឥឡូវប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសបន្តផ្អាកវាយប្រហារលើរោងចក្រថាមពលរបស់អ៊ីរ៉ង់រយៈពេល១០ថ្ងៃទៀត ដែលនេះបង្ហាញសញ្ញាវិជ្ជមានថា ភាគីទាំងពីរប្រហែលមានកិច្ចចរចានៅក្រោយឆាក ឈានឆ្ពោះទៅរកការបញ្ចប់ជម្លោះ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមីនាឆ្នាំ២០២៦ ​ប្រមុខសេតវិមានវ័យ៧៩ឆ្នាំបានសរសេរថា៖ «តាមសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ង់ សូមទុកឲ្យសេចក្តីថ្លែងការណ៍នេះតំណាងឲ្យការបញ្ជាក់ថា ខ្ញុំនឹងផ្អាកការបំផ្លិចបំផ្លាញរោងចក្រថាមពលរយៈពេល ១០ថ្ងៃ រហូតដល់ថ្ងៃចន្ទទី៦ខែមេសាឆ្នាំ២០២៦ វេលាម៉ោង ៨ យប់។ ការចរចាកំពុងបន្ត ហើយបើទោះបីជាមានសេចក្តីថ្លែងការណ៍មិនត្រឹមត្រូវដែលផ្ទុយពីនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងអ្នកដទៃទៀតក៏ដោយ ក៏ការចរចាទាំងនោះកំពុងប្រព្រឹត្តទៅយ៉ាងរលូន»។

រឿងនេះកើតឡើង លោកត្រាំ ប្រកាសពន្យារពេលរាល់ការវាយប្រហារយោធាទាំងអស់ទៅលើរោងចក្រអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ រយៈពេលប្រាំថ្ងៃ ដោយអះអាងថា ព្រោះតែលទ្ធផលជោគជ័យនៃកិច្ចប្រជុំ និងការពិភាក្សាជាមួយទីក្រុងតេហេរ៉ង់។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ជុំវិញរឿងនេះ ប្រធានាធិបតីអាមេរិក បានបង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី២៣ខែមីនាឆ្នាំ២០២៦ ថា៖ «សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានមានកិច្ចសន្ទនាដ៏ល្អប្រសើរ និងប្រកបដោយផលិតផលខ្ពស់ ពាក់ព័ន្ធនឹងការដោះស្រាយឲ្យបានពេញលេញ និងទាំងស្រុងនូវអរិភាពរបស់យើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ផ្អែកលើខ្លឹមសារ និងបរិយាកាសនៃកិច្ចសន្ទនាដ៏ស៊ីជម្រៅ លម្អិត និងប្រកបដោយស្មារតីស្ថាបនាទាំងនេះ ដែលនឹងបន្តប្រព្រឹត្តទៅពេញមួយសប្តាហ៍ ខ្ញុំបានណែនាំដល់ក្រសួងសង្គ្រាមឲ្យពន្យារពេលរាល់ការវាយប្រហារយោធាទាំងអស់ទៅលើរោងចក្រអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ក្នុងរយៈពេលប្រាំថ្ងៃ ដោយផ្អែកលើលទ្ធផលជោគជ័យនៃកិច្ចប្រជុំ និងការពិភាក្សាដែលកំពុងបន្ត»។

ក្រោយមកទៀត លោកត្រាំ ក៏ធ្វើឲ្យ​ពិភពលោកចាប់អារម្មណ៍សាជាថ្មី តាមរយៈការទម្លាយថា ខាងភាគីអ៊ីរ៉ង់បានផ្ដល់ «កាដូដ៏ធំ​បំផុត» មួយពាក់ព័ន្ធនឹងវិស័យប្រេង ឧស្ម័ន និងច្រកសមុទ្រ Hormuz ពោលគឺអ៊ីរ៉ង់ ព្រមឲ្យកប៉ាល់ដឹកប្រេងអាចឆ្លងកាត់ច្រកនេះបាន។

លោកត្រាំ បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំលើការចរចា ដើម្បីបញ្ចប់សង្គ្រាមដែលបានអូសបន្លាយពេល៤​សប្តាហ៍មកនេះ ដោយលោក​ថា វ៉ាស៊ីនតោនកំពុងដើរលើផ្លូវត្រូវ និងបានជួបចរចាជាមួយ «មនុស្សត្រូវ» ទោះបីជាខាងទីក្រុងតេហេរ៉ង់ ចេញមុខបដិសេធថាមិនបានចូលរួមក្នុងការចរចានេះក៏ដោយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម